ភ្នំពេញ ៖ ក្នុងពិធីសំណេះសំណាលជាមួយមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សែន នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ការផ្តល់ជំនួយទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ា គឺជាការចូលរួមចំណែកនៅក្នុងសហគមន៍ ដោយធ្វើទៅតាមលទ្ធភាព។
សម្តេចតេជោ មានប្រសាសន៍យ៉ាងដូច្នេះថា ៖ «អ្នកខ្លះគឺឌឺមកឱ្យខ្ញុំថា ខ្លួនឯងដោះស្រាយមិនចេញផង ទៅគិតដល់រឿងគេ។ បាទ! សូមអ្នកនិយាយអីនិយាយចុះ ក៏ប៉ុន្តែក្នុងឋានៈជាអ្នកដែលចូលរួមចំណែកនៅក្នុងសហគមន៍អន្តរជាតិ ខ្ញុំមានកាតព្វកិច្ចចូលរួមជាមួយនឹងរដ្ឋដទៃទៀត ប្រជាជាតិដទៃទៀត ដើម្បីផ្តល់ជំនួយតាមលទ្ធភាពដែលអាចធ្វើទៅបាន។ កម្ពុជាមិនមែនគ្រាន់តែ ផ្តល់ជំនួយផ្នែកវិស័យវេជ្ជសាស្រ្ត ទៅដល់មិត្តឡាវ ទៅដល់មីយ៉ាន់ម៉ា ហើយខ្ញុំត្រៀមទុកនឹងធ្វើអន្តរាគមន៍នៅទីម័រខាងកើត»៕