Alynana Media Cambodia
Icon Collap
clinic narit

អ្នកអភិរក្ស ចាត់ទុកតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតកម្ពុជា ជាគ្រាប់ពេជ្រមិនទាន់ច្នៃខណៈទីនោះមានវត្តមានសត្វកម្រមួយចំនួន

Admin Alynana | Jan 21, 2021
អ្នកអភិរក្ស ចាត់ទុកតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតកម្ពុជា ជាគ្រាប់ពេជ្រមិនទាន់ច្នៃខណៈទីនោះមានវត្តមានសត្វកម្រមួយចំនួន
Clinic narith

(មណ្ឌលគិរី)៖ លោក សេង ទៀក ប្រធានអង្គការ WWF បានប្រៀបធៀបដែនជម្រកសត្វព្រៃស្រែពក ដូចជាគ្រាប់ពេជ្រមិនទាន់ច្នៃ សម្រាប់វិស័យទេសចរណ៍ធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកស្នាក់នៅយូរថ្ងៃ បន្ទាប់មកទស្សនាប្រាង្គប្រាសាទបុរាណនានា នៅខេត្តសៀមរាប ហើយបន្តទស្សនាតំបន់ព្រៃធម្មជាតិ ដែលសម្បូណ៌សត្វព្រៃទៀត។

ការប្រៀបបធៀបបែបនេះ របស់លោក សេង ទៀក បានធ្វើឡើងនៅក្នុងឱកាសដែលរួមដំណើរជាមួយលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ក្នុងដំណើរទស្សនកិច្ចសិក្សានៅដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី ដែលរៀបចំដោយក្រសួងបរិស្ថាន និងអង្គការ WWF ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១។

ដែនជម្រកសត្វព្រៃស្រែពកជាបេះដូង នៃតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើត នៃប្រទេសកម្ពុជាត្រូវបានមន្ត្រីជំនាញមើលឃើញថា ជាកន្លែងមានសក្តានុពលផ្នែកអេកូទេសចរណ៍ ខណៈទីនោះមានវត្តមានសត្វកម្រមួយចំនួន កំពុងរស់នៅក្នុងព្រៃរបោះមានសម្រស់ទាក់ទាញសម្រាប់អ្នកចូលចិត្តដើរផ្សងព្រេងក្នុងព្រៃ។

ទោះបីនៅទីនោះមិនទាន់មានការរៀបចំឱ្យក្លាយជាកន្លែងទេសចរណ៍នៅឡើយក្តីជាទិសដៅក្រសួងបរិស្ថាន និងអង្គការដៃគូបានសម្លឹងឃើញសក្តានុពលជាច្រើននៅក្នុងតំបន់ការពារធម្មជាតិដ៏ធំនេះ។

ត្រង់ចំណុចនេះ លោក សេង ទៀក បានឱ្យដឹងថា កាលណាទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនានៅតំបន់ដែនជម្រកសត្វដែលត្រូវរៀបចំតាមស្តង់ដារនោះ វានឹងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមតំបន់អភិរក្ស ធនធានធម្មជាតិនោះវានឹងក្លាយជាប្រភពចំណូលបន្ថែមទៀតដល់ពួកគាត់។ ប៉ុន្តែ ការងារនេះវាពិបាកព្រោះតំបន់ការពារធម្មជាតិ គឺជាតំបន់ហាមឃាត់មិនឱ្យមនុស្សចូលមកទស្សនា ឬឆ្លងកាត់ដោយមិនមានការអនុញ្ញាតដោយច្បាប់ ស្តីពីតំបន់ការពារធនធានជាតិជាដើម។

ប្រធានអង្គការ WWF បានឱ្យដឹយ៉ាងដូច្នេះថា៖ «ទីនេះមានសក្តានុពលខ្ពស់មែនទែន ជាគ្រាប់ពេជ្រដែលមិនទាន់ច្នៃ គឺមានសក្តានុពលក្នុងន័យគ្រាប់ពេជ្រ មិនទាន់ច្នៃនេះ សំដៅទៅលើតំបន់ភាគឦសានរបស់យើងនេះនៅមានព្រៃ នៅមានសត្វព្រៃ ហើយទីជម្រកទាំងអស់នៅក្នុងតំបន់នេះ នៅពេលយើងគ្រប់គ្រងឱ្យមានប្រសិទ្ធភាពកាត់បន្ថយទៅលើសម្ពាធដែលអាចប៉ះពាល់ដល់សត្វព្រៃ គឺនៅពេលហ្នឹងយើង អាចច្នៃគ្រាប់ពេជ្រមួយ ដែលល្អជាពិសេសទៅលើវិស័យទេសចរណ៍ធម្មជាតិរបស់យើង»។

