ការលុបបំបាត់ភាពអត់ឃ្លាននៅឆ្នាំ ២០៣០ ដែលជាកម្មវត្ថុសហវត្សរ៍របស់អង្គការសហប្រជាជាតិ ទំនងមិនអាចសម្រេចទៅបានដូចបំណងប្រាថ្នាទេ។ វិបត្តិកូវីដ១៩ បានចូលមកបង្អាក់និងរុញពិភពលោកឱ្យធ្លាក់ក្នុងស្ថានភាពខ្វះអាហារកាន់តែធ្ងន់ធ្ងរទៅវិញ។ នេះបើតាមរបាយការណ៍រួមរបស់ទីភ្នាក់ងារស្បៀងអាហារអង្គការសហប្រជាជាតិ(FAO) និងអង្គការ កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច OCDE ចេញផ្សាយនៅថ្ងៃចន្ទទី ៥ កក្កដា ២០២១។
វិស័យកសិកម្មនិងចំណីអាហារ ធន់នឹងវិបត្តិកូវីដ១៩ ជាងវិស័យសេដ្ឋកិច្ចផ្សេងៗមែន ប៉ុន្តែ ឥទ្ធិពលនៃការបាត់បង់ចំណូល បូកផ្សំនឹងវិបត្តិអតិផរណា (តម្លៃស្បៀងអាហារឡើងថ្លៃ) បានធ្វើឱ្យប្រជាពលរដ្ឋជាច្រើន លែងមានលទ្ធភាពទទួលទានអាហារគ្រប់គ្រាន់។ នេះបើតាមរបាយការណ៍ស្តីអំពីទស្សនៈវិស័យកសិកម្ម ដោយលម្អិតថាកម្មវត្ថុរបស់អង្គការសហប្រជាជាតិដែលចង់លុបបំបាត់ភាពអត់ឃ្លានឱ្យបាននៅឆ្នាំ២០៣០ ត្រូវជួបឧសបគ្គ។
អង្គការទាំងពីរប្រមើលឃើញថា នៅ១០ឆ្នាំខាងមុខ សេចក្តីត្រូវការស្បៀងអាហារជាមធ្យមនៅលើពិភពលោក នឹងកើនឡើង៤% ប៉ុន្តែកំណើនមានជាសំខាន់តែនៅក្នុងបណ្តាប្រទេសមានចំណូលមធ្យម។ ចំណែកនៅក្នុងប្រទេសមានចំណូលទាប ក្រីក្រខ្លាំង ដូចជានៅអាហ្វ្រិកកណ្តាលវិញ របបអាហារនៅតែដដែលពុំបានប្រសើរឡើងទេ ពោលគឺមានប្រជាពលរដ្ឋអាហ្វ្រិកប្រមាណជាង ២២៤,៣លាននាក់រស់ក្នុងភាពអត់ឃ្លាននៅឡើយ នៅអំឡុងពេលពី ឆ្នាំ២០១៧-២០១៩។ ហើយនៅ១០ឆ្នាំខាងមុខ កំណើនស្បៀងអាហារមានត្រឹម២,៥% មានន័យពួកគេអាចទទួលទានអាហារមានជីវជាតិនិងថាមពលត្រឹមតែ២៥០០Kcal/ក្នុងមួយថ្ងៃ តែប៉ុណ្ណោះ នៅឆ្នាំ២០៣០។
ស្តីអំពីអាហារផ្តល់ជាតិប្រូតេអ៊ីន (សាច់សត្វ) វិញ ដើម្បីបរិស្ថាន ក្រុមប្រទេសអ្នកមានចាប់បន្ថយការទទួលទានសាច់ក្រហម (សាច់គោ សាច់ជ្រូក សាច់ចៀម...) ដោយងាកទៅរកសាច់បក្សី អាហារធ្វើទឹកដោះ។ ប៉ុន្តែសេចក្តីត្រូវការផ្នែកចិញ្ចឹមសត្វ យកសាច់ និងចិញ្ចឹមត្រី កើនឡើងខ្លាំងនៅក្នុងបណ្តាប្រទេសមានចំណូលមធ្យម។ ការបរិភោគសាច់នឹងកើនឡើង១១% ប្រទេសមានចំណូលមធ្យម ដោយមានគំលាតជាមួយប្រទេសអ្នកមានត្រឹមតែ៤% នៅឆ្នាំ២០៣០ ពោលគឺពលរដ្ឋម្នាក់ទទួលទានសាច់ជាមធ្យម៣០ក្រាមម្នាក់/ថ្ងៃ។
ប៉ុន្តែបន្ទាប់ពីបានឡើងថ្លៃ តាំងពីពាក់កណ្តាលឆ្នាំ២០២០មក តម្លៃផលិតផលកសិកម្មនិងស្បៀងអាហារ នឹងត្រូវធ្លាក់ចុះមកវិញបន្តិច នៅទសវត្សរ៍ខាងមុខ ព្រោះផលិតផលកសិកម្មពិភពលោកនឹងកើនឡើង១,៤% ចំណែកសេចក្តីត្រូវការរបស់ចិនក៏នឹងបន្ថយល្បឿន។ នេះបើតាមការព្យាកររបស់អង្គការFAO និងអង្គការOCDE ដដែល៕