រដ្ឋបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៧ខែមេសាឆ្នាំ២០២១បានចេញសេចក្ដីជូនដំណឹងស្ដីពីការបន្តសុពលភាពលិខិតអនុញ្ញាតធ្វើដំណើរឬធ្វើចរាចរណ៍ក្នុងតំបន់បិទខ្ទប់នៃភូមិសាស្ត្ររាជធានីភ្នំពេញ ដោយបញ្ជាក់ថាដើម្បីធានាប្រក្រតីភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋស្របតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុញ្ញាតឱ្យធ្វើដំណើរក្នុងភូមិសាស្ត្ររាជធានីភ្នំពេញក្នុងអំឡុងពេលបិទខ្ទប់។
រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដំណឹងដល់ក្រុមហ៊ុននិងម្ចាស់អាជីវកម្មទាំងឡាយដែលបានទទួលលិខិតអនុញ្ញាតធ្វើដំណើរឬធ្វើចរាចរណ៍ពីរដ្ឋបាលរាជធានីភ្នំពេញនិងរដ្ឋបាលខណ្ឌទាំង១៤មេត្តាជ្រាបថា ដោយយោងតាមប្រការ១នៃសេចក្តីសម្រេចលេខ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានបន្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញនិង ក្រុងតាខ្មៅនៃខេត្តកណ្តាល សម្រាប់រយៈពេល៧(ប្រាំពីរ)ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នោះ រដ្ឋបាលរាជធានីភ្នំពេញ សូមបន្តសុពលភាពលិខិតអនុញ្ញាតធ្វើដំណើរ ឬធ្វើចរាចរណ៍ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែល បានផ្តល់ជូននឹងអាចប្រើប្រាស់បានរហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។