(បាងកក)៖ នៅទីបំផុតរដ្ឋាភិបាលថៃ បានផ្តល់ការអនុញ្ញាតឲ្យវិស័យ ឯកជន អាចនាំចូលវ៉ាក់សាំងបង្ការ COVID-19 ពីបរទេសបាន ដើម្បីបម្រើសេវាដល់ប្រជាជន ដោយសហការជាមួយរដ្ឋាភិបាល ខណៈការឆ្លងរាតត្បាតជំងឺនេះក្នុងប្រទេសថៃ កាន់តែបង្កជាក្តីកង្វល់ធំឡើងៗ និងស្ថិតនៅចំពោះមុខការរិះគន់ អំពីយុទ្ធនាការចាក់វ៉ាក់សាំងយឺតយ៉ាវ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ The Nation នារសៀលថ្ងៃសុក្រ ទី៣០ ខែមេសា ឆ្នាំ២០២១។
ប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) លោក ស៊ូផាន់ មង្គលស៊ូធី (Suphan Mongkolsutee) បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា «រដ្ឋាភិបាលរបស់យើងនឹងបង្កើនការបញ្ជាទិញវ៉ាក់សាំង ដើម្បីធានាឲ្យបាននូវវ៉ាក់សាំងចំនួន ១០០លានដូសក្នុងឆ្នាំ២០២១នេះ ជាមួយនឹងម៉ាក (brand) វ៉ាក់សាំងបន្ថែមទៀត ដែលនឹងត្រូវដាក់បន្ថែមនៅក្នុងខែឧសភា»។
គួរបញ្ជាក់ថា កន្លងមកនេះប្រទេសថៃបានធ្វើការបញ្ជាទិញ វ៉ាក់សាំងអង់គ្លេស AstraZeneca ប្រមាណ ៦១លានដូស និងវ៉ាក់សាំងចិន Sinovac ចំនួន ២.៥លានដូសរួចមកហើយ ហើយខ្លួនក៏កំពុងចរចាដើម្បីទិញវ៉ាក់សាំងរុស្ស៊ី Sputnik ចំនួនចាប់ពី ៥-១០លានដូសទៀត។ បើតាម FTI រដ្ឋាភិបាលនឹងសហការជាមួយវិស័យឯកជន ក្នុងនោះរួមមានទាំងប្រតិបត្តិករ នៃមន្ទីរពេទ្យឯកជននានាផងដែរ ដើម្បីសម្រួលដល់ការនាំចូលវ៉ាក់សាំង។
គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ប្រទេសថៃដែលមានចំនួនប្រជាជនជិត ៧០លាននាក់ បានចាក់វ៉ាក់សាំងបង្ការ COVID-19 ចំនួន ១.៣៤លានដូសហើយជូនពលរដ្ឋរបស់ខ្លួន ក្នុងនោះមានតែ ២៨៥,០០០នាក់ ឬស្មើនឹង ០.៤% ប៉ុណ្ណោះបានទទួលការចាក់គ្រប់ដូស (ពីរដូស)៕