(ភ្នំពេញ)៖ សមាគមអចលនទ្រព្យសកល (GRA) ដែលមានលោកឧកញ៉ា សំ សុខនឿន ជាប្រធាន និងសមាគមមិត្តយើង ដែលមានលោក គឹម កែវរស្មី ជាប្រធាន កាលពីរាត្រីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំប្រតិភូ និងសហការី ចុះចែកអំណោយជូនដល់បងប្អូនអ្នករត់ស៊ីក្លូចំនួន ១០០នាក់ នៅរាជធានីភ្នំពេញ។
តាមការបញ្ជាក់របស់លោកឧកញ៉ា សំ សុខនឿន បានឲ្យដឹងថា ការសហការគ្នារៀបចំកម្មវិធីសប្បុរសធម៌នេះ ដោយស្ថិតក្នុងរដូវរងា។ ហេតុនេះ ប្រធានសមាគមទាំងពីរ ក៏បានរៀបចំអំណោយជាអាវរងា និងគ្រឿងឧបភោគបរិភោគមួយចំនួន ចែកជូនដល់បងប្អូនអ្នករត់ស៊ីក្លូចំនួន ១០០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានអាវរងា ១, អង្ករ ៥គីឡូក្រាម, ម្ស៉ៅស៊ុប ១ថង់ធំ និងទឹកត្រី-ទឹកស៊ីអ៊ីវ ២ដប។
គួរបញ្ជាក់ថា កន្លងមកសមាគមអចលនទ្រព្យសកល តែងរៀបចំកម្មវិធីសប្បុរសធម៌ និងចែកអំណោយជាបន្ដបន្ទាប់ ដល់កុមារកំព្រារ និងចាស់ជរា ក៏ដូចជាសហការជាមួយរដ្ឋបាលខេត្តមួយចំនួន ដើម្បីរួមចំណែកសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ខខ្វះខាត និងចូលរួមសកម្មសង្គម ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងការរីលរាល នៃជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជាទៀតផង៕