សៀមរាប៖ អាជ្ញាធរជាតិអប្សរា គ្រោងនឹងធ្វើការជួសជុលសំណង់អគារសាលាបារាំងចុងបូព៌ា ស្ថិតនៅខាងលិចប្រាសាទបាយ័ន ដែលមានអាយុកាលជាង១០០ឆ្នាំមកហើយ។
លោក ឡុង កុសល អ្នកនាំពាក្យ និងជាប្រធាននាយកដ្ឋានផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះថា ការជួសជុលអគារសាលាបារាំងចុងបូព៌ានេះ អាចនឹងត្រូវធ្វើឡើងនៅក្នុងឆ្នាំ២០២១នេះ។ លោកថា កិច្ចការនេះធ្វើឡើង ក្នុងគោលបំណងសម្រាប់ជាកន្លែងរក្សាទុកនូវបុរាណវត្ថុផ្សេងៗ ព្រោះកន្លែងនេះក៏ជាទីតាំងរក្សាទុក និងជួសជុលបុរាណវត្ថុ ពីសម័យបារាំងមកដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំមួយដែលដឹកនាំដោយលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ដែលកិច្ចប្រជុំនេះ បានធ្វើឡើងនៅតាមទីតាំងជាក់ស្តែងនៃការងារ ដើម្បីតាមដានការអនុវត្តការងារផ្សេងៗនាពេលកន្លងមក ព្រមទាំងផ្តល់យោបល់បច្ចេកទេស និងដំណោះស្រាយនានាសម្រាប់កិច្ចការទាំងនោះ។
ក្នុងដំណើរការត្រួតពិនិត្យការងារនេះ អង្គប្រជុំបានចុះពិនិត្យទីតាំងមួយចំនួនដែលចាំបាច់ត្រូវកែសម្រួលប្រព័ន្ធរំដោះទឹក លើកកម្ពស់សោភ័ណភាពទូទៅក្នុងតំបន់ប្រាសាទ ក៏ដូចជាបង្កើនគុណភាពសេវាកម្មទេសចរណ៍រមណីយដ្ឋានអង្គរក្រោយជំងឺកូវីដ-១៩។
ជាមួយគ្នានេះ លោកអគ្គនាយក និងអ្នកជំនាញគ្រប់នាយកដ្ឋាន ក៏បានចុះទៅពិនិត្យសំណង់អាគារសាលាបារាំងចុងបូព៌ា ដែលមានអាយុជាង១០០ឆ្នាំមកហើយនៅខាងលិចប្រាសាទបាយ័ន្តដើម្បីពិនិត្យពីស្ថានភាពសំណង់និងឱ្យរៀបចំជួសជុលអាគារនេះឡើងវិញផងដែរ៕