Alynana Media Cambodia
Icon Collap
clinic narit

ឥណ្ឌា៖ អ្នកស្លាប់ជិត ៤,០០០នាក់ ដោយសារកូវីដ-១៩ និងឆ្លងថ្មីៗជាង ៧០,០០០នាក់ នៅថ្ងៃចន្ទនេះ

Sang Kim | Jun 14, 2021
ឥណ្ឌា៖ អ្នកស្លាប់ជិត ៤,០០០នាក់ ដោយសារកូវីដ-១៩ និងឆ្លងថ្មីៗជាង ៧០,០០០នាក់ នៅថ្ងៃចន្ទនេះ
Clinic narith

(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៧០,៤២១ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេស កើនឡើងដល់ ២៩,៥១០,៤១០នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ។

នេះគឺជាថ្ងៃទី៧ជាប់ៗគ្នាហើយ ដែលប្រទេសឥណ្ឌា បានប្រកាសពីការរកឃើញករណីឆ្លងថ្មីៗក្រោម ១០០,០០០ករណី ក្នុងរយៈពេលជាង ២ខែមកនេះ។ យ៉ាងណាមិញ សម្រាប់ចំនួនអ្នកស្លាប់ប្រចាំថ្ងៃវិញ ហាក់នៅតែខ្ពស់ដដែល ដោយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា មានអ្នកស្លាប់ថ្មីៗដោយសារជំងឺ COVID-19 នៅប្រទេសឥណ្ឌាចំនួន ៣,៩២១នាក់ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេស កើនឡើងដល់ ៣៧៤,៣០៥នាក់ ខណៈអ្នកជំងឺសរុបចំនួន ២៨,១៦២,៩៤៧នាក់ បានជាសះស្បើយឡើងវិញ។

ទន្ទឹមនឹងនេះដែរ ហាងលក់ទំនិញ និងភោជនីយដ្ឋានទាំងអស់ ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនៅតំបន់រដ្ឋធានី ញូដេលី ចាប់ពីថ្ងៃចន្ទនេះតទៅ ដោយសារចំនួនករណីឆ្លងប្រចាំថ្ងៃបានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។ ប៉ុន្តែសាលារៀន មហាវិទ្យាល័យ ស្ថាប័នអប់រំផ្សេងទៀត កន្លែងហែលទឹក និងកន្លែងហាត់ប្រាណ នៅតែបន្តបិទទ្វារដដែល។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌា បានចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ជូនដល់ប្រជាជនរបស់ខ្លួននៅទូទាំងប្រទេស កាលពីខែមករា ហើយរហូតមកទល់ឥឡូវ ប្រទេសដែលមានប្រជាជនសរុបជាង ១.៣ពាន់លាននាក់នេះ បានចាក់វ៉ាក់សាំងជូនដល់ប្រជាជនរបស់ខ្លួន សរុបខ្ទង់ ២៥៥លានដូសហើយ៕