រដ្ឋាភិបាលវៀតណាម បានកំណត់ឲ្យ ក្រសួងផែនការ និងវិនិយោគវៀតណាម ព្យាយាមសម្រេចនូវគោលដៅបង្កើតឲ្យបាន ១លាន ៣សែន ទៅ ១លាន ៥សែនអាជីវកម្មរបស់វិស័យឯកជន ត្រឹមឆ្នាំ ២០២៥ខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។
ក្រសួងផែនការ និងវិនិយោគវៀតណាម ចាំបាច់ត្រូវអនុវត្តផែនការច្បាស់លាស់ ដើម្បីសម្រេចគោលដៅនេះ ដែលជាផ្នែកមួយនៃការអភិវឌ្ឍន៍វិស័យឯកជន។
គិតត្រឹមដំណាច់ឆ្នាំ ២០២០ វៀតណាម មានអាជីវកម្មប្រមាណ ៨សែនហើយ ដូចនេះ ដើម្បីសម្រេចគោលដៅ គឺត្រូវតែមានកំណើនលូតលាស់ប្រចាំឆ្នាំ ចន្លោះ ១២ ទៅ ១៤ភាគរយ ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។
នៅក្នុងគោលដៅនេះ ក៏កំណត់ដែរថា គឺធ្វើយ៉ាងណា ទាក់ទញក្រុមហ៊ុនវិនិយោគធំៗចំនួន ២០ ដែលមានមូលធនប្រមាណ ១ពាន់លានដុល្លារអាមេរិកក្នុងមួយក្រុមហ៊ុន។ កាលពីឆ្នាំ ២០១៦ វៀតណាម បានដាក់គោលដៅសម្រេចឲ្យបាន ១លានអាជីវកម្មក្នុងឆ្នាំ ២០២០ តែវាបានបរាជ័យរួចទៅហើយ ដោយ ក្រសួងផែនការ និងវិនិយោគវៀតណាម អះអាងថា មូលហេតុដែលបរាជ័យ គឺដោយសារតែ អាជីវកម្មជាច្រើន បានបិទទ្វារក្ស័យធន ដោយសារមេរោគកូវីដ១៩។
ប្រធានសមាគមសហគ្រាសធុនតូច និងមធ្យមវៀតណាម បានលើកឡើងថា បើសិនជា រដ្ឋាភិបាលវៀតណាម ចង់សម្រេចនូវគោលដៅនេះ គឺត្រូវតែបង្កភាពងាយស្រួលដល់ បរិយាកាសវិនិយោគ ជាពិសេសគឺ សម្របសម្រួលដល់ការងារបែបបទរដ្ឋបាល។
សូមជម្រាបដែរថា អាជីវកម្មឯកជនប្រមាណ ៨សែនអាជីវកម្មនេះ គឺជាក្រុមហ៊ុនដែលបានចូលបញ្ជីជាផ្លូវការ ហើយពួកគេបានរួមចំណែកដល់ GDP របស់វៀតណាមដល់ទៅ ១០% ខណៈអាជីវកម្មគ្រួសារដែលមិនបានចុះបញ្ជី មានជាង ៥លាន ៤សែនអាជីវកម្មផ្សេងទៀត៕