Alynana Media Cambodia
Icon Collap
clinic narit

ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ជប៉ុន មានការកើន​ឡើងតិចតួច​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២១

Sang Kim | May 25, 2021
ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ជប៉ុន មានការកើន​ឡើងតិចតួច​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២១
Clinic narith

ភ្នំពេញៈ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ជប៉ុន នៅក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២១ សម្រេចបាន​ជាង ៦៣៣ ​លាន​ដុល្លារ កើនឡើង​ជិត ៨ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ក្នុងនោះ​ការនាំ​ចេញពី​កម្ពុជា​កើនឡើង​តិចតួច ខណៈ​ការ​នាំចូល​មកវិញ មាន​កំណើន​ជិត ៣០ ​ភាគរយ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន Jetro​។

ទិន្នន័យ​ដែល​ចេញផ្សាយ​កាលពី​ចុង​សប្តាហ៍ បង្ហាញ​ថា ចាប់ពី​ខែមករា ដល់​ខែមីនា ឆ្នាំ​ ២០២១ ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​កម្ពុជា-ជប៉ុន មាន​តម្លៃ​សរុប ៦៣៣,១២ ​លាន​ដុល្លារ កើន ៧,៨ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ ដែលមាន​តម្លៃ ៥៨៧,៤៦ លាន​ដុល្លារ​។ ក្នុងនោះ​ការនាំ​ចេញ​ពី​កម្ពុជា មាន​តម្លៃ ៤៨៩,៦២ ​លានដុល្លារ កើន ២,៩ ​ភាគរយ​ពី ៤៧៥,៧៦ ​លាន​ដុល្លារ និង​ការនាំ​ចូល​ពី​ជប៉ុន​មាន ១៤៣,៥ ​លាន​ដុល្លារ កើនឡើង ២៨,៥ ​ភាគរយ​ពី​ចំនួន ១១១,៧១ ​លាន​ដុល្លារ​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា (​រាជបណ្ឌិត្យសភា​) លោក ហុង វណ្ណៈ បាន​ប្រាប់ទៅសារព័ត៌មានក្នុងស្រុកមួយកាលពីថ្ងៃទី​ ២៤ ខែឧសភា​ថា ទោះបី​ស្ថានភាព​កូវីដ​ ១៩ នៅតែ​បន្ត​ឆ្លង​រាលដាល​ខ្លាំង​លើ​ពិភពលោក​ក៏​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​មិនបាន​ធ្លាក់ចុះ​ទេ​។

ភាពវិជ្ជមាន​នេះ​អាច​មកពី​ធាតុ​ផ្សំ​សំខាន់ៗ​ដូចជា ភាពល្អប្រសើរ​នៃ​ទំនាក់ទំនង​ការទូត ភាពសម្បូរ​បែប​នៃ​កម្លាំង​ពលកម្ម និង​សមត្ថភាព​ផលិត​របស់​ប្រទេស​ទាំង​ ២​។ លោក​បន្តថា ជប៉ុន​ជា​ប្រទេស​រីកចម្រើន និង​មាន​ទីផ្សារ​ធំ ហេតុនេះ​បើ​កម្ពុជា​អាច​ទាក់ទាញ​វិនិយោគ​ជប៉ុន​ឱ្យ​ចូលមក​បើក​រោងចក្រ​កាន់តែ​ច្រើន វា​នឹង​ធ្វើឱ្យ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​រីកចម្រើន​កាន់តែ​ឆាប់​។

លោក​អះអាងថា​៖ «​ទោះបី​ទិន្នន័យ​ត្រីមាស​ទី​ ១ បង្ហាញ​ពី​កំណើន​ខ្ពស់​ពី​ការនាំ​ទំនិញ​ពី​ជប៉ុន​មក​កម្ពុជា​ច្រើនជាង​កម្ពុជា​នាំចេញ ប៉ុន្តែ​វា​មិនមែនជា​ក្តីបារម្ភ​សម្រាប់​ខ្ញុំ​ទេ ព្រោះ​បើ​មើលទៅ​តួលេខ​គឺ​គម្លាត​ជញ្ជីងទូទាត់​ (​តម្លៃ​ដោះដូរ​) ​ស្ថិត​នៅ​ឆ្ងាយ​នៅឡើយ​។ អ្វីដែល​សំខាន់ គឺ​ការកើនឡើង​ព្រម​គ្នា​នៃ​ការដោះដូរ​ទំនិញ​ដែល​ភាគី​ទាំង​ ២ សម្រេចបាន​ក្នុងពេល​វិបត្តិ​កូវីដ​នៅតែ​បន្ត​ឆ្លង​រាលដាល​»​។

