Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

នៅពន្ធនាគារខេត្តកំពង់ស្ពឺ មានករណីទី១ អ្នកទោសជាស្រ្តី​ ស្លាប់ដោយសារកូវីដ-១៩

Sang Kim | Jun 02, 2021
នៅពន្ធនាគារខេត្តកំពង់ស្ពឺ មានករណីទី១ អ្នកទោសជាស្រ្តី​ ស្លាប់ដោយសារកូវីដ-១៩
Clinic narith

(កំពង់ស្ពឺ)៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា អ្នកទោសជាស្រ្តីម្នាក់អាយុ៦៦ឆ្នាំ បានស្លាប់នៅក្នុងពន្ធនាគារ ខេត្តកំពង់ស្ពឺ បន្ទាប់ពីសង្ស័យជាបឋមថា ឆ្លងកូវីដ-១៩ ពីគ្រូពេទ្យព្យាបាលអ្នកទោសម្នាក់ នៅក្នុងពន្ធនាគារនេះ។

ឯកឧត្តម វ៉ី សំណាង បញ្ជាក់ថា «មូលហេតុនៃការឆ្លង បើតាមការស្រាវជ្រាវ តែមិនទាន់ច្បាស់ការ គឺពេទ្យក្នុងពន្ធនាគារ ដែលគាត់ជាអ្នកព្យាបាលអ្នកទោស ក្នុងពន្ធនាគារនឹង ​គាត់មានកូនអ្នកធ្វើការនៅរោងចក្រ ហើយឪ និងកូន នឹងគាត់ជួបគ្នារាល់ថ្ងៃ នៅផ្ទះជាមួយគ្នា ហើយឆ្លងពីកូនមក ពេលគាត់មកព្យាបាលអ្នកទោស ក៏ឆ្លងចូលក្នុងហ្នុងទៅ នេះតាមព័ត៌មានបឋម»។

អ្នកទោសស្ត្រីម្នាក់អាយុ៦៦ឆ្នាំ ឈ្មោះ ឡាំ សុខា បានស្លាប់​ដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី៣១ ខែឧសភាកន្លងទៅ។ អ្នកស្លាប់ម្នាក់នេះ គឺស្ថិតនៅក្នុងចំណោម អ្នកទោសជាង១០០នាក់ បានឆ្លងជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារ ខេត្តកំពង់ស្ពឺ។ អ្នកទោសម្នាក់នេះ មានជំងឺប្រចាំកាយច្រើន មុនពេលឆ្លងជំងឺកូវីដ-១៩។

ឯកឧត្តម វ៉ី សំណាង បន្ថែមថា «ពិតស្លាប់ដោយសារកូវីដ តែគាត់មានជំងឺប្រចាំកាយច្រើន ប៉ុន្តែក៏នៅពេលវាមានមេរោគកូវីដ-១៩ ចូលទៅធ្វើឱ្យគាត់នឹងមានបញ្ហាធ្ងន់ធ្ងរ ទ្រសភាពការណ៍មិនបាន ក៏ទទួលមរណៈភាពទៅ។ មកដល់ពេលនេះ មានអ្នកទោស ឆ្លងកូវីដ-១៩ ជាង១០០នាក់ក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ»។

អ្នកទោសនៅក្នុងពន្ធនាគារ ខេត្តកំពង់ស្ពឺ សរុបទាំងអស់ ចំនួន ១៨០២នាក់ ប៉ុន្តែនៅពេលមានការផ្ទុះឆ្លងកូវីដ-១៩ អាជ្ញាធរខេត្ត បានញែកទោសចេញជាពីរផ្នែក នៅក្នុងពន្ធនាគារនេះ មួយផ្នែកអ្នកជំងឺកូវីដ-១៩ ដាក់អាគារផ្សេង សម្រាប់ឱ្យក្រុមគ្រួពេទ្យ​ព្យាបាល និងមួយផ្នែកទៀត សម្រាប់អ្នកទោសមានសុខភាពធម្មតា ដាក់ដាច់ដោយឡែក កុំឱ្យឆ្លងកូវីដ-១៩។ អាជ្ញាធរខេត្ត ​​​​គ្មានគោល​​​ការណ៍ ឱ្យអ្នកឆ្លងជាង១០០នាក់នេះ ចេញទៅព្យាបាលជំងឺនៅខាងក្រៅទេ។

ឯកឧត្តម វ៉ី សំណាង បញ្ជាក់ទៀតថា «យើងអត់មានលទ្ធភាពយកគាត់ចេញក្រៅទេ ដោយសារតែអ្នកទោសម្នាក់ ត្រូវមានអនុរក្សតាមមើលចំនួន៣នាក់ ដូច្នេះ បើសីនជាឱ្យគាត់ចេញក្រៅ យើងត្រូវការមនុស្សពាន់នាក់ ការពារពួកគាត់ អញ្ចឹងយើងរកវិធានមួយញែកពួកគាត់ នៅក្នុងពន្ធនាគារ អ្នកឈឺនៅមួយចំហៀង និងអ្នកជានៅមួយចំហៀង»។​