Alynana Media Cambodia
Icon Collap
clinic narit

ពុល​ផ្សិត​ស្លាប់៣នាក់ ​និង​មនុស្ស​១១នាក់​ផ្សេងទៀត​កំពុង​ជួយសង្គ្រោះ​ នៅខេត្តកោះកុង

Admin Alynana | Apr 29, 2021
ពុល​ផ្សិត​ស្លាប់៣នាក់ ​និង​មនុស្ស​១១នាក់​ផ្សេងទៀត​កំពុង​ជួយសង្គ្រោះ​ នៅខេត្តកោះកុង
Clinic narith

កោះកុង ៖ ប្រជាពលរដ្ឋរស់នៅស្រុកចំនួន៣ ក្នុងភូមិសាស្រ្តខេត្តកោះកុង និងខេត្តព្រះសីហនុ រងគ្រោះដោយសារការបរិភោគផ្សិតមិនស្គាល់ប្រភេទពុលស្លាប់៣នាក់ និង​​មនុស្ស​១១នាក់​ ផ្សេងទៀត​កំពុង​ជួយសង្គ្រោះ​​។ 

គិតចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៨ ខែមេសា មន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ​បានទទួល​ពិនិត្យ និងព្យាបាលពលរដ្ឋពុលផ្សិតចំនួន១៤នាក់​ ដោយមានការដឹក​ជញ្ជូន​​មកសង្រ្គោះបន្ទាន់ភ្លាមៗ ក្រោយពួកគាត់បរិភោគ។

លោកវេជ្ជបណ្ឌិត ហូរ សុខហួន ប្រធានមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល នៅថ្ងៃទី២៩ ខែមេសា បានឱ្យដឹងថា ករណីពុលផ្សិតនេះដែរ បណ្តាលឱ្យមនុស្ស៣នាក់បានស្លាប់ គ្រាអាការៈជំងឺធ្ងន់ធ្ងរខ្លាំងពេកពុំទាន់សង្រ្គោះបានទាន់ពេលវេលា។

លោក បន្តថា អ្នកស្លាប់៣នាក់នោះ ទី១.ឈ្មោះ ជួន សំ អាយុ៨៣ឆ្នាំ ភេទស្រី រស់នៅឃុំជីផាត ស្រុកថ្មបាំង ស្លាប់ពេលបញ្ជូន​​ជិតទៅមន្ទីរពេទ្យរាជធានីភ្នំពេញ ទី២-ឈ្មោះ ប៊ុន ណាម៉ា អាយុ១០ឆ្នាំ ភេទប្រុស ស្លាប់នៅមន្ទីរពេទ្យគន្ធបុប្ឆា និងទី៣- ប៊ុនណា សៀវម៉ាន់ អាយុ១៣ភេទ ប្រុស ពុំព្រមទៅព្យាបាលនៅភ្នំពេញ (ទាំងពីរ២នាក់បងប្អូន) រស់នៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល។

ប្រធានមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល បន្ថែមថា​ ក្រៅពីអ្នកស្លាប់ ក៏មានអ្នករងគ្រោះធ្ងន់ស្រាលចំនួន១១នាក់ ដោយទី១-ឈ្មោះង៉ែត អោន អាយុ៤៨ ឆ្នាំ ភេទប្រុស ទី២-ឈ្មោះសែម វង្ស អាយុ៤៥ឆ្នាំ ភេទស្រី រស់នៅឃុំអណ្តូងទឹក ស្រុកបូទុមសាគរ និងទី៣-ឈ្មោះ បាវ ឃា អាយុ៤២ឆ្នាំ ភេទប្រុស រស់នៅឃុំដងពែង ស្រុកស្រែអំបិល អាការៈសុខភាពបានធូរស្រាលចេញពីមន្ទីរពេទ្យហើយ។ ចំណែកឯឈ្មោះ មាស នី អាយុ៤១ឆ្នាំ ភេទ ស្រី រស់នៅឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ សា្ថនភាពជំងឺធូរស្រាល កំពុងសម្រាកនៅមន្ទីរពេទ្យស្រែអំបិល។ 

លោកវេជ្ជបណ្ឌិត ហូរ សុខហួន ពន្យល់ព្រោះតែមើលឃើញពីស្ថានភាពធ្ងន់ធ្ងរចំពោះអ្នកជំងឺ៧នាក់ផ្សេងៗទៀត ក្នុងនោះមាន២នាក់ឈ្មោះ យឹម ប៉ា អាយុ៥១ ភេទ ស្រី និងឈ្មោះ ថន សុខណៃ អាយុ១៦ឆ្នាំ ភេទ ប្រុស រស់នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ស្ថានភាពជំងឺធ្ងន់ធ្ងរ បញ្ជូន​ទៅព្យាបាលនៅខេត្តកំពង់ស្ពឺ​។ រីឯ៥នាក់ទៀតក៏បញ្ចូនមកកាន់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ទាំងយប់ថ្ងៃទី២៨ មេសា ។

អ្នកជំងឺពុលផ្សិត៥នាក់ ដែលបញ្ជូនពីមន្ទីរស្រុកស្រែអំបិល ត្រូវបានលោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យខេត្តកោះកុង ឱ្យដឹងអត្តសញ្ញាណទី១ឈ្មោះ ប៊ុនណា ធីតា អាយុ១៩ឆ្នាំ ភេទស្រី ទី២តាក់ ប៊ុណា អាយុ៥៥ឆ្នាំ ភេទ ប្រុស ទី៣ឈ្មោះ ឃុន ហាន អាយុ ៤៥ឆ្នាំ ភេទ ស្រី ទី៤ឈ្មោះ ប៊ុន ណាយ៉ា អាយុ២៥ឆ្នាំ ភេទប្រុស និងទី៥ ឈ្មោះ ប៊ុនណា សៀវមិន អាយុ ១៨ ឆ្នាំ ភេទ ប្រុស ។ ពួកគាត់ទាំង៥នាក់ រស់នៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន បញ្ជាក់ដែរថា នៅពេលនេះអាការៈសុខភាពរបស់អ្នកពុលផ្សិតទាំង៣នាក់ បានធូរស្រាលហើយដែរអាចនិយាយបាន ក៏ដូចជាដើរបាន។ នេះដោយកិច្ចប្រឹងប្រែងយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យជួយសង្រ្គោះបន្ទាន់ ប៉ុន្តែ២នាក់ទៀតមានអាការៈធ្ងន់ធ្ងរដោយសារតែជាតិពុលក្នុងឈាម និងប៉ះពាល់ដល់ខួរក្បាល។

ទោះយ៉ាងណា ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យខេត្ត នៅតែបន្តតាមដានពិនិត្យ និងព្យាបាលសុខភាពពួកគាត់ដោយយកចិត្តទុកដាក់ខ្ពស់ឈរលើក្រមសីលធម៌ និងគុណធម៌របស់គ្រូពេទ្យ។ ជាក់ស្តែងក្រុមពេទ្យក៏បានជួបសំណេះសំណាល និងផ្តល់ថវិកាលើកទឹកចិត្តរបស់ក្រុមជនរងគ្រោះផងដែរ៕