 

លោក​បន្ថែមថា កំណើន​ការនាំ​ចូល​ពី​ជប៉ុន​ក្នុង​ត្រីមាស​ទី​ ១ អាចជា​ផលិតផល​គ្រឿង​ម៉ាស៊ីន គ្រឿង​អេឡិចត្រូនិក និង​បច្ចេកវិទ្យា​ទំនើបៗ​ដែល​កំពុងមាន​តម្រូវការ​ខ្ពស់​នៅពេលនេះ​។

តាមរយៈ​ភាពវិជ្ជមាន​នេះ លោក​លើកឡើង​ថា កម្ពុជា​ត្រូវខិតខំ​បន្ថែមទៀត​ក្នុងការ​ធ្វើ​ពិពិធកម្ម​ផលិតកម្ម​របស់ខ្លួន​ដើម្បី​ពង្រីក​ទីផ្សារ​អន្តរជាតិ​ឱ្យ​កាន់តែ​ធំ​ថែមទៀត​។

ផលិតផល​ដែល​កម្ពុជា​នាំទៅ​ជប៉ុន​មានដូចជា សម្លៀកបំពាក់ គ្រឿង​ផ្គុំ​អគ្គិសនី និង​គ្រឿង​ផ្គុំ​អេឡិចត្រូនិក ខណៈ​ការនាំ​ចូល​ពី​ជប៉ុន​មានដូចជា គ្រឿង​ម៉ាស៊ីន និង​ផលិតផល​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើបៗ​។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា និយាយថា កំណើន​ពី​ការនាំចេញ​របស់​កម្ពុជា​នឹង​ឡើង​ខ្ពស់​បន្ទាប់ពី​ស្ថានភាព​កូវីដ​ ១៩ អាច​គ្រប់គ្រង​បាន ខណៈ​រដ្ឋាភិបាល​កំពុង​យកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ទៅលើ​ការពង្រីក​សក្តានុពល​វិស័យ​ដឹកជញ្ជូន​ ដើម្បី​ធ្វើឱ្យ​មាន​ភាពឆាប់រហ័ស និង​តម្លៃ​ទាប​។

លោក​បន្តថា នៅពេល​ការហោះហើរ​រវាង​ប្រទេស​ទាំង​ ២ ដំណើរការ​ធម្មតា​ឡើងវិញ កម្ពុជា​មិន​ត្រឹមតែ​ទទួល​បាន​ភ្ញៀវទេសចរ​ជប៉ុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការធ្វើ​ពាណិជ្ជកម្ម​ក៏​នឹងមាន​សម្ទុះ​កើនឡើង​ផងដែរ​។

លោក​ប្រាប់ថា​៖ «​ខ្ញុំ​គិតថា ទំហំ​ពាណិជ្ជកម្ម​ប្រទេស​ទាំង​ ២ នឹងមាន​ភាពវិជ្ជមាន​ថែមទៀត​ក្នុង​ឆ្នាំនេះ ពិសេស​នៅពេល​ការធ្វើដំណើរ និង​ដឹកជញ្ជូន​ត្រូវបាន​បើក​ដំណើរការ​ឡើងវិញ​»​។

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ជប៉ុន​ក្នុង​ឆ្នាំ​ ២០២០ មានតម្លៃ ២ ១០១,៧៨ ​លាន​ដុល្លារ ធ្លាក់ចុះ ៨,៣៥ ​ភាគរយ​ធៀប​ឆ្នាំ​ ២០១៩ ក្នុងនោះ​ការនាំចេញ​មានតម្លៃ ១ ៦១៧,០៨ ​លាន​ដុល្លារ ធ្លាក់ចុះ ៦,៦ ​ភាគរយ និង​នាំចូល​មាន ៤៨៤,៧០ ​លាន​ដុល្លារ ធ្លាក់ចុះ ១៣,៨ ​ភាគរយ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​ជប៉ុន Jetro៕

ប្រភពៈ PPP