បើតាមលោក នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថាន និងអង្គការដៃគូកំពុងខិតខំថែរក្សាធនធានធម្មជាតិ នៅដែនជម្រកសត្វព្រៃស្រែពកនេះ ឱ្យបានល្អសិនមុននឹងឈានទៅគិតគូដល់ការបង្កើតជាកន្លែងទេសចរណ៍។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្រាប់ពេលនេះយើងអត់ទាន់គិតអ្វីទាំងអស់ ព្រោះវាស្ថិតនៅក្នុងតំបន់ស្នូលដែលមិនអាចអនុញ្ញាត ឱ្យមនុស្សចូលច្រើនទេ ប៉ុន្តែនេះ ជាកម្មវត្ថុនៃការគិតគូទៅមុខទៀត អ្វីដែលសំខាន់ពេលនេះ គឺយើងថែរក្សាតំបន់នេះ ឱ្យបានល្អសិន ដើម្បីថែរក្សាព្រៃឈើនៅកន្លែងនេះជម្រកសត្វព្រៃ និងខិតខំប្រឹងប្រែងយ៉ាងម៉េចការពារទប់ស្កាត់បទល្មើសប្រឆាំងបទល្មើស ដកអន្ទាក់ចេញ ដើម្បីបង្កើនចំនួនសត្វនៅកន្លែងនេះ ហើយតទៅមុខទៀតយ៉ាងណា គឺយើងនឹងពិនិត្យទៅលើលទ្ធភាពផ្សេងៗទៀត»។

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានបន្តថា សម្រាប់តំបន់ដែនជម្រកសត្វព្រៃស្រែពក ចែកចេញជា ៤តំបន់ គឺតំបន់ស្នូល, តំបន់អភិរក្ស, តំបន់ប្រើប្រាស់ដោយចីរភាព និងតំបន់សហគមន៍។ ដូច្នេះ តំបន់ស្នូល គឺមិនអនុញ្ញាតឱ្យប្រជាជន ចូលនោះទេ។ សម្រាប់តំបន់អភិរក្ស គឺមានការលួចចូល ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយមន្ត្រីឧទ្យានុរក្ស និងសត្តរក្ស បានខិតខំប្រឹងចុះល្បាតជាទៀងទាន់ ដើម្បីទប់ស្កាត់បទល្មើសនានាជាដើម។

បើតាមច្បាប់ពាក់ព័ន្ធបរិស្ថាន តំបន់ស្នូល គឺជាតំបន់គ្រប់គ្រងមានតម្លៃខ្ពស់ សម្រាប់ការអភិរក្សប្រភេទសត្វ រុក្ខជាតិដែលកម្រជិតផុតពូជ ទទួលរងគ្រោះថ្នាក់គំរាមកំហែង និងមានប្រព័ន្ធអេកូឡូស៊ីផុយស្រួយ។ ការចេញចូលតំបន់នេះត្រូវហាមឃាត់ លើកលែងតែមន្ត្រីរដ្ឋបាលការពារ និងអភិរក្សធម្មជាតិដែលមានភារកិច្ច និងអ្នកសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រធម្មជាតិ ក្នុងគោលបំណងការពារអភិរក្សធម្មជាតិជីវចម្រុះ និងបរិស្ថានដែលត្រូវមានការអនុញ្ញាត ជាមុនពីក្រសួងបរិស្ថាន លើកលែងតែវិស័យសន្តិសុខ និងការពារជាតិ។

បច្ចុប្បន្នដែនជម្រកសព្រៃស្រែពក មានវត្តមានសត្វមួយចំនួនដូចជា៖ សត្វខ្ទីង ខ្លារខិន ដំរី ឈ្លូស ប្រើស ជ្រូកព្រៃ មាន់ព្រៃ ស្វា ក្ងោក និងប្រភេទសត្វផ្សេងៗទៀត និងមានអនុផលព្រៃឈើផ្សេងៗទៀតដូចជា៖ ផ្សិត បន្លែ ផ្លែឈើផ្សេងៗដែលប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ការពារ ដែនជម្រកសត្វព្រៃស្រែពកនេះអាចអាស្រ័យផលបានជារៀងរាល់ឆ្នាំ៕