មេដឹកនាំក្រុមតាលីបង់ថ្មីរបស់អាហ្វហ្គានីស្ថាន បានដាក់បទបញ្ជាមួយចំនួននៅជុំវិញអាកាសយានដ្ឋានកាប៊ុលដែលមានភាពច្របូកច្របល់នៅថ្ងៃអាទិត្យនេះ ដោយប្រាប់មនុស្សតម្រង់ជួរឲ្យមានសណ្តាប់ធ្នាប់នៅខាងក្រៅខ្លោងទ្វារធំៗ និងមិនអនុញ្ញាតឲ្យហ្វូងមនុស្សប្រមូលផ្តុំគ្នានៅជុំវិញនោះឡើយ ។
មន្រ្តីណាតូ និងតាលីបង់បាននិយាយថា មនុស្សយ៉ាងតិច ១២ នាក់ត្រូវបានសម្លាប់នៅក្នុង និងជុំវិញអាកាសយានដ្ឋានដែលមានផ្លូវហោះហើរតែមួយ ចាប់តាំងពីថ្ងៃអាទិត្យសប្តាហ៍មុន ។ សាក្សីបាននិយាយថា អ្នកខ្លះត្រូវបានគេបាញ់ ហើយអ្នកផ្សេងទៀតបានស្លាប់ដោយសាររត់ជាន់គ្នា ។
ទន្ទឹមនោះ ហ្វូងមនុស្សកាន់តែច្រើនឡើងនៅឯអាកាសយានដ្ឋាន ស្ថិតក្នុងរលកកម្ដៅ និងធូលីពេញមួយថ្ងៃកាលពីសប្តាហ៍មុន ដោយរង់ចាំប្រតិបត្តិការជម្លៀស ខណៈដែលសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតព្យាយាមជម្លៀសអ្នកការទូត និងជនស៊ីវិលរាប់ពាន់នាក់ព្រមទាំងជនជាតិអាហ្វហ្គានីស្ថានជាច្រើននាក់ ។
មន្រ្តីតាលីបង់ម្នាក់បាននិយាយជាមួយ Reuters កាលពីថ្ងៃសៅរ៍ថា ហានិភ័យផ្នែកសន្តិសុខមិនអាចជៀសផុតនោះទេ ប៉ុន្តែក្រុមនេះមានបំណងធ្វើឲ្យស្ថានភាពប្រសើរឡើង និងផ្តល់ច្រកចេញដោយរលូនសម្រាប់មនុស្សដែលព្យាយាមចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន ។
គួរបញ្ជាក់ថា ការវាយដណ្តើមយកអាហ្វហ្គានីស្ថានបានយ៉ាងឆាប់រហ័សរបស់តាលីបង់ បានបង្កឲ្យមានការភ័យខ្លាចនៃការសងសឹក និងការវិលត្រឡប់ទៅរកច្បាប់ឥស្លាមដ៏អាក្រក់ ដែលក្រុមមូស្លីមនិកាយស៊ុននីបានអនុវត្ត នៅពេលដែលខ្លួនកាន់អំណាចកាលពី ២ ទសវត្សរ៍មុន ៕