ក្រុមអ្នកកាន់ទុក្ខសពលោក ឌីអាហ្គោ ម៉ារ៉ាដូណា(Diego Maradona)ដែលជាកីឡាករបាល់ទាត់ដ៏ល្បីល្បាញរបស់ប្រទេសអាហ្សង់ទីន បានប៉ះទង្គិចជាមួយប៉ូលីសនៅទីក្រុងប៊ុយណូស៊ែរ (Buenos Aires) នៅថ្ងៃព្រហស្បតិ៍ នៅពេលមហាជនដែលគាំទ្រដល់កីឡាបាត់ទាត់រូបនេះ ឈរតម្រង់ជួរដើម្បីគោរពលាសពលោកជាលើកចុងក្រោយ។
ពលរដ្ឋនៅប្រទេសអាហ្សង់ទីន ឈរតម្រង់ជួរនៅពាសពេញដងផ្លូវជាច្រើននៅខាងក្រៅវិមានប្រធានាធិបតីអាហ្សង់ទីនដែលជាកន្លែងតំកល់សពលោកម៉ារ៉ាឌូណា។ សពឌីអាហ្គោ ម៉ារ៉ាដូណា(Diego Maradona) ត្រូវដាក់តំកល់ចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍(២៨វិច្ឆិកា)។
ការប្រតាយប្រតប់បានកើតឡើងនៅពេលដែលប៉ូលីសព្យាយាមរក្សាសណ្តាប់ធ្នាប់ហ្វូងមហាជនដែលទៅគោរពលាសពកីឡាករថ្នាក់ជាតិដែលជាទីគោរពស្រឡាញ់របស់ពួកគេ។
លោកឌីអាហ្គោ ម៉ារ៉ាដូណា(Diego Maradona) ត្រូវបានចាត់ទុកថាជាអាទិទេពមួយរូបដែលទទួលបានការគោរពខ្លាំងនៅក្នុងប្រទេសអាហ្សង់ទីន និងមានប្រវត្តិការងារយូរអង្វែងដែលមានទាំងការដឹកនាំប្រទេសអាហ្សង់ទីនឈ្នះការប្រកួតបាល់ទាត់World Cup ឆ្នាំ១៩៨៦។
លោកម៉ារ៉ាឌូណា ជួបបញ្ហាសុខភាពជាច្រើនរយៈពេលជាច្រើនឆ្នាំហើយ លោកស្លាប់ដោយសារជំងឺគាំងបេះដូងក្នុងអាយុ៦០ឆ្នាំ៕