ភ្នំពេញៈ អនុវត្តតាមការណែនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានដាក់បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ សហការឱ្យបានល្អជាមួយកងទ័ពជើងគោកក្នុងការដឹកជញ្ជូន ស្បៀងអាហារ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងរាជធានីភ្នំពេញ ក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ឃើញថានៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ២ថ្ងៃជាប់គ្នានេះ អាជ្ញាធររាជធានីសម្រុកដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ចំនួន៤ម៉ឺនគ្រួសារបន្ថែមទៀត នៅតាមខណ្ឌចំនួន១៣ នៅក្នុងរាជធានីភ្នំពេញ ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី០១ និងថ្ងៃទី០២ឧសភា ២ថ្ងៃជាប់គ្នានេះ អាជ្ញាធរខណ្ឌនីមួយៗបានបន្តសហការជាមួយកងទ័ពជើងគោក បន្តដឹកជញ្ជូនស្បៀងអាហារទៅជូនទៅបងប្អូនប្រជាពលរដ្ឋចំនួន៤ម៉ឺនគ្រួសារបន្ថែមទៀត ក្នុងនោះ បានដឹកជញ្ជូនទៅចែកជូនប្រជាពលរដ្ឋក្រីក្រ នៅខណ្ឌមានជ័យចំនូន១២.០០០គ្រួសារ, នៅពោធិសែនជ័យចំនួន១៤.៧៥០គ្រួសារ, ខណ្ឌសែនសុខ១.៥០០គ្រួសារ, ខណ្ឌព្រែកព្នៅ ១.០០០គ្រួសារ, ខណ្ឌឬស្សីកែវចំនួន៣.០០០គ្រួសារ, ខណ្ឌជ្រោយចង្វារ១.០០០គ្រួសារ, ខណ្ឌដូនពេញចំនួន៩០០គ្រួសារ, ខណ្ឌ៧មករា ១.៣០០គ្រួសារ, ខណ្ឌទួលគោក ៨០០គ្រួសារ, ខណ្ឌចំការមន ៦០០គ្រួសារ, ខណ្ឌបឹងកេងកង ៦៥០គ្រួសារ, ខណ្ឌច្បារអំពៅចំនួន១.០០០គ្រួសារ និងខណ្ឌកំបូលចំនួន១.៥០០គ្រួសារ។
គួរបញ្ជាក់ថា កងកម្លាំងទ័ពជើងគោក អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានប្រើប្រាស់កងកម្លាំងទ័ពជើងគោក ជាង២០០នាក់ និងរថយន្តជាង៦០គ្រឿង ដើម្បី ដឹកជញ្ជូនស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង១៤ ក្នុងរាជធានី ដែលមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកទុក្ខលំបាកប្រជាពលរដ្ឋ ខណៈបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ៕