គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំការបោះឆ្នោតសាកល្បងឆ្នាំ២០២១ខាងមុខ តាមរយៈប្រព័ន្ធបច្ចេកវិទ្យា ក្រោមជំនួយបច្ចេកទេសពីភាគីជប៉ុន។
គម្រោងសាកល្បងការបោះឆ្នោតបែបថ្មីរបស់ គ.ជ.ប ដូច្នេះធ្វើឡើងបន្ទាប់ពីមានជំនួបផ្ទាល់រវាង លោក ស៊ិក ប៊ុនហុក ប្រធានគជប និងលោកស្រី ហារូកូ កាម៉ី ប្រធានអង្គការJICAប្រចាំកម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកានេះ។
គណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំការបោះឆ្នោតសាកល្បងនៅឆ្នាំ២០២១ខាងមុខ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។ ការបោះឆ្នោតនេះ នឹងរួមបញ្ចូលមានដូចជា ការចុះឈ្មោះគណបក្សនយោបាយ និងបេក្ខជន និងការបូកសរុបលទ្ធផលតាមប្រព័ន្ធអនឡាញ។
ការបូកសរុបលទ្ធផលតាមប្រព័ន្ធអនឡាញនេះរួមមាន ការបញ្ជូន និងទទួលលទ្ធផលបឋម ការបែងចែកអាសនៈគណបក្ស ព្រមទាំងការស្រង់ឈ្មោះបេក្ខភាពជាប់ឆ្នោត ក៏សុទ្ធសឹងតែប្រព្រឹត្តទៅតាមប្រព័ន្ធកុំព្យូទ័រទាំងអស់។
លោក ស៊ិក ប៊ុនហុក ប្រធានគ.ជ.ប បានលើកឡើងថា បើលទ្ធផលនៃការបោះឆ្នោតសាកល្បងឆ្នាំ២០២១នេះ ទទួលបានលទ្ធផលជោគជ័យ នោះគជបនឹងរៀបចំបោះឆ្នោតឆ្នាំ២០២២ និងការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ តាមរយៈប្រព័ន្ធបច្ចេកវិទ្យានេះដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គជប នៅថ្ងៃព្រហស្បតិ៍ ទី២៦វិច្ឆិកានេះ។