អភិបាលខេត្តព្រះសីហនុ លោក គូច ចំរើន បានព្រមានបុគ្គលដែលជាអ្នកផ្តើមគំនិត និងអ្នកប្រព្រឹត្ត កំពុងរុករានទន្ទ្រានកាន់កាប់ កាប់ឆ្ការ ឈូសឆាយ ដុតហ៊ុមព័ទ្ធ សាងសង់សំណង់មិនរៀបរយ ស្នាក់នៅ ដាំដំណាំផ្សេងៗនៅក្នុងដីគម្របព្រៃឈើ ដីព្រៃលិចទឹកដីព្រៃកោងកាង ត្រូវចាកចេញពីទីតាំងទាំងនេះ និងប្រគល់ជូនរដ្ឋវិញ មិនអ៊ីចឹងនឹងប្រឈមមុខចំពោះច្បាប់ដែលអាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររាប់សិបឆ្នាំ និងការពិន័យជាប្រាក់ផងដែរ។
លោក គូច ចំរើន បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តព្រះសីហនុ ស្តីពីការចាកចេញពីទីតាំងដីគម្របព្រៃឈើ ដីព្រៃលិចទឹក ដីព្រៃកោងកាង ដីតំបន់អភិរក្ស ដីនៅស្ថានីយដាំឈើអូរថ្ម ដីឧទ្យានជាតិ ដីឧទ្យានជាតិសមុទ្រ របៀងអភិរក្សជីវចម្រុះ ដីតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ និងដីកម្មសិទ្ធិឯកជន ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុថា បុគ្គលពាក់ព័ន្ធរួមមាន ៖ អ្នកផ្តើមគំនិត អ្នកសមគំនិត អ្នកប្រព្រឹត្ត និងអ្នកញុះញង់ ដែលបាន និងកំពុងរុករានទន្ទ្រានកាន់កាប់ កាប់ឆ្ការ ឈូសឆាយ ដុតហ៊ុមព័ទ្ធ សាងសង់សំណង់មិនរៀបរយស្នាក់នៅដាំដំណាំផ្សេងៗនៅក្នុងទីតាំងខាងលើ ថា «សកម្មភាពទាំងអស់ខាងលើនេះ គឺជាបទល្មើសដែលមានចែងក្នុងក្រមរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ ច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីជលផល ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងច្បាប់ភូមិបាល ដែលនៅជាធរមាន»។លោកអភិបាលខេត្តព្រះសីហនុ បានព្រមានថា «ក្នុងន័យនេះ ដើម្បីជៀសវាងការប្រឈមទោសទណ្ឌតាមផ្លូវច្បាប់ រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវ ជាថ្មីម្តងទៀតដល់បុគ្គលពាក់ព័ន្ធទាំងអស់ ត្រូវបញ្ឈប់រាល់សកម្មភាពទាំងឡាយដូចមានរៀបរាប់ខាងលើ ដោយធ្វើការរុះរើសំណង់ និងការ្យផ្សេងៗ ហើយចាកចេញពីទីតាំងដី រួចប្រគល់ជូនអាជ្ញាធរកាន់កាប់ដីរដ្ឋ និងម្ចាស់កម្មសិទ្ធិស្របច្បាប់» ។ ប្រភពដដែលបានព្រមានថា បុគ្គលពាក់ព័ន្ធទាំងឡាយណាដែលបានធ្វើសកម្មភាពដូចបានរៀបរាប់ខាងលើ នឹងត្រូវផ្តន្ទាទោសតាមមាត្រាច្បាប់ដូចខាងក្រោម៖ ១-មាត្រា៩៧ និងមាត្រា ៩៨ នៃច្បាប់ស្តីពីព្រៃឈើ ជនណាដែលបានប្រព្រឹត្តបទល្មើសដូចជា៖ ក្លែងបន្លំលិខិតសាធារណៈដែលពាក់ព័ន្ធនឹងវិស័យព្រៃឈើ ឬសត្វព្រៃ បំផ្លាញ លាក់បាំង លក់ ឬលួចវត្ថុតាងព្រៃឈើ កំទេច ផ្លាស់ប្តូរ លុបបំបាត់ ឬធ្វើឱ្យខូចខាតដល់ព្រំសីមានៃតំបន់ព្រៃឈើ កាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ ត្រៀវ បំពុល កាប់បំផ្លាញ ផ្តួលរំលំដើមឈើ ឬគាស់រំលើងប្រមូលគល់ឈើ បង្កឱ្យភ្លើងឆេះព្រៃដោយចេតនា ត្រូវផ្តន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់ទី១ ដែលត្រូវជាប់ពន្ធនាគារពី ០៥(ប្រាំ)ឆ្នាំ ទៅ ១០(ដប់)ឆ្នាំ និងត្រូវរឹបអូសវត្ថុតាងទាំងអស់មកជាសម្បត្តិរដ្ឋ។ ករណីជនប្រព្រឹត្តបទល្មើស ។ សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តបានបន្តថា ក្នុងករណីបុគ្គលទាំងនោះ «មិនរាងចាល ត្រូវផ្តន្ទាទោសទ្វេរដងនៃទោសខាងលើ» ។ បន្ថែមពីលើនេះបុគ្គលដែលកំពុងរុករានទន្ទ្រានដីព្រៃលិចទឹក ដីព្រៃកោងកាង និងដីរបស់រដ្ឋផ្សេងៗទៀត គឺប្រឈមមុខនឹងបទល្មើសផ្សេងទៀត ដូចជា មាត្រា ៩៨ នៃច្បាប់ស្តីពីជលផល បានចែងថា ត្រូវផ្តន្ទាទោសក្រោមបទល្មើសជលផលថ្នាក់ ទី១ ដែលត្រូវដាក់ពន្ធនាគារពី ០៣(បី)ឆ្នាំ ទៅ ០៥(ប្រាំ)ឆ្នាំ និងវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ឬបំផ្លាញចោល និងដកហូតកិច្ចព្រមព្រៀង ឬលិខិតអនុញ្ញាត ចំពោះជនណាដែលកាប់ឆ្ការគាស់រាន ឈូសឆាយព្រៃលិចទឹក និងព្រៃកោងកាង ឬហ៊ុមព័ន្ធកាន់កាប់ព្រៃលិចទឹក និងព្រៃកោងកាង ។ ចំពោះជនណាប្រព្រឹត្តបទល្មើសជលផលថ្នាក់ទី១ ចាប់ពី ២ ដងឡើងទៅ ត្រូវផ្តន្ទាទោសទ្វេដង នៃបទល្មើសជលផលថ្នាក់ទី១ នៃមាត្រានេះ ៕