ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាសហប្រធាន “កិច្ចប្រជុំកំពូលដើម្បីសន្តិភាពនៅលើឧបទ្វីបកូរ៉េ” នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២២០២២ខាងមុខ នៅប្រទេសកូរ៉េ ដោយមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខអារដ្ឋាភិបាលនៃបណ្ដាប្រទេសលើពិភពយ៉ាងច្រើន ហើយនៅទីនោះសម្តេចនឹងទទួលពានរង្វាន់សន្តិភាពសុនហាក់ (SUNHAK Peace Prize Foundation) ផងដែរ។
មូលនិធិពានរង្វាន់សន្តិភាពស៊ុនហាក់ បានរៀបចំសន្និសីទព័ត៌មានមួយនៅល្ងាចថ្ងៃទី ៧ ខែកុម្ភៈ ដោយប្រកាសពីជ័យលាភីពានរង្វាន់សន្តិភាពប្រចាំឆ្នាំ២០២២របស់ខ្លួន។ ម្ចាស់ជ័យលាភីចំនួន ៣ ត្រូវបានប្រកាសក្នុងកម្មវិធីនេះ រួមមាន សហអ្នកបង្កើតវ៉ាក់សាំង Oxford-AstraZeneca , សម្ព័ន្ធវ៉ាក់សាំង GAVI និងសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
មេដាយមាស និង ថវិកា១លានដុល្លារ នឹងត្រូវប្រគល់ជូនសម្តេច ហ៊ុន សែន ក្នុងអំឡុងជំនួបកំពូល «សន្តិភាពពិភពលោក» ឆ្នាំ២០២២ នេះតែម្ដង ។ កាលពីថ្ងៃទី៤ ខែកុម្ភៈ សម្តេច ហ៊ុន សែន បានប្រកាសថា ថវិកាចំនួន ១ លានដុល្លារអាម៉េរិកទទួលបានពីពានរង្វាន់ សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ នឹងត្រូវប្រើប្រាស់សម្រាប់ការបន្តសាងសង់លំនៅឋានជូនអតីតយុទ្ធជនកម្ពុជា។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិងកំពុងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីសន្តិភាព ដោយបានចូលរួមយ៉ាងសកម្ម ក្នុងវេទិកាសន្តិភាពអន្តរជាតិ និងគំនិតផ្ដួចផ្ដើមសន្តិភាព រួមទាំងកម្មវិធីដែលរៀបចំឡើងដោយសហព័ន្ធសន្តិភាពសកល (UPF) ហើយជាពិសេស បានបង្ហាញពីភាពជាអ្នកដឹកនាំឆ្នើមសម្រាប់ការអភិវឌ្ឍដោយចីរភាព នៅអាស៊ីអាគ្នេយ៍ ។
សម្តេចនាយករដ្ឋមន្ត្រី បានធ្វើជាសហប្រធាននៃ«កិច្ចប្រជុំកំពូលស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ» ស្របតាមគម្រោងសន្តិភាពកូរ៉េតែមួយ ដែលជាដំណើរការសន្តិភាពថ្មី នៅលើឧបទ្វីបកូរ៉េ ហើយដែលស្នើឡើងដោយលោកស្រីបណ្ឌិត ហាក់ ចាហាន់ មូន។
កិច្ចប្រជុំកំពូលដើម្បីសន្តិភាពនៅឧបទ្វីបកូរ៉េ គឺជាគំនិតផ្ដួចផ្ដើមរបស់អង្គការអន្តរជាតិមួយ ដែលបានចាប់ផ្ដើមក្នុងខែកញ្ញា ឆ្នាំ២០២១ ដោយមានមេដឹកនាំនិងបញ្ញវន្តមកពីប្រទេសចំនួន ១៥៧ ហើយដែលមានទំនាក់ទំនងការទូតរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ដើម្បីសន្តិភាពនៅលើឧបទ្វីបកូរ៉េ។ ត្រង់ចំណុចនេះ សម្ដេច បានបង្ហាញការដឹកនាំដើម្បីឈានដល់ការបង្កើតទំនាក់ទំនងអន្តរកូរ៉េ។
មែនទែនទៅ ពានរង្វាន់សន្តិភាពស៊ុនហាក់ គឺជាមហាកិត្តិយសដ៏ធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាទាំងមូល និងស័ក្ដិសមបំផុតចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលជា «បិតាស្ថាបនិកសន្តិភាព» ដែលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងបញ្ញាញាណ ព្រមទាំងបានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបេសកកម្ម ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
