ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា ជំងឺកូវីដ ១៩ បច្ចុប្បន្ននេះ កំពុងស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភខ្លាំងមែនទែន ដោយមិនទាន់មានសញ្ញាណាមួយដែលមានការថមថយឡើយ។
លោកស្រីបានមានប្រសាសន៍ថា៖ «ស្ថានភាពនៅក្នុងប្រទេសកម្ពុជា យើងគឺស្ថិតនៅក្នុងលក្ខណៈមួយដែលយើងត្រូវតែបន្តធ្វើការប្រុងប្រយ័ត្នខ្ពស់មែនទែន ដោយសារស្ថានភាពនៅរាជធានីភ្នំពេញ ត្បិតតែមានការបន្ធូរបន្ថយ និងការបិទខ្ទប់ត្រូវបានបញ្ចប់ ប៉ុន្តែករណីឆ្លងនៅតែរកឃើញជារៀងរាល់ថ្ងៃ»។
លោកស្រីថា៖ «ចំណុចនេះបញ្ជាក់ថា ការចម្លង ឬការចរាចរណ៍នៃវីរុសកូវីដ ១៩ នៅមានភាពខ្លាំងក្លានៅឡើយ គឺមិនទាន់បង្ហាញនូវសញ្ញាណាមួយដែលមានការថមថយ។ សម្រាប់ខ្ញុំផ្ទាល់មើលឃើញថា ស្ថានភាព គឺនៅតែមានការគួរឱ្យព្រួយបារម្ភខ្លាំងមែនទែន ដែលសុំឱ្យប្រជាពលរដ្ឋត្រូវតែបន្តយកចិត្តទុកដាក់លើការការពារវីរុសនេះ»។
គួរបញ្ជាក់ថា កម្មកររោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង ១ នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង បាននាំគ្នាសម្រុកចេញពីរោងចក្រនៅពេលដែលពួកគាត់ដឹងថា មានកម្មករនៅក្នុងរោងចក្រ អេ អេន ជេ ខេមបូឌា មានអ្នកឆ្លងវីរុសកូវីដ ១៩៕