(ភ្នំពេញ)៖ ក្នុងឱកាសដឹកនាំអនុវត្តលំហាត់ហ្វឹកហ្វឺនគ្រប់គ្រងដំណើរការមន្ទីរពេទ្យអន្តរាគមន៍ជំងឺកូវីដ-១៩ "ពេទ្យនគរទេព" ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល យោធិនសុខាភិបាលនៃកងយោធពលខេមរភូមិន្ទ កម្លាំងកងរាជអាវុធហត្ថ និងបុគ្គលិកស្ម័គ្រចិត្តទាំងអស់ ព្រមទាំងក្រុមការងារជំនាញពាក់ព័ន្ធនានា ដែលបានរួបរួមសាមគ្គីគ្នា ខិតខំទាំងយប់ទាំងថ្ងៃក្នុងការរៀបចំមន្ទីរពេទ្យមួយបន្ថែមទៀត រហូតរួចរាល់ជាស្ថាពរដើម្បីត្រៀមសង្គ្រោះអាយុជីវិតអ្នកជំងឺកូវីដ-១៩ ដែលកំពុងកើតឡើងជាបន្តបន្ទាប់ ចាប់តាំងពីព្រឹត្តិការណ៍ ២០-កុម្ភៈ កន្លងមក។
ឯកឧត្តម បានបន្តលើកឡើងថា «ក្រៅពីការរៀបចំមន្ទីរពេទ្យរួចរាល់ក្នុងរយៈពេល ១៦ថ្ងៃកន្លងមក ការហាត់សមនៅថ្ងៃនេះ គឺដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើសកម្មភាពអនុវត្តនិតិវិធី និងបទដ្ឋានប្រតិបត្តិទាំងផ្នែកវេជ្ជសាស្ត្រ និងរដ្ឋបាល សំដៅធានាប្រសិទ្ធភាពក្នុងការព្យាបាលអ្នកជំងឺ និងផ្តល់សុវត្ថិភាពខ្ពស់ដល់ក្រុមការងារស្ម័គ្រចិត្ត ព្រមទាំងក្រុមគ្រូពេទ្យប្រតិបត្តិជួរមុខរបស់យើងផងដែរ»។
មន្ទីរពេទ្យអន្តរាគមន៍ជំងឺកូវីដ-១៩ «ពេទ្យនគរទេព» មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ គឺជាមន្ទីរពេទ្យទីពីរហើយ បន្ទាប់ពីអតីតសណ្ឋាគារអាំងទែរកង់ទីណង់តាល់ "The Great Duke" ដែលត្រូវបានប្រែក្លាយជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងរយៈពេលប្រមាណ ៣៣ម៉ោងក្រោយពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។ មន្ទីរពេទ្យទីពីរនេះ គឺជាអតីតមន្ទីរពេទ្យស្ត្រីនគរទេព សាងសង់ឡើងក្នុងឆ្នាំ២០១១ ក្រោមមូលនិធិនគរទេព ដោយក្នុងនោះ លោកជំទាវ អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី គឺជាសហស្ថាបនិកមួយរូប។
សូមជម្រាបថា ដោយស្ថានភាពរីករាលដាលនៅតែបន្តកើនឡើង និងក្រោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ក្រុមការងារពាក់ព័ន្ធដឹកនាំដោយ ឯកឧត្តម ម៉ម ប៊ុនហេង និង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រួមជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ដែលដឹកនាំដោយលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានចុះរៀបចំ និងត្រួតពិនិត្យដោយផ្ទាល់ ចាប់ពីថ្ងៃទី១១ ខែមីនា រហូតរួចរាល់ជាស្ថាពរនៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នេះ ដោយមានលទ្ធភាពអាចទទួលអ្នកជំងឺរហូតជិត ៤០០នាក់។
សូមទស្សនារូបភាពសកម្មភាពរៀបចំមន្ទីរពេទ្យនេះដែលមានជាបន្តបន្ទាប់៕