(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលអាមេរិកនៅថ្ងៃអាទិត្យ ទី២២ សីហានេះ បានចុះបញ្ជីឈ្មោះក្រុមហ៊ុនអាកាសចរណ៍ធំៗ ជាច្រើនរបស់អាមេរិក ដើម្បីជម្លៀសប្រជាជនអាហ្វហ្កានីស្ថាន និងជនបរទេសរាប់ម៉ឺននាក់ចេញពីទីក្រុងកាប៊ុល បន្ទាប់ពីសកម្មភាពជ្រុលនិយមរបស់ក្រុមតាលីបង់មានការធ្លាក់ចុះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១។
មន្ទីរប៉ង់តាហ្គោនបាននិយាយថា រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Lloyd Austin បានដាក់ដំណើការឱ្យកងនាវាចរអាកាសស៊ីវិលដែលកម្រប្រើប្រាស់ ដើម្បីជួយដឹកជញ្ជូនមនុស្សនៅមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈឹមបូព៌ា។
សេចក្តីថ្លែងការណ៍មួយបាននិយាយថា «សមត្ថភាពរបស់នាយកដ្ឋានការពារជាតិអាមេរិក (DOD) ក្នុងការបង្កើតកងកម្លាំងយោធាត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងឧស្សាហកម្មពាណិជ្ជកម្ម ដែលផ្តល់នូវសមត្ថភាពដឹកជញ្ជូន ក៏ដូចជាបណ្តាញសកលដើម្បីបំពេញតម្រូវការប្រចាំថ្ងៃ និងពេលមានអាសន្ន»។
សេចក្តីថ្លែងការដដែលនេះបានបន្ថែមទៀតថា «យន្តហោះស៊ីវិលចំនួន ១៨ គ្រឿងមកពីក្រុមហ៊ុនអាកាសចរណ៍អាមេរិច ដូចជា Atlas, Delta, Omni, Hawaiian និង United នឹងជួយដល់ប្រតិបត្តិការដឹកជញ្ជូនទំនិញយោធារាប់សិបគ្រឿង ដែលពាក់ព័ន្ធនឹងការជម្លៀសមនុស្សចេញ»។
ជំនួសឲ្យធ្វើការចេញចូលរដ្ឋធានីកាប៊ូល យន្តហោះទាំងនោះនឹងដឹកជញ្ជូនមនុស្សពីមូលដ្ឋានទ័ពអាមេរិកនៅប្រទេសកាតា បារ៉ែន និងអេមីរ៉ាតអារ៉ាប់រួម ទៅកាន់បណ្តាប្រទេសនៅអឺរ៉ុប និងជាច្រើនទៀតទៅកាន់សហរដ្ឋអាមេរិក៕