តំបន់ក្រហមគឺជាតំបន់ដែលអាជ្ញាធររាជធានីភ្នំពេញធ្វើការបិទខ្ទប់១០០ភាគរយហើយតំបន់រឿងទុំ ក៏ជាតំបន់មួយ ដែលអាជ្ញាធររាជធានីភ្នំពេញ បានធ្វើការបិទខ្ទប់យ៉ាងម៉ឺងម៉ាត់ផងដែរ ដើម្បីបង្ការនិងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩នេះអោយមានប្រសិទ្ធភាព ។
ដើម្បីពង្រឹងការបិទខ្ទប់នេះឲ្យមានប្រសិទ្ធភាព ដែលអាចឈានទៅដល់កាត់ផ្ដាច់បាន នូវការរីករាលដាលនៃជំងឺកូវី-១៩ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជាប្រធានគណះបញ្ជាការឯក ភាពរាជធានីភ្នំពេញនិងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំអនុវត្តវិធានបិទខ្ទប់ នៅវេលាថ្ងៃត្រង់នាថ្ងៃទី២៩ ខែមេសានេះ បានចុះពិនិត្យគោលដៅទីបញ្ជាស្រាល នៅច្រមុះជ្រូកស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលមានកងកម្លាំងមានសមត្ថកិច្ចរាប់រយនាក់ឈរជើងនៅទីនោះ ។
ក្នុងឱកាសនោះឯកឧត្តម ឃួង ស្រេង បានធ្វើការណែនាំអោយកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលដាក់ឈរជើង នៅទីបញ្ជាការស្រាលនៅច្រមុះជ្រូកស្ទឹងមានជ័យ ត្រូវពង្រឹងការបិទខ្ទប់តំបន់ក្រហម តំបន់លឿងទុំ ឲ្យមានប្រសិទ្ធភាព ។
ក្រោយពីធ្វើការណែនាំហើយ ឯកឧត្តម ឃួង ស្រេងបានបន្តដំណើរ ចុះទៅពិនិត្យស្ថានភាព ជាក់ស្ដែងនៅទីតាំងបិទខ្ទប់នានា នៅតំបន់ក្រហម បន្តទៀត ដូចជា នៅតាមបណ្តោយផ្លូវវេង ស្រេង ក្នុងខណ្ឌមានជ័យ សង្កាត់ស្ទឹងមានជ័យទី៣ បន្តទៅខណ្ឌពោធិសែនជ័យសង្កាត់ចោមចៅទី១ និងខណ្ឌដង្កោតាមបណ្ដោយផ្លូវទួលពង្រ,ផ្លូវព្រៃស រហូតទៅដល់មូលដ្ឋានមួយចំនួនទៀត នៅក្នុងខណ្ឌដង្កោរាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណាជំរុញការងារអនុវត្តវិធាននៃការបិទខ្ទប់ តំបន់លឿងទុំនិងតំបន់ក្រហមនេះ ឲ្យមានប្រសិទ្ធភាពដែលអាចដាច់បាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិកាលសហគមន៍២០កុម្ភៈនេះ៕