វៀតណាម៖ នៅពេលថ្មីៗកន្លងទៅនេះ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសរកឃើញវីរុសបម្លែងថ្មីនៃជំងឺកូវីដ១៩មួយ ដែលបូកបញ្ចូលរវាងវីរុសបម្លែងថ្មីពីរប្រភេទដែលត្រូវរកឃើញនៅឥណ្ឌានិងអង់គ្លេស ដែលអាចរីករាលដាលយ៉ាងឆាប់រហ័សក្នុងខ្យល់អាកាស។ ក្រៅពីនេះ លោក Hans Kluge ប្រធានតំបន់អឺរ៉ុបនៃអង្គការសុខភាពពិភពលោកបានព្រមានថា បន្ទាប់ពីមានប្រជាជនយ៉ាងហោចណាស់៧០ភាគរយចាក់វ៉ាក់សាំង ទើបជំងឺកូវីដ១៩អាចបញ្ចប់ ។
ព្រមពេលជាមួយគ្នានេះ លោកបានថ្លែងថា ការចាក់វ៉ាក់សាំងជំងឺកូវីដ១៩នៅអឺរ៉ុបនៅតែដំណើរការយឺតយ៉ាវណាស់ ។
តាមការផ្សាយដំណឹងឱ្យដឹងថា កាលពីថ្ងៃទី២៩ខែឧសភា លោក Nguyen Thanh Long រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាមបានថ្លែងថា វីរុសបម្លែងថ្មីមានលក្ខណៈចម្រុះនេះគឺមានគ្រោះថ្នាក់ណាស់ ព្រោះវាមានសមត្ថភាពរីករាលដាលកាន់តែខ្លាំងក្លាដែលអាចរីករាលដាលយ៉ាងឆាប់រហ័សក្នុងខ្យល់អាកាស ។ វីរុសចម្រុះដែលត្រូវរកឃើញថ្មីនេះនៅមិនទាន់ត្រូវដាក់ឈ្មោះទេ ។
លោក Hans Kluge ប្រធានតំបន់អឺរ៉ុបនៃអង្គការសុខភាពពិភពលោកបានថ្លែងថា កាលណាអត្រាចាក់វ៉ាក់សាំងរបស់យើងឈានដល់៧០ភាគរយដែលជាអត្រាគ្របដណ្តប់ទាបបំផុត នោះ ទើបការរីករាលដាលអាចបញ្ចប់ ។ លោកបានថ្លែងទៀតថា លោកព្រួយបារម្ភខ្លាំងបំផុតគឺវីរុសបម្លែងថ្មីនេះមានលក្ខណៈរីករាលដាលខ្លាំងជាងមុន៕