មីយ៉ាន់ម៉ា៖ មនុស្សជាច្រើនក្រុមបានចូលរួមក្បួនតវ៉ានៅទូទាំងទីក្រុង Dawei ក្នុងសហភាពមីយ៉ាន់ម៉ាភាគខាងត្បូងនៅថ្ងៃពុធនេះ ជាការគាំទ្រដល់ចលនាបះបោរស៊ីវិល ដែលកំពុងតែប្រឆាំងនឹងរដ្ឋប្រហារយោធា។
ក្រុមគ្រូបង្រៀន និស្សិត វិស្វករ បុគ្គលិកធនាគារ ព្រះសង្ឃ ក្រុមជនជាតិភាគតិចការ៉ែន និងពលរដ្ឋសាមញ្ញបាននាំគ្នាចេញតវ៉ាពាសពេញទីក្រុងនេះ។ ខណៈកំពុងកាន់បដា ទង់ និងរូបថតរបស់មេដឹកនាំដែលត្រូវបានបណ្ដេញចេញពីតំណែងលោកស្រី Aung San Suu Kyi ពួកគេបានទាមទាឲ្យរដ្ឋាភិបាលយោធា ដោះលែងក្រុមមេដឹកនាំស៊ីវិលទាំងអស់ដែលកំពុងជាប់ឃុំ និងចុះចេញពីការដណ្ដើមអំណាច។
មិនខុសពីកន្លែងផ្សេងៗនៅក្នុងប្រទេសនេះ គេតែងឃើញមានការតវ៉ាប្រចាំថ្ងៃទ្រង់ទ្រាយធំៗ ចាប់តាំងពីយុទ្ធនាការបះបោរស៊ីវិលបានចាប់ផ្ដើមភ្លាមៗ បន្ទាប់ពីការដណ្ដើមក្ដោបក្ដាប់អំណាចថ្ងៃទី១ ខែកុម្ភៈ ដែលបានបញ្ចប់លទ្ធិប្រជាធិបតេយ្យក្មេងខ្ចីរបស់សហភាពមីយ៉ាន់ម៉ា៕