(ស្ទឹងត្រែង)៖ ដើម្បីការពារ និងអភិរក្សជីវិតសត្វព្រៃ ធនធានធម្មជាតិដែលកំពុងរងការគំរាមកំហែងយ៉ាងខ្លាំងពីសំណាក់ជនល្មើស ក្រសួងបរិស្ថាន បានសហការជាមួយអង្គការដៃគូនានា បានប្រកាសបើកជាផ្លូវការយុទ្ធនាការអន្ទាក់សូន្យ ក្នុងតំបន់ការពារធម្មជាតិ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ នៅតាមបណ្តាខេត្តគោលដៅដែលក្នុងនោះ ខេត្តស្ទឹងត្រែង គឺជាខេត្តទី១ នៃការធ្វើយុទ្ធនាការនេះ ទី២៖ ខេត្តក្រចេះ ទី៣៖ ខេត្តមណ្ឌលគីរី ទី៤៖ ខេត្តរតនគិរី ទី៥៖ ខេត្តព្រះវិហារ និងទី៦៖ ខេត្តកំពង់ធំ។
ជាក់ស្តែងនាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ក្រសួងបរិស្ថាន រដ្ឋបាលខេត្តស្ទឹងត្រែង មន្ទីរបរិស្ថាន និងអង្គការមូលនិធិ សកលសម្រាប់ធម្មជាតិ WWF ព្រមទាំងសហគមន៍ក្នុងខេត្តស្ទឹងត្រែង ដែលជាដៃគូសហការក្នុងការងារអភិរក្ស បានបើកយុទ្ធនាការអន្ទាក់សូន្យ ដែលមានរយៈពេល១ខែ។
គោលបំណងសំខាន់នៃយុទ្ធនាការអន្ទាក់សូន្យនេះ គឺដើម្បីបញ្ឈប់ការដាក់អន្ទាក់គ្រប់ប្រភេទ និងបញ្ឈប់ការបរបាញ់សត្វព្រៃ ដោយ ខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិរបស់កម្ពុជា ធ្វើឱ្យព្រៃធម្មជាតិកាន់តែមានសុវត្ថិភាព សម្រាប់សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀតធ្វើជាជម្រកសម្រាប់រស់នៅ និងមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីបន្តពូជបង្កើតកូនពូនជាចៅរាប់ជំនាន់ទៅមុខទៀត។
ដើម្បីគាំទ្រយុទ្ធនាការនេះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន ដែលធ្វើដំណើរពីភ្នំពេញ ដើម្បីផ្តិតយករូបភាព និងខ្លឹមសារនានាជុំវិញយុទ្ធនាការនេះ យ៉ាងដូច្នេះថា៖ «លោក សូមគាំទ្រ និងជំរុញការអនុវត្តនូវច្បាប់ វិធានការយ៉ាងម៉ឹងម៉ាត់ចំពោះការធ្វើសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិ ក្នុងភូមិសាស្ត្រនៃដែនសមត្ថកិច្ចខេត្តស្ទឹងត្រែង។ ទន្ទឹមនោះធាតុចូល និងអនុសាសន៍សំខាន់ៗរបស់ថ្នាក់ដឹកនាំក្រសួងបរិស្ថាន និងដៃគូអភិវឌ្ឍន៍ទាំងអស់ក្នុងកម្មវិធីនេះ គឺជាមូលដ្ឋានគន្លឹះសម្រាប់គ្រប់ផ្នែកពាក់ព័ន្ធពិនិត្យ និងយកទៅអនុវត្តតាមតួនាទី និងភារកិច្ចឱ្យមានប្រសិទ្ធភាពខ្ពស់»។
លោកអភិបាលខេត្ត បានបញ្ជាក់ថា បានជំរុញឱ្យសមត្ថកិច្ចគ្រប់ប្រភេទក្នុងខេត្ត ត្រូវបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យមានភាពស៊ីសង្វាក់ ប្រទាក់ក្រឡាឆ្ពោះទៅអនុវត្តរាល់វិធានការទប់ស្កាត់ និងបង្ក្រាប់រាល់ទម្រង់នៃបទល្មើសធនធានធម្មជាតិ ដែលអាចនឹងឈានទៅធ្វើឱ្យខូចខាត បាត់បង់ចំពោះប្រភេទនៃធនធានកទាំងនោះក្នុងតំបន់ទេសភាព និងតំបន់ធម្មជាតិនៃដែនសមត្ថកិច្ចខេត្តរបស់ខេត្តឱ្យបានម៉ឹងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់។
បន្ថែមពីនេះលោកបានជំរុញឱ្យមានចលនាប្រជាពលរដ្ឋគ្រប់ស្រទាប់ និងគ្រប់មូលដ្ឋានឱ្យចូលរួមទប់ស្កាត់ និងថែរក្សាការពារ ស្រឡាញ់រាល់ធនធានធម្មជាតិ ជីវៈចម្រុះ ដើម្បីជាប្រយោជន៍ និងសេចក្តីថ្លៃថ្នូរសម្រាប់សង្គមជាតិ។
លោក ស្វាយ សំអ៊ាង ក៏បានអំពាវនាវឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ដៃគូអភិវឌ្ឍន៍ ផ្នែកឯកជន អាជីវករ អ្នកសារព័ត៌មាន មន្ត្រីរាជការ និងប្រជាពលរដ្ឋ រួមគ្នាបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា។ ចំពោះគម្រោងវិនិយោគនៅថ្នាក់មូលដ្ឋាន ពិសេសគម្រោមូលនិធិឃុំ សង្កាត់ត្រូវដាក់បញ្ចូលនូវផែនការសកម្មភាព និងថវិកាសម្រាប់ការចូលរួមទប់ស្កាត់ និងការពារធនធានធម្មជាតិក្នុងមូលដ្ឋាន។
លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងឆ្នាំកន្លងមកខេត្តស្ទឹងត្រែង ដោយមានការគាំទ្រ ពីក្រសួងបរិស្ថាន ក៏បានរៀបចំពិធីដុតបំផ្លាញនូវអាវុធ និងឧបករណ៍កែច្នៃខុសច្បាប់ ដែលមួយផ្នែកមានសមត្ថកិច្ចប្រមូល និងដកហូតបានរួមមានអាវុធកែច្នៃចំនួន ៩៧ដើមអន្ទាក់ ចំនួន ២,៥៦២ខ្សែ មងទាក់សត្វព្រៃ ចំនួន១២៧ត្បូង ស្មើនឹង ៦,៧៥០ម៉ែត្រ និងឧបករណ៍ឆក់ត្រី ៣៣គ្រឿង។ ក្នុងពេលចំពោះមុខក៏នឹងត្រូវបន្តអនុវត្តវិធានការនេះឱ្យកាន់តែមុតស្រួចបន្ថែមទៀត៕