ការដឹកនាំបញ្ចប់សង្គ្រាមបង្ហូរឈាម ក្រោមនយោបាយឈ្ន-ឈ្នះ នៅកម្ពុជា ធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាពពេញបរិបូរណ៍ ការបង្រួបបង្រួមជាតិ និងឯកភាពទឹកដីពេញលេញ មានការធានាឯករាជ្យ និងអធិបតេយ្យជាតិ។ ទន្ទឹមនោះ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ ព្រមទាំងធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងមានកិត្យានុភាពនៅលើឆាកអន្តរជាតិគឺជាយុទ្ធសាស្ត្រចម្បងរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។
នៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី 7 ខែកុម្ភៈឆ្នាំ 2012 នេះនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា លោក ឯក ណាត ដាកាល់ (Ek Nath Dhakal, Chair, UPF Asia Pacific and Special Envoy of the World Summit 2022) បានថ្លែងថា ពានរង្វាន់ស្ថាបនិកសន្តិភាពស៊ុនហាក់ ដែលបានផ្ដល់ជូនដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានេះ គឺជាការឆ្លុះបញ្ចាំងអំពីភាពជាអ្នកដឹកនាំ និងការអភិវឌ្ឍ នៅក្នុងប្រទេសកម្ពុជា, នៅតំបន់អាស៊ីអាគ្នេយ៍, អាស៊ីប៉ាស៊ីហ្វិក, ប្រធានកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំអន្តរជាតិជាច្រើន និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិភពលោក ដែលផ្ដោតទៅលើការចូលរួមចំណែក នៃការបង្រួបបង្រួមឧបទ្វីបកូរ៉េ និងសន្តិភាពពិភពលោក រួមទាំងការប្រកាសអំពីសហភាពនៃអាស៊ីប៉ាស៊ីហ្វិក ហើយនេះ គឺជាការចូលរួមចំណែកចេញពីប្រទេសកម្ពុជា ទៅក្នុងតំបន់ ក៏ដូចជាទៅកាន់ពិភពលោក ដែលសម្តេចតេជោ ត្រូវតែទទួលបាននូវរង្វាន់ស្ថាបនិកសន្តិភាពនេះ។
ទាក់ទងទៅនឹងសំណួរដែលបានលើកឡើងថា ហេតុអ្វីបានជានៅក្នុងអាស៊ាន មានតែសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបានពានរង្វាន់នេះ ? លោក Ek Nath Dhakal ថ្លែងថា តួនាទីនៃអាស៊ីប៉ាស៊ីហ្វិកមានសារៈសំខាន់ណាស់។ លោកថា ឆ្នាំ២០២០ ពានរង្វាន់ស្ថាបនិកសន្តិភាពស៊ុនហាក់នេះ បានផ្ដល់ជូនទៅលោក បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ហើយនៅឆ្នាំ២០២២នេះ ពានរង្វាន់ស្ថាបនិកសន្តិភាពស៊ុនហាក់ បានប្រគល់ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ដោយសារតែកម្ពុជាបានដើរតួនាទីដ៏សំខាន់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នៅក្នុងការចូលរួមចំណែកសម្រាប់សន្តិភាពពិភពលោក និងនាំមកនូវការចូលរួមចំណែក ដើម្បីស្វែងរកសន្តិភាព ដែលលោកបានប្រកាសយ៉ាងក្លាហាន ក្នុងការស្វែងរកសន្តិភាព ជាពិសេសគោលការណ៍សន្តិភាពសំរាប់ពិភពលោកទាំងមូល។
គួរបញ្ជាក់ផងដែរថា ពានរង្វាន់សន្តិភាពស៊ុនហាក់ ត្រូវបានបង្កើតឡើង ដើម្បីទទួលស្គាល់ឥស្សរជន និងស្ថាប័ននានា ដែល បានបម្រើមនុស្សជាតិដែលអាចជាគំរូមួយ ធ្វើឱ្យពិភពលោកកាន់តែមានភាពប្រសើរឡើង សម្រាប់មនុស្សជំនាន់ក្រោយ ខណៈពានរង្វាន់សន្តិភាពអន្តរជាតិនេះ បានបង្កើតឡើងដើម្បីរំលឹកដល់ទស្សនៈវិស័យសន្តិភាពរបស់ ស្ថាបនិកគឺលោក ស៊ុនម្យ៉ុនមូន និងលោកស្រីបណ្ឌិត ហាក់ ចាហាន់ មូន៕