តាំងពីឡើងមកកាន់កាប់ប្រទេសរុស្ស៊ីនៅឆ្នាំ១៩៩៩មក ពូទីន សម្រេចបានជោគជ័យរហូត នៅក្នុងប្រទេស នៅក្នុងលំហអតីតសហភាពសូវៀត និង នៅលើឆាកអន្តរជាតិ។ មកទល់ពេលនេះ ពូទីន ឈ្នះគ្រប់សង្គ្រាម។ ពូទីន ឈ្នះសង្គ្រាមនៅក្នុងប្រទេសរុស្ស៊ី ពោលគឺនៅឆេតឆេនី(Tchétchénie)ប្រឆាំងនឹងពួកផ្តាច់ទឹកដីនិយម ក្នុងខែកុម្ភៈឆ្នាំ២០០០។ ពូទីន ឈ្នះសង្គ្រាមនៅ ហ្សកហ្ស៊ី (Georgie)ក្នុងខែសីហា២០០៨ ដោយរុញច្រានកងទ័ពហ្សកហ្ស៊ីចេញពីតំបន់អបគមន៍ អាប់កាហ្ស៊ី (Abkhazie) និងអូស្សេទីខាងត្បូង (Ossétie du Sud)។ ពូទីន ឈ្នះសង្គ្រាមនៅស៊ីរី ដោយជួយរបប បាស្ហារ អាល-អាស្សាដ(Bachar Al-Assad) ទប់ទល់នឹងពួកប្រឆាំងដែលគេហៅថាទ័ពឧទ្ទាម តាំងពីឆ្នាំ២០១៥មកម្ល៉េះ។ ក្រៅពីនេះ ពូទីន ក៏ឈ្នះដែរ គ្រប់ការប្រទាញប្រទង់ភូមិសាស្ត្រនយោ បាយ។ ជាក់ស្តែង ពូទីន ទទួលជោគជ័យក្នុងការលូកដៃក្នុងសង្គ្រាមនៅដុងបាស់(Donbass) ប៉ែកឦសាននៃអ៊ុយក្រែន ជាទី ដែលកងទ័ពអ៊ុយក្រែន ច្បាំងគ្នានឹងពួកអ្នករុស្ស៊ីនិយម និងផ្តាច់ទឹកដីនិយម តាំងពីឆ្នាំ២០១៤មកម្ល៉េះ។
ពូទីន កញ្ឆក់យកបានគ្រីមេ(Crimée)ពីដៃអ៊ុយក្រែន នៅឆ្នាំ២០១៤ ក្រោមមូលហេតុថា រុស្ស៊ីត្រូវតែការពារជនជាតិរុស្ស៊ីនៅគ្រីមេ និង ក្រោមមូលហេតុថា ប្រជាជននៅគ្រីមេ សម្រេចប្រកាសឯករាជ្យ រួចហើយ ផ្តាច់ខ្លួនចេញពី អ៊ុយក្រែន មកចុះចូលជាមួរុស្ស៊ី។ ពូទីន ទទួលជោគជ័យ តាំងពីឆ្នាំ២០២១មក ក្នុងការប្រែក្លាយ បេឡូរុស្ស (Biélorussie) ឱ្យទៅជាប្រទេសរណបរុស្ស៊ីទាំងស្រុង។ ពូទីន ក៏ទទួលបានជោគជ័យដែរ នៅកាហ្សាក់ស្ថាន(Kazakhstan) ក្នុងខែមករា២០២២ ក្នុងការបញ្ជូនទ័ពទៅជួយរបបរបស់តូកៃអេហ្វ(Tokaiev) ដើម្បីវាយបង្ក្រាបក្នុងថ្លុកឈាម ពួកបាតុករបះបោរ។ ជារួម តាំងពីឆ្នាំ១៩៩៩មក តាមរយៈសង្គ្រាម ឬ តាមរយៈទង្វើហ៊ានជ្រុលមួយចំនួន ពូទីន ពិតជាធ្វើឱ្យរុស្ស៊ីទទួលបានវិញជាបណ្តើរៗ នូវលក្ខន្តិកៈជាមហាអំណាចភូមិសាស្ត្រនយោបាយ មិនត្រឹមតែនៅក្នុងលំហអតីតសហភាពសូវៀតប៉ុណ្ណោះទេ ប៉ុន្តែ នៅមជ្ឈិមបូព៌ា និង នៅទ្វីបអឺរ៉ុបថែមទៀត។
