ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នាពេលថ្មីៗនេះ បានសម្រេចទទួលស្គាល់គ្រឹះស្ថានឧត្តមសិក្សាថ្មីមួយ ដោយបានអនុញ្ញាតឲ្យសាកលវិទ្យាល័យនេះ បណ្ដុះបណ្ដាលកម្រិតបរិញ្ញាបត្រ ដែលមានមហាវិទ្យាល័យចំនួន ៥ នេះបើយោងតាមអនុក្រឹត្យមួយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រីកម្ពុជានាថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២២។
សាកលវិទ្យាល័យថ្មីនេះមានឈ្មោះថា សាកលវិទ្យាល័យកម្ពុជាគ្រប់គ្រងនិងបច្ចេកវិទ្យា CAMBODIA UNIVERSITY OF MANAGEMENT AND TECHNOLOGY (CUMT) ហើយអ្វីដែលជាគួរឲ្យចាប់អារម្មណ៍នោះគឺគ្រឹះស្ថានឧត្តមសិក្សាមួយនេះ ត្រូវបានផ្តួចផ្តើមនិងស្នើសុំដោយបញ្តវន្តឥស្លាមក្នុងនិងក្រៅប្រទេស សហការណ៍គ្នាបំណងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍មូលធនមនុស្សនៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម បណ្ឌិត ហូសេន មូហាំម៉ាត់ហ្វារីត ទីប្រឹក្សាក្រសួងធម្មការនិងសាសនា និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រងនិងបច្ចេកវិទ្យាបានឲ្យដឹងថា សព្វថ្ងៃប្រទេសកម្ពុជាយើងកំពុងមានការអភិវឌ្ឍជឿនលឿនគ្រប់សវិស័យ ហើយ តម្រូវការធនធានមនុស្សដែលប្រកបដោយសមត្ថភាពពិតជាមានសារៈសំខាន់នៅក្នុងបរិបទនេះ ដូច្នេះទើបឯកឧត្តមនិងក្រុមបញ្ញវន្តជាអ្នកឯកទេសក្នុងនិងក្រៅប្រទេសបានរួមកម្លាំងគ្នាបង្កើតសាកលវិទ្យាល័យនេះឡើងដែលបណ្តុះបណ្តាលតាមកម្មវិធីសិក្សាស្តង់ដានិងស្របតាមបរិបទពិភពលោក ។ ឯកឧត្តមបានថ្លែងថាវាជាប្រវត្តិសាស្ត្រមួយសម្រាប់សហគមន៍ខ្មែរឥស្លាមផងដែល សាកលវិទ្យាល័យនេះមានស្ថាបនិកជាខ្មែរឥស្លាម ហើយឯកឧត្តមបានសម្តែងនូវ សេចក្តីអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជននិងកីឡា ថ្នាក់ដឹកនាំខ្មែរឥស្លាម និងជាពិសេសសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែនដែលបានផ្តល់ការអនុញ្ញាតឲ្យបើកសាកលវិទ្យាល័យនេះហើយអាចចាត់ទុកថាវាជាការផ្តល់ជូនថ្មីមួយ ទៀតសម្រាប់សហគមន៍ខ្មែរឥស្លាមដែលសម្តេចតេជោជានិច្ចកាលតែងតែយកចិត្តទុកដាក់ ។
ឯកឧត្តម ស្លេះ ណាស៊ី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យថ្មីនេះ ក៏បានឲ្យដឹងដែរថា សាកលវិទ្យាល័យមានទីតាំងនៅតាមបណ្តោយផ្លូវ៥៩៨ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នឹងបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រ លើមហាវិទ្យាល័យចំនួន៥ គឺ មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសង្គម មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា និងមហាវិទ្យាល័យអភិវឌ្ឍជនបទ ។ ឯកឧត្តមបន្តថា សាកលវិទ្យាល័យកម្ពុជាគ្រប់គ្រង និងបច្ចេកវិទ្យាមានចក្ខុវិស័យចង់ក្លាយជាគ្រឺះស្ថានឧត្តមសិក្សាមួយ ដែលមានឧត្តមភាព កិត្យានុភាព និងផលិតភាពក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងការស្រាវជ្រាវ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកស្ទួយវិស័យ អប់រំឱ្យកាន់តែល្អប្រសើរស្របតាមគោលនយោបាយ ស្តីពីចក្ខុវិស័យឧត្តមសិក្សា ២០៣០។
គួរជម្រាបឲ្យដឹងដែរថា នៅប្រទេសកម្ពុជារហូតមកដល់ពេលនេះមានសាកលវិទ្យាល័យឯកជនជាច្រើនត្រូវបានរាជរដ្ឋាភិបាលបានអនុញ្ញាត ឲ្យបើកនិងដំណើរការប៉ុន្តែសម្រាប់សាកលវិទ្យាល័យដែលផ្តួចផ្តើមដោយក្រុមបញ្ញវន្តខ្មែរឥស្លាមនេះ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រសហគមន៍ខ្មែរឥស្លាម៕