ភ្នំពេញៈ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានទទូចឲ្យពលរដ្ឋទាំងអស់មើលថ្ងៃចាក់វ៉ាក់សាំងឲ្យច្បាស់កុំទៅមុនថ្ងៃកំណត់ ព្រោះអាចបង្កឲ្យមានការកកស្ទះ និងអាចមានការចម្លងវីរុសកូវីដ១៩ នៅពេលនោះផងដែរ។
លោកស្រី ឱ វណ្ណឌីន ដែលជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ (គ.វ.ក-១៩) ផងនោះបានទទូចឲ្យពលរដ្ឋដែលត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី ២ ទាំងអស់ត្រូវអនុវត្តឲ្យបានត្រឹមត្រូវទៅតាមសេចក្តីជូនដំណឹងរបស់ (គ.វ.ក-១៩) ដោយធ្វើយ៉ាងណាត្រូវអនុវត្តតាមពេលវេលាដែល គ.វ.ក-១៩ បានកំណត់នៅតាមបណ្ណចាក់វ៉ាក់សាំងដែលធ្លាប់ចាក់លើកទី ១ ហើយនោះ។
លោកស្រីថ្លែងថា៖ «មានន័យថា បើបងប្អូនចាក់នៅថ្ងៃទី ១ ខែមេសា គឺនៅថ្ងៃទី ២០ ខែមេសាចាំបងប្អូនអញ្ជើញមកចាក់ បើអ្នកចាក់ថ្ងៃទី ២ ថ្ងៃទី ៣ ទី ៤ ទី ៥ ខែមេសា សូមកុំអញ្ជើញមកអី ចា៎។ ប្រសិនបើយើងមិនយល់ពីបញ្ហានេះ យើងមិនស្តាប់ពីបញ្ហានេះ យើងបែរទៅជាបង្កឲ្យមានការកកុញ ហើយការកកកុញនេះ វានឹងបង្កនូវហានិភ័យខ្ពស់សម្រាប់ការចម្លងជំងឺកូវីដ១៩ទៅវិញទេ។ ប្រយ័ត្នតែយើងអត់ទាន់បានចាក់វ៉ាក់សាំងដូសទី ២ ផងវាបែរទៅជាឆ្លងវីរុសកូវីដ ១៩»។
លោកស្រីបានកត់សម្គាល់ឃើញថា បងប្អូនពលរដ្ឋមានការព្រួយបារម្ភចំពោះការខ្វះខាតនូវថ្នាំវ៉ាក់សាំងកូវីដ១៩ដូសទី ២ ទើបនាំគ្នាសម្រុកទៅចាក់ដោយមិនធ្វើទៅតាមថ្ងៃដែលបានកំណត់។
ក៏ប៉ុន្តែលោកស្រីបានអះអាងថា វ៉ាក់សាំងកូវីដ១៩ ដូសទី ២ មិនខ្វះទេសូមពលរដ្ឋកុំបារម្ភ។
លោកស្រីបានបញ្ជាក់ថា៖ «ដោយសារមានការព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋ ឃើញថាមានការអញ្ជើញទៅចាក់វ៉ាក់សាំងកកកុញ ធ្វើឲ្យមានការច្របូកច្របល់។ មានន័យថា អ្នកដែលមកចាក់មិនត្រូវថ្ងៃត្រូវអ៊ីចឹងគាត់ចេះតែអញ្ជើញមកអ៊ីចឹងវាធ្វើឲ្យមានការកកស្ទះហើយឈានដល់ហួសពីចំនួនដែលក្រុមគ្រូពេទ្យលោកអាចចាក់បាននៅក្នុងថ្ងៃ»។
ទន្ទឹមនឹងនេះលោកស្រី ឱ វណ្ណឌីន ក៏បានស្នើសុំឲ្យបងប្អូនពលរដ្ឋដែលទៅចាក់វ៉ាក់សាំង រក្សាសណ្តាប់ធ្នាប់ដើម្បីជាការការពារខ្លួនឯងផង និងក្រុមគ្រូពេទ្យ ដែលកំពុងតែប្រចាំការ សម្រាប់ចាក់វ៉ាក់សាំងនៅទីតាំងទាំងនោះផង កុំឲ្យមានហានិភ័យនៃការឆ្លងឲ្យគ្នាទៅវិញទៅមក ។
ជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន ក៏បានសម្តែងក្ដីបារម្ភពីការផ្ទុះខ្លាំងម្តងទៀតផងដែរដែលអាចកើតមាននៅពេលការបិទខ្ទប់ត្រូវបានបើកឡើងវិញ ដោយសារមានមនុស្សចេញដើរច្រើនធម្មតា បើមិនមានការការពារត្រឹមត្រូវទេនោះ។
លោកស្រីបានបញ្ជាក់ថា៖ «នៅថ្ងៃណាមួយដែលមានការលើកលែងការបិទខ្ទប់បងប្អូនត្រូវចេញក្រៅផ្ទះហើយអ៊ីចឹងពេលហ្នឹងជាចំណុចមួយទៀតដែលយើងត្រូវគិតទាំងអស់គ្នា ធ្វើយ៉ាងណាបន្តរក្សាការការពារ ព្រោះអ្វីដែលជាការព្រួយបារម្ភមួយទៀត គឺនៅពេលបងប្អូនចេញទៅវាអាចជំរុញឲ្យមានការផ្ទុះឡើងនូវការរាតត្បាតហ្នឹងសាជាថ្មី»។
គិតត្រឹមថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២១ មានអ្នកឆ្លងសរុបចំនួន ៩៣៥៩ ករណី ក្នុងនោះ ឆ្លងសហគមន៍ ៨៨១០ ករណីជាសះស្បើយ ៣២១០ ករណីកំពុងព្យាបាល ៦០៧២ ករណី និងស្លាប់ ៧១ ករណី។ នេះបើតាមការផ្សាយរបស់ក្រសួងព័ត៌មាន៕