បើសិនជាមកទល់ពេលនេះ ពូទីន អាចសម្រេចជោគជ័យទាំងអស់នេះបាន គឺពីព្រោះតែមូលហេតុសំខាន់ៗបីយ៉ាង។ ម្យ៉ាង ជាច្រើនឆ្នាំកន្លងមកហើយ ពូទីន ពង្រឹងកម្លាំងយោធា ពិសេសដោយសារតែចំណូលបានពីការលក់ឧស្ម័នធម្មជាតិនិងប្រេងកាត។ ម្យ៉ាងទៀត ពូទីន ពង្រឹងអំណាចរបស់ខ្លួន,ប្រជាប្រិយភាពរបស់ខ្លួន, របបនៅក្រេមឡាំង(Kremlin) និងឯកភាពជាតិ នៅចំពោះមុខបស្ចិមលោក ដោយ សារតែសុន្ទរកថានយោបាយមួយ ដែល មានមូលដ្ឋាន នៅលើជាតិនិយមរុស្ស៊ី និងការស្រណោះស្រណោកអតីតសហភាពសូវៀត។ រីឯមូលហេតុម្យ៉ាងចុងក្រោយ ដែលអនុញ្ញាតឱ្យ ពូទីន ទទួលបានជោគជ័យគ្រប់បែបយ៉ាង និង នៅគ្រប់ទីកន្លែងមកទល់ពេលនេះ គឺមកពី គ្មានអ្នកណា និងគ្មានប្រទេសណា សាកល្បងរារាំងសកម្មភាពរបស់ ពូទីន ឡើយ។ និយាយបែបផ្សេង មកទល់ឥឡូវ រុស្ស៊ីរបស់ ពូទីន ខ្លាំង ពីព្រោះតែ បស្ចិមលោក កំសាក និង បែកបាក់គ្នា។
យ៉ាងណាមិញ ជាមួយសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន អ្វីៗផ្តើមប្រែប្រួល និងកំពុងបន្តប្រែប្រួល សម្រាប់ពូទីន។ ជាបឋម សង្គ្រាមនៅអុយក្រែន មិនមែនជាចម្បាំងធម្មតានិងតូចតាច ដូចអ្វីដែលរុស្ស៊ីរបស់ពូទីនធ្លាប់ពើបប្រទះមកទល់ពេលនេះ នៅត្រង់ថា បើកុំរាប់បញ្ចូលរុស្ស៊ីក្នុងទ្វីបអឺរ៉ុប អ៊ុយក្រែនជាប្រទេសអឺរ៉ុបធំជាងគេបង្អស់គឺប្រមាណជាជាង៦០ម៉ឺនគីឡូម៉ែត្រក្រឡា។ បន្ទាប់មកទៀត នៅលើសមរភូមិមហាសែនធំមួយនេះ កងទ័ពរុស្ស៊ី ត្រូវប្រឈមមុខនឹងជាតិនិយមមួយក្លៀវក្លាអស្ចារ្យ ដែល នៅក្រោមការនាំមុខរបស់ប្រធានាធិបតី អ៊ុយក្រែន ហ្សេលេនស្គី(Zelensky) ប្រមូលផ្តុំប្រជាជាតិជាធ្លុងមួយ។ នៅចុងក្រោយបង្អស់ ហើយនេះជាកត្តាសំខាន់ លើកនេះ បស្ចិមលោក សម្រេចចិត្តខ្ទប់រុស្ស៊ីរបស់ពូទីន។ ជាការពិត បស្ចិមលោកមិនធ្វើអន្តរាគមន៍នៅអ៊ុយក្រែនទេ ដើម្បីជៀសវាងកុំឱ្យសង្គ្រាមលោកលើកទី៣ផ្ទុះឡើង និងដើម្បីជៀសវាងសង្គ្រាមនុយក្លែអ៊ែរ ដ្បិត អាមេរិក បារាំង និងអង់គ្លេស សុទ្ធសឹងជាមហាអំណាចនុយក្លេអ៊ែរ ដូចរុស្ស៊ីដែរ។ ប៉ុន្តែ បស្ចិមលោកសម្រេចធ្វើសង្គ្រាមប្រឆាំងរុស្ស៊ីដោយប្រយោល តាមរយៈការប្រកាសផ្តល់ជំនួយយោធាច្រើនក្រាស់ក្រែលឱ្យអ៊ុយក្រែន, និងតាមរយៈការសម្រេចដាក់ទណ្ឌកម្មដំណាលគ្នាប្រកបដោយលក្ខណៈជាសកលនិងធ្ងន់ធ្ងរមែនទែន មិនដែលមាន ទៅលើរុស្ស៊ី។
