ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូបង្រៀនកម្រិតឧត្តមចំនួន ៨៥ នាក់ សម្រាប់បម្រើការងារនៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងអង្គភាពនានា ក្រោមឱវាទទីស្ដីការក្រសួង ហើយបេក្ខជនដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ ១៩ ពុំអនុញ្ញាតឱ្យចូលរួមប្រឡងឡើយ។
សេចក្តីជូនដំណឹងចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន ដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបាននៅថ្ងៃនេះបានឱ្យដឹងថា បេក្ខជនដែលមានបំណងចូលរួមការប្រឡងប្រជែងចូលបម្រើការងារនៅគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងអង្គភាពនានានៃក្រសួងអប់រំ ត្រូវទាញយកសំណុំឯកសារតាមគេហទំព័ររបស់ក្រសួង Facebook.com/moeys.gov.kh ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ១៧:០០ ជាកំហិត។
ចំពោះវិញ្ញាសារដែលត្រូវប្រឡងរួមមាន វប្បធម៌ទូទៅរយៈពេល ២ ម៉ោង មុខវិជ្ជាជំនាញរយៈពេល ៣ ម៉ោង និងភាសាបរទេស (បារាំង ឬអង់គ្លេស តាមការជ្រើសរើសរបស់បេក្ខជន) រយៈពេល ១ ម៉ោង និង ៣០ នាទី។
ចំពោះលក្ខខណ្ឌនៃការជ្រើសរើសបេក្ខជនត្រូវមានសញ្ជាតិខ្មែរ (គិតត្រឹមថ្ងៃប្រឡង) ត្រូវមានសញ្ញាបត្របណ្ឌិតឡើងទៅ ត្រូវបានលើកលែងលក្ខខណ្ឌអាយុ។
ក្រសួងអប់រំបន្តថា ចំពោះបេក្ខជនជាមន្ត្រីរាជការស៊ីវិល ត្រូវមានលិខិតអនុញ្ញាតឲ្យចូលរួមប្រឡងប្រជែង ពីប្រធានអង្គភាព ឬក្រសួង ស្ថាប័នសាមី រៀបចំបែបបទផ្លាស់ទីកន្លែងបម្រើការងារ ឬផ្ទេរក្របខ័ណ្ឌ។
ទន្ទឹមនឹងនេះដែរ ចំពោះបេក្ខជនជានារី ឬជនមានពិការភាព ដែលមានសមត្ថភាពសមស្របត្រូវបានលើកទឹកចិត្ត។
ក្រសួងបានគូសបញ្ជាក់ផងដែរថា ក្នុងករណីមានការក្លែងបន្លំឯកសារផ្សេងៗ ឬមិនគោរពកិច្ចសន្យា ត្រូវលុបឈ្មោះចេញពីបញ្ជីបេក្ខជនប្រឡងជាប់ និងទទួលខុសត្រូវចំពោះមុខច្បាប់។
ក្រសួងលើកឡើងថា៖ «នៅថ្ងៃប្រឡង បេក្ខជនទាំងអស់ត្រូវភ្ជាប់មកជាមួយនូវកាតសម្គាល់ ដែលសាមីខ្លួនបានទទួលការចាក់វ៉ាក់សាំង។ ក្នុងករណីដែលបេក្ខជនមិនអាចទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ បាន ត្រូវមានលិខិតបញ្ជាក់ជាផ្លូវការពីមន្ទីរសុខាភិបាលរាជធានី-ខេត្ត»។
ក្នុងករណីបេក្ខជនណាដែលមិនមានប័ណ្ណទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ឬលិខិតបញ្ជាក់របស់មន្ទីរសុខាភិបាលរាជធានី-ខេត្ត គណៈកម្មការរៀបចំការប្រឡងមិនអនុញ្ញាតិឱ្យបេក្ខជនរូបនោះចូលរួមប្រឡងឡើយ៕