ភ្នំពេញ៖ កម្ពុជានឹងរៀបចំកម្មវិធីសម្ពោធជាផ្លូវការនៃការនាំចេញផ្លែស្វាយស្រស់ជាលើកដំបូងដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន នៅថ្ងៃទី ៧ ខែឧសភា ឆ្នាំនេះ បន្ទាប់ពីអគ្គរដ្ឋបាលគយចិនអនុម័តឲ្យក្រុមហ៊ុន និងចម្ការស្វាយចំនួន ៤២ កាលពីសប្តាហ៍មុន។
កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំនេះ រដ្ឋបាលគយចិនបានអនុម័តទទួលស្គាល់ជាផ្លូវការបញ្ជីឈ្មោះចម្ការស្វាយចំនួន ៣៧ និងរោងចក្រវេចខ្ចប់ចំនួន ៥ អាចនាំចេញផ្លែស្វាយស្រស់ទៅកាន់ប្រទេសចិន។
កាលពីនៅថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២០ កម្ពុជា និងចិនបានចុះហត្ថលេខាលើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន អះអាងថា ក្រុមការងាររបស់ក្រសួងកសិកម្ម កំពុងរៀបចំពិធីសម្ពោធនៅក្នុងក្រុមហ៊ុន Al Jazeelan Food Pte., Ltd អគារលេខ ៧២២ ផ្លូលំ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោករដ្ឋមន្ត្រីប៉ាន់ប្រមាណថា កម្ពុជាអាចផ្គត់ផ្គង់ផ្លែស្វាយស្រស់នៅក្នុងទីផ្សារប្រទេសចិន ប្រមាណ ១០ ម៉ឺនតោនក្នុង ១ ឆ្នាំ ប៉ុន្តែលោកមានជំនឿថា បរិមាណនេះនឹងបន្តកើនឡើងពី ១ ឆ្នាំទៅ ១ ឆ្នាំ។
លោកថ្លែងថា៖ «ក្រុមហ៊ុនធំៗជាច្រើនទៀតនឹងដំឡើងរោងចក្រវេចខ្ចប់ស្វាយនឹងមានការទទួលស្គាល់រដ្ឋបាលគយចិនបន្ថែមទៀត ដែលនឹងធ្វើឲ្យចំនួនរោងចក្រកើនឡើងហើយបរិមាណក៏កើនឡើងផងដែរ»។
លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន រីចហ្វាម អេស៊ា ឯ.ក ដែលជាវិនិយោគលើចម្ការប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលសប្តាហ៍មុនថា ការទទួលបានទីផ្សារនាំចេញផ្លែស្វាយស្រស់កម្ពុជាដោយផ្ទាល់ទៅចិននឹងជំរុញឲ្យម្ចាស់ចម្ការ និងអ្នកនាំចេញបន្តខិតខំប្រឹងប្រែងអភិវឌ្ឍចម្ការរបស់ខ្លួនពីលក្ខណៈគ្រួសារទៅជាលក្ខណៈពាណិជ្ជកម្ម។
លោកមានប្រសាសន៍ថា៖ «នេះមានន័យថា ផ្លែស្វាយនឹងមានគុណភាពស្តង់ដាស្របតាមការនាំចេញតម្រូវ នៅពេលកម្ពុជាយើងទទួលបានការនាំចេញផ្លូវការដូចនេះ ម្ចាស់ចម្ការស្វាយទាំងអស់នៅទូទាំងប្រទេសនឹងមានការខិតខំប្រឹងប្រែងធ្វើយ៉ាងណាឲ្យផ្លែស្វាយត្រូវតាមស្តង់ដារបស់អគ្គរដ្ឋបាលគយចិន។
លោកឲ្យដឹងទៀតថា៖ «រដូវស្វាយយើងអាចប្រមូលផលបានមួយលើកទៀតក្នុងខែឧសភានេះ ដែលអាចនាំចេញបានមួយចំនួនទៅទីផ្សារចិន»។
បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំស្វាយ ១២៤ ៣១៩ ហិកតា ផ្តល់ផលជាមធ្យម ១៥,៥ តោន ក្នុង ១ ហិកតា សម្រាប់ ១ រដូវកាល ខណៈ ១ ឆ្នាំគេអាចប្រមូលផលបាន ២ ដង៕