ច្បាស់ណាស់ ពូទីន ឥឡូវ មិនដូច ពូទីន ពីមុនទៀតទេ។ នៅឆ្នាំ១៩៩៩ នៅពេលដែលយែលស៊ីន(Eltsine) ចាកចេញពីតំណែង និងប្រគល់អំណាចរដ្ឋទៅឱ្យ ពូទីន ដែលជាអតីតមន្ត្រីជាន់ខ្ពស់នៃក្រសួងស៊ើបការណ៍សម្ងាត់KGB រុស្ស៊ីកំពុងធ្លាក់ខ្លួនខ្សោយមែនទែន នៅលើឆាកអន្តរជាតិ។ នៅពេលនោះនិងតរហូតដល់ឆ្នាំ២០០៨ ពូទីន នៅចេះទន់ភ្លន់ និងបត់បែន។ ពូទីន ឥឡូវ ជាបុរសខ្លាំងនិងមានគោលដៅច្បាស់លាស់ដែលគ្មានអ្នកណាអាចមើលធ្លុះឡើយ។ តើ សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ក្នុងគ្រាបច្ចុប្បន្ន មានគោលដៅត្រឹមតែរារាំងកុំឱ្យអ៊ុយក្រែនចូលជាសមាជិករបស់ណាតូតែប៉ុណ្ណោះទេ? ឬ វាជាការផ្តើមឡើងនៃបេសកម្មមួយធំធេងជាងនេះ នោះគឺអូសទាញបណ្តាបរទេសដែលត្រូវតែស្និទ្ធស្នាលជាងគេបង្អស់ជាមួយរុស្ស៊ី ដូចជា អ៊ុយក្រែន ហ្សកហ្ស៊ី បេឡូរុស្ស និងកាហ្សាកស្ថាន។ល។ មកដាក់ក្រោមការត្រួតត្រារបស់រុស្ស៊ីដោយចំពោះឬដោយប្រយោល? ឬមួយក៏សង្គ្រាមឈ្លានពានអ៊ុយក្រែន នេះ ជាប្រតិបត្តិការមួយសងសឹកបស្ចិមលោក ដោយធ្វើដូចបស្ចិមលោក? ត្រង់នេះ គេត្រូវដឹងថា ក្រៅពីការពង្រីកណាតូមកកាន់ប៉ែកខាងកើតកៀកជិតឡើងៗនឹងទឹកដីរុស្ស៊ី មានព្រឹត្តិការណ៍អន្តរជាតិពីរដែលធ្វើឱ្យពូទីន លែងទុកចិត្តបស្ចិមលោក និងគុំកួនបស្ចិមលោក។ ទីមួយ គឺការណ៍ដែល អាមេរិកធ្វើសង្គ្រាម វាយរំលំរបបរបស់សាដាំ ហ៊ុសសេន(Saddam Hussein)នៅអ៊ីរ៉ាក់ ក្នុងឆ្នាំ២០០៣ ដោយភូតហើយចោទប្រកាន់ថា អ៊ីរ៉ាក់បង្កើតអាវុធប្រល័យលោក និងដោយរំលោភបំពានទៅលើច្បាប់អន្តរជាតិ។ ទីពីរ គឺ ប្រតិបត្តិការសឹករបស់ណាតូ ទៅលើ ស៊ែប៊ីរបស់មីឡូសេវីក(Milosevic) មុននឹងបស្ចិមលោកទាំងមូលទទួលស្គាល់ ដោយខុសច្បាប់អន្តរជាតិដូចគ្នា ឯករាជ្យរបស់កូសូវ៉ូ (Kosovo) ដែលប្រកាសផ្តាច់ខ្លួនចេញពីស៊ែប៊ី នៅឆ្នាំ២០០៨។ អ្វីៗដែលរុស្ស៊ីធ្វើ ចុងក្រោយនេះ ពិសេសសង្គ្រាមឈ្លានពានអ៊ុយក្រែន នៅថ្ងៃ២៤កុម្ភៈ២០២២ ជាក់ច្បាស់ណាស់ គឺជាការំលោភច្បាប់អន្តរជាតិ។ មិនតែប៉ុណ្ណោះ វាប៉ះពាល់ ចង់ឬមិនចង់ ដល់សីលធម៌ នៅត្រង់ថា លើកនេះ រុស្ស៊ីផ្តាច់ការឈ្លានពានអ៊ុយក្រែនប្រជាធិបតេយ្យ។ ធ្ងន់ធ្ងរជាងនេះទៅទៀត គឺសង្គ្រាមឈ្លានពាននេះ កើតឡើងនៅលើទ្វីបអឺរ៉ុប។
