(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៧៨,៤៣៩នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៩១៥នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមេសា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣២,១៤៩,២២៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៧៨,០៩២នាក់ និងជាសះស្បើយឡើងសរុប ២៤,៦៩៦,១៦១នាក់។
គួរបញ្ជាក់តាមមជ្ឈមណ្ឌលបង្ការ និងទប់ស្កាត់ជំងឺនៅសហរដ្ឋអាមេរិក (CDC) បានប្រកាសនៅក្នុងសប្តាហ៍នេះថា ចំនួនករណីឆ្លងប្រចាំថ្ងៃ ហាក់បង្ហាញសញ្ញាកើនឡើងវិញ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលភាគច្រើនត្រូវបានគេមើលឃើញថា កំពុងកើតទៅលើអ្នកដែលមិនទាន់បាន ចាក់វ៉ាកសាំងបង្ការ COVID-19។ ហេតុដូច្នេះទើបអាជ្ញាធរបាននិងកំពុងជំរុញបន្ថែម ឲ្យប្រជាជនទៅទទួលការចាក់វ៉ាក់សាំង ដោយមិនត្រូវរួញរាទៀតឡើយ។
បច្ចុប្បន្នសហរដ្ឋអាមេរិក ក៏កំពុងតែដោះស្រាយបញ្ហាថ្មីមួយទៀត នោះគឺករណីកើតមានកំណកឈាម (Blood clot) ទៅលើអ្នកដែលបានចាក់វ៉ាក់សាំងបង្ការ COVID-19 របស់ក្រុមហ៊ុន Johnson & Johnson ដែលជាប្រភេទវ៉ាក់សាំង «ចាក់តែមួយដូស»។ ការចាក់វ៉ាក់សាំងនេះ ត្រូវបានផ្អាកទាំងនៅសហរដ្ឋអាមេរិក និងបណ្តាប្រទេសមួយចំនួនទៀត ដើម្បីរង់ចាំការត្រួតពិនិត្យសុវត្ថិភាពឡើងវិញ៕