Alynana Media Cambodia
Icon Collap
clinic narit

វៀតណាម កំពុងសិក្សា និងពន្លឿនគម្រោងតភ្ជាប់ផ្លូវដែកពី ភ្នំពេញ-ក្រុងហូជីមិញ ឲ្យឆាប់លេចចេញជារូបរាង

Admin Alynana | Nov 27, 2020
វៀតណាម កំពុងសិក្សា និងពន្លឿនគម្រោងតភ្ជាប់ផ្លូវដែកពី ភ្នំពេញ-ក្រុងហូជីមិញ ឲ្យឆាប់លេចចេញជារូបរាង
Clinic narith

នេះបើតាមការឱ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២០ ដោយមាន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាសហប្រធានជាមួយភាគីវៀតណាម បានដឹកនាំកិច្ចប្រជុំទ្វេភាគី ស្ដីពីការធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងកម្ពុជា និងវៀតណាម តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយដោយកិច្ចប្រជុំនេះបានធ្វើឡើងដើម្បីពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយទាក់ទងនឹងការកកស្ទះចរាចរណ៍នៅ ច្រកទ្វារព្រំដែនសំដៅឱ្យធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរកាន់តែមានភាពប្រសើរឡើង និងទំហំពាណិជ្ជកម្មកាន់តែកើនឡើង។

ថ្លែងនៅក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ កម្ពុជាបាន និងកំពុងសាងសង់ ពង្រីក និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជាប្រព័ន្ធទាំងផ្លូវគោក ផ្លូវទឹក និងកំពង់ផែ ដើម្បីតភ្ជាប់ប៉ូលពាណិជ្ជកម្មសំខាន់ៗរបស់ព្រះរាជាណាចក្រកម្ពុជាទៅកាន់ច្រកទ្វារព្រំដែន តួយ៉ាងដូចជា៖ ផ្លូវជាតិលេខ១ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវជាតិលេខ៣៣ ផ្លូវក្នុងក្រុងព្រះសីហនុ និងផ្លូវក្នុងក្រុងសៀមរាបជាដើម ដើម្បីធានាខ្សែសង្វាក់ដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព។ 
ជាមួយគ្នានោះផងដែរ ខាងភាគីវៀតណាមក៏បានបង្ហាញពីគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន របស់ខ្លួនផងដែរ ដោយហេតុថាទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែមានសន្ទុះកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងផងដែរថា៖ តាមការស្នើសុំបញ្ជាក់ពីភាគីកម្ពុជាទាក់ទងនឹងគម្រោងតភ្ជាប់ផ្លូវដែកពីភ្នំពេញទៅក្រុងហូជីមិញ ភាគីវៀតណាមបានឆ្លើយតបថា៖ ខ្លួនបាននិងកំពុងសិក្សាគម្រោង នេះយ៉ាងយកចិត្តទុកដាក់បំផុត និងខិតខំប្រឹងប្រែងពន្លឿនគម្រោងនេះឱ្យបានឆាប់ចេញជារូបរាឡើងនាពេលអនាគតដ៏ខ្លីខាងមុខ។

ដោយឯកឧត្ដមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនសម្ព័ន្ធដឹកជញ្ជូន និងច្រកទ្វារព្រំដែន មិនត្រឹមតែបម្រើឱ្យពាណិជ្ជកម្មរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើឱ្យការធ្វើពាណិជ្ជកម្មដល់កម្ពុជា វៀតណាម និងថៃ ក៏ដូចជាអាស៊ានទាំងមូលផងដែរ៕