អ៊ីចឹងហើយ បានជារុស្ស៊ី ឋិតនៅក្នុងស្ថានភាពទូទៅមួយអាក្រក់ជាទីបំផុត តាំងពីចប់សង្គ្រាមត្រជាក់នៅឆ្នាំ១៩៩១មក។ រុស្ស៊ីឯកកោខ្លាំងនៅលើឆាកអន្តរជាតិ បាត់បង់មិត្ត សូម្បីតែសម្ព័ន្ធមិត្តជាប្រវត្តិសាស្ត្រដូចជាឥណ្ឌា ឬសម្ព័ន្ធមិត្តយុទ្ធសាស្ត្រដូចជាចិន ក៏លែងហ៊ានឬលែងចង់ចេញមុខការពារដែរ។ ដូចគ្នា នៅទីបំផុត ដោយហេតុតែសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ពូទីន បាននិងកំពុងបន្តធ្វើឱ្យអ្វីៗដែលមិននាំប្រយោជន៍ដល់រុស្ស៊ីទាល់តែសោះ រីកធំនិងរឹងមាំឡើងវិញ។ ជាក់ស្តែង ណាតូដែលពូទីនខ្លួនឯង វាយតម្លៃថាហួសសម័យនិងដែលរហូតដល់ចុងឆ្នាំ២០២០ អតីតប្រធានាធិបតីអាមេរិកត្រាំ(Trump) ជាន់ឈ្លីសឹងខ្ទេចខ្ទី មានដង្ហើមវែងរស់រវើកឡើងវិញ។ សហភាពអឺរ៉ុបដែលបាត់បង់ឥទ្ធិពល តាំងពីអង់គ្លេសដើរចេញទៅនៅដើមឆ្នាំ២០២០ និងដែលបាក់បែកប្រេះឆាខ្លាំងជាច្រើនឆ្នាំកន្លងមកហើយ ក្លាយជាប្លុកមួយរឹងមាំឡើងវិញ។ មិនតែប៉ុណ្ណោះ អឺរ៉ុប ក្នុងនាមជាអង្គការតំបន់មួយដែលតាំងពីដើមទីមក មិនដែលសម្រេចបានសោះឡើយ ប្រព័ន្ធការពាររួមមួយ ស្រាប់តែត្រូវបង្ខំចិត្តផ្តល់សន្ទុះថ្មីដល់គោលគំនិតដ៏ចាំបាច់មួយនេះ ក្រោមការផ្តួចផ្តើមរបស់ប្រធានាធិបតីបារាំងម៉ាក្រុង(Macron)។
ម្ល៉ោះហើយ បើអូសបន្លាយយូរនិងបើបណ្តាលឱ្យជនជាតិអ៊ុយក្រែន និងទាហានរុស្ស៊ីស្លាប់កាន់តែច្រើន សង្គ្រាមនឹងក្លាយយូរឬឆាប់ជាវិបត្តិធ្ងន់ធ្ងរ សម្រាប់រុស្ស៊ីរបស់ពូទីន ដូចសង្គ្រាមនៅអាហ្កានីស្ថាន ឆ្នាំ១៩៧៩-១៩៨៩ ជាបញ្ហារ៉ាំរ៉ៃសម្រាប់សហភាពសូវៀត។ នៅក្នុងបរិបទបែបនេះ គ្រប់សេណារីយ៉ូនៃសង្គ្រាមនៅអ៊ុយក្រែន មិនអាចបង្កើតស្តែងឡើង នូវលទ្ធផលវិជ្ជាមានទេ សម្រាប់ ពូទីន។ និយាយបែបផ្សេង សង្គ្រាមនៅអ៊ុយក្រែន អាចជាសង្គ្រាមចុងក្រោយរបស់ពូទីន៕
ប្រភព : ហ្សង់ ហ្រ្វង់ស័រតាន់