(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិដើម្បីកុមារ បានចេញសារលិខិត ចូលរួមអបអរសាទរ ក្នុងឱកាសខួប លើកទី៧២ ទិវាកុមារអន្តរជាតិ ១មិថុនា និងខួបទី២០ ទិវាពិភពលោកប្រឆាំងកុមារ ១២ មិថុនា ព្រមទាំងទិវាកុមារកម្ពុជា ឆ្នាំ២០២១។ ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ មានឆន្ទៈមោះមុត និងប្តេជ្ញាចិត្តខ្ពស់ ក្នុងការលើកកម្ពស់សិទ្ធិកុមារ។
ក្នុងសារលិខិត ៤ទំព័រ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសលើកទឹកចិត្តដល់ជនរួមជាតិ ជាពិសេសកុមារខ្លួនឯងផ្ទាល់ រួមគ្នាបន្តវិនិយោគលើកុមារថ្ងៃនេះ នឹងបង្កើតបានធនធានមនុស្ស ដែលមានជំនាញប្រកបដោយសក្តានុពលនាពេលអនាគត សំដៅធ្វើឲ្យសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព នៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បន្តថា កន្លងទៅថ្មីៗនេះ កម្ពុជា គឺជាប្រទេសសមាជិកជាដៃគូសកល ដើម្បីលុបបំបាត់អំពើហិង្សាលើកុមារ ដែលជាទំព័រសករាជថ្មី ក្នុងការបោះជំហានទៅមុខ ដើម្បីចូលរួមជាមួយបណ្តាប្រទេសជាសមាជិកដទៃទៀត ក្នុងសកលលោក ក្នុងឆន្ទៈបង្ហាញការប្តេជ្ញាចិត្តរួមគ្នា លុបបំបាត់អំពើហិង្សាលើកុមារ និងអំពើរំលោភបំពានគ្រប់រូបភាពមកលើកុមារ សំដៅធ្វើឲ្យកាន់តែប្រសើរឡើងនូវការអនុវត្តអនុសញ្ញា ស្តីពី សិទ្ធិកុមារ។ អាស្រ័យហេតុនេះហើយ ទើបកម្ពុជា បានក្លាយជាប្រទេសឈានមុខក្នុងបណ្តាប្រទេសអាស៊ាន ដែលបានធ្វើការអង្កេតសិក្សា ស្រាវជ្រាវពីស្ថានភាពអំពើហិង្សាលើកុមារ ដែលមានលក្ខណៈវិទ្យាសាស្ត្រក្នុងការកំណត់ពីទំហំ វិសាលភាព ការផ្តល់ភស្តុតាងជាក់លាក់នៃអំពើហិង្សាលើកុមារ ផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទ ដែលកុមារបានជួបប្រទះ រួមទាំងបញ្ហាប្រឈមនានា។
ក្នុងសារលិខិតដដែល សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តប្តេជ្ញាចិត្ត លើកកម្ពស់ការគោរពសិទ្ធិកុមារ និងផ្តល់កិច្ចការពារយ៉ាងពេញទំហឹងនៅគ្រប់ស្ថានភាព ដោយបានបង្កើតនូវយន្តការជាច្រើន ក្នុងការគ្រប់គ្រង និងផ្តល់សេវាដល់មុខសញ្ញាកុមារទូទៅ កុមារងាយរងគ្រោះ និងកុមាររងគ្រោះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ បន្តពង្រឹងយន្តការសម្របសម្រួលក្នុងការបង្ការទប់ស្តាក់ អន្តរាគមន៍ និងការឆ្លើយតបលើករណីកុមារ ដើម្បីលើកកម្ពស់ និងផ្តល់សេវាយុត្តិធម៌សង្គម ដោយធានាឲ្យមានសមភាពរវាងកុមារា និងកុមារី ព្រមទាំងបង្កើនឱកាសស្នើភាពគ្នា ក្នុងកម្លាំងចលករសង្គម សម្រាប់ជីវភាពសាធារណៈ ជីវភាពនយោបាយ សកម្មភាពសង្គម វប្បធម៌ សិល្បៈ សាសនា និងសកម្មភាពផ្សេងៗទៀត៕