Alynana Media Cambodia
Icon Collap
clinic narit

អ្នក​គេចវេះ​មិន​ធ្វើ​ចត្តាឡីស័ក​នឹង​ត្រូវ​ទ​ទួល​ពិន័យ​ពី​១​លាន​ដល់​៥​លាន​រៀល

Admin Alynana | Feb 18, 2021
អ្នក​គេចវេះ​មិន​ធ្វើ​ចត្តាឡីស័ក​នឹង​ត្រូវ​ទ​ទួល​ពិន័យ​ពី​១​លាន​ដល់​៥​លាន​រៀល
Clinic narith

តាម​អនុក្រឹត្យ​ដែល​ក្រសួង​យុត្តិធម៌ ​និង​ក្រសួង​សុខាភិបាល​ទើប​កែសម្រួល​ទៅ​តាម​ការបញ្ជា​របស​សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន កាលពី​ថ្ងៃ​ចន្ទ​អ្នក​គេចវេះ​មិន​ធ្វើ​ចត្តាឡីស័ក​នឹង​ត្រូវ​ទទួល​ពិន័យ​ពី​១​លាន​ដល់​៥​លាន​រៀល​ខណៈ​អ្នក​ញុះញង់​ឲ្យ​គេចវេះ​ត្រូវ​ផាក​ពិន័យ​ពី​១០​លាន​ដល់​៥០​លាន​រៀល​។ ​

​ការ​បង្កើន​ការផាកពិន័យ​លើ​អ្នក​គេចវេះ​ពី​វិធាន​សុខាភិបាល​នេះ ​គឺ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ពលករ​ខ្មែរ​នៅតែ​​បន្ត​វិល​មក​ពីប្រទេស​ថៃ​វិញ​ជា​បន្តបន្ទាប់​ ហើយ​មាន​អ្នកខ្លះ​នៅតែ​ព្យាយាម​គេចវេះពីការធ្វើ​ចត្តាឡីស័ក។

អ្នកដំណើរឬការីនៃយានដឹកជញ្ជូន ដែលគេចមិនឱ្យមន្ត្រីចត្តាឡីស័កធ្វើការត្រួតពិនិត្យ ឬមិនសហការជាមួយនឹងមន្ត្រីចត្តាឡីស័កក្នុងការអនុវត្តវិធានការសុខាភិបាលដែលមានកំណត់ក្នុងអនុក្រឹត្យដែល​ទើប​កែ​សម្រួលនេះ ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១លានរៀល ទៅ ៥លានរៀល និងតម្រូវឱ្យអនុវត្តវិធានការសុខាភិបាល។

ជាមួយគ្នានោះអ្នក​ដែល​រត់​គេច​ចេញពីកន្លែង​ធ្វើ​ចត្តាឡីស័ក​ក៏ត្រូវបានពិន័យដូចគ្នានេះដែរ។ដោយឡែក ជនណាដែលផ្តើមគំនិត ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយ ចេតនាដល់អ្នកដំណើរឬការីនៃយានដឹកជញ្ជូន ឱ្យគេចចេញពីការត្រួតពិនិត្យ ឬគេចវេះពីការអនុវត្ត វិធានការចត្តាឡីស័ក ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១០លានរៀល ទៅ៥០លានរៀល។

ការ​ពិន័យដូចគ្នា​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ផងដែរ ​ចំពោះ​គ្រឹះស្ថានសុខាភិបាល​ឯកជន​ទាំងអស់ ដែល​មិនបាន​ជូន​ដំណឹង​ជាបន្ទាន់​ទៅ​ក្រសួង​សុខាភិបាល ករណីមានតម្រុយ​បញ្ជាក់ថា​អ្នកជំងឺបានគេចវេះ​ពីការ​ធ្វើ​ចត្តាឡីស័ក​។ ​

នេះយោងតាមអនុក្រឹត្យដែលចុះហត្ថលេខា​ដោយ ​លោក ហ៊ុន សែន នៅថ្ងៃទីថ្ងៃទី១៨​កុម្ភៈ ២០២១ ស្តីពីការកែសម្រួលមាត្រា៨ នៃអនុក្រឹត្យលេខ១២៩ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាល នៃជំងឺនៅតាមច្រកចេញចូល។ការពិន័យអន្តរការណ៍គឺជាសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល។

ក្នុងករណីជនល្មើសមិនព្រមបង់ប្រាក់ពិន័យក្នុងរយៈពេល៣០ថ្ងៃគិតចាប់ពីថ្ងៃទទួលបានសេចក្ដីសម្រេចស្ដីពីការពិន័យនេះ មន្ត្រីក្រសួងសុខាភិបាលដែលមាននីតិសម្បទាជានគរបាលយុត្តិធម៌ ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលា​ការ ដើម្បីចាត់ការតាមនីតិវិធីជាធរមាន។លើសពីការផាកពិន័យនេះ ប្រសិនបើជនណាក្លែងបន្លំឯកសារពាក់ព័ន្ធសុខភាពក្នុងគោលបំណងគេចវេះពីការអនុវត្តវិធានការចត្តាឡីស័ក ក៏ត្រូវប្រឈមនឹងជាប់ទោសព្រហ្មទណ្ឌផ្សេងទៀតដែរ។ នេះបើតាមអនុក្រឹត្យ​៕