វ៉ាស៊ីនតោន៖ នៅក្នុងសម័យប្រជុំពេញអង្គរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក នាយប់ថ្ងៃពុធ សមាជិកព្រឹទ្ធសភាបានបោះឆ្នោតជំទាស់ដោយសំឡេង ៩៣ ទល់នឹង ៦ ទៅនឹងការតវ៉ាប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីក្នុងរដ្ឋ Arizona ដែលលោកប្រធានាធិបតីជាប់ឆ្នោត Joe Biden បានឈ្នះ។ នេះមានន័យថា លោក Biden នៅតែរក្សាជ័យជម្នះរបស់លោក ក្នុងការបោះឆ្នោតប្រធានាធិបតីក្នុងរដ្ឋនេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ការតវ៉ាប្រឆាំងនេះត្រូវបានដឹកនាំដោយសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋតំណាងរដ្ឋ Texas លោក Ted Cruz និងសមាជិករដ្ឋសភាខាងគណបក្សសាធារណរដ្ឋតំណាងរដ្ឋ Arizona លោក Paul Gosar ដោយមានការចូលរួមគាំទ្រពីសមាជិកបក្សមួយចំនួនទៀត។
ការបោះឆ្នោតជំទាស់នេះ បានធ្វើឡើង បន្ទាប់ពីសម័យប្រជុំពេញអង្គរបស់សភាទាំងពីរថ្នាក់ ត្រូវបានបង្អាក់ ដោយសារក្រុមអ្នកគាំទ្ររាប់ពាន់នាក់របស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានឡោមព័ទ្ធវិមានសភា និងខ្លះបានសម្រុកចូលក្នុងវិមានសភា ដើម្បីតវ៉ាប្រឆាំងនឹងការបញ្ជាក់ជាផ្លូវការរបស់សភាទាំងពីរថ្នាក់ទៅលើជ័យជម្នះរបស់លោក Joe Biden នៅក្នុងការបោះឆ្នោតប្រធានាធិបតី។
ការតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោតនៅក្នុងរដ្ឋ Arizona របស់សមាជិកគណបក្សសាធារណរដ្ឋមួយចំនួន បានធ្វើឡើងដោយផ្អែកលើការអះអាងដោយគ្មានភស្តុតាង ដែលត្រូវបានជំរុញដោយលោកប្រធានាធិបតី Donald Trump និងដោយផ្អែកលើបញ្ហាដោយឡែកផ្សេងទៀត។ ការអះអាងទាំងអស់នេះ ត្រូវបានតុលាការនិងមន្ត្រីបោះឆ្នោតក្នុងរដ្ឋ Arizona ច្រានចោល៕