Alynana Media Cambodia
Icon Collap
clinic narit

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​អនុវត្ត​ដីកា ​បង្កក​ទ្រព្យសម្បត្តិ​របស់​ឈ្មួញ​កែច្នៃ​សំណាក​សត្វព្រៃ​ម្នាក់

Admin Alynana | Apr 08, 2022
កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​អនុវត្ត​ដីកា ​បង្កក​ទ្រព្យសម្បត្តិ​របស់​ឈ្មួញ​កែច្នៃ​សំណាក​សត្វព្រៃ​ម្នាក់
Clinic narith

ភ្នំពេញៈ កម្លាំង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ និង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​អនុវត្ត​ដីកា​បង្កក​ទ្រព្យសម្បត្តិ​ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​ ៦ មេសា នៅ​ភូមិ​កណ្ដាល សង្កាត់​រលួស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ក្រោយពី​ឈ្មួញ​កែច្នៃ​សំណាក​សត្វព្រៃ​ម្នាក់ និង​កូន​ ៤​ នាក់ ត្រូវបាន​ចាប់​ឃុំ​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​ព្រៃស​។

ដីកា​ចុះ​ថ្ងៃទី ១៩ មីនា ឆ្នាំ​ ២០២២ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន នៅ​ថ្ងៃទី​ ៧ មេសា ដែលមាន​លោក​ ស៊ិន សុវណ្ណរ័ត្ន ជា ចៅក្រម​ស៊ើបសួរ​បាន​បង្ហាញថា ជន​ទី​ ១ ដែល​ត្រូវ​ចោទ​ក្នុង​សំណុំ​រឿងនេះ ឈ្មោះ​ ឡា សេងងួន ភេទ​ប្រុស អាយុ​ ៤២ ​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះ​លេខ ​៣៨ ភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ជន​ត្រូវ​ចោទ​បាន​លែងលះ​ប្រពន្ធ និង​មានកូន​ចំនួន​ ៤ ​នាក់ ជា​នីតិជន ​(​ឃាត់ខ្លួន​)​។

ដីកា​បន្តថា ជន​ទី ​២ ពាក់ព័ន្ធ​ក្នុង​រឿងនេះ​ជា​ម្ចាស់​គណនី​ឈ្មោះ SOK THEARA ស្នាក់​នៅផ្ទះ ក្នុង​ដីឡូត៍​ធ្វើ​សិប្បកម្ម​ឈើ​នៅ​ម្តុំ​ហ្គ្រេន​ភ្នំពេញ​ (​គេចខ្លួន​)​។ ជន​ទី​ ៣ ឈ្មោះ លីហេង ហួរ ស្នាក់នៅ​ម្តុំ​ក្រោយ​វត្ត​និរោធ និង​មាន​តូប​លក់​អីវ៉ាន់​ឈ្មោះ អាម៉ី​គ្រឿង​ខ្មែរ តូប​លេខ​ ២ ក្នុង​ផ្សារ​ទួលទំពូង ដែលមាន​ភ្លុក ទុក​លក់​ឱ្យ​ម៉ូយ​ (​គេចខ្លួន​)​ និង​ជន​ទី​ ៤ ជា​ម្ចាស់​គណនី​ឈ្មោះ​ សី ហួរ​ (​គេចខ្លួន​)​។

ដីកា​ដដែល​បង្ហាញថា ត្រូវ​ដាក់ឱ្យ​ស្ថិតក្រោម​ការពិនិត្យ​ពីបទ​យក​ធ្វើជា​កម្មសិទ្ធិ សន្និធិ និង​កែច្នៃ​សំណាក​សត្វព្រៃ​ក្នុង​ក្រុម​មាន​ដោយ​កម្រ ធ្វើ​ពាណិជ្ជកម្ម សន្និធិ កែច្នៃ សំណាក​សត្វព្រៃ​ក្នុង​ក្រុម មាន​ដោយ​បង្គួរ ដោយ​គ្មាន​លិខិតអនុញ្ញាត យក​ធ្វើជា​កម្មសិទ្ធិ សន្និធិ កែច្នៃ​សំណាក​សត្វព្រៃ​ក្នុង​ក្រុម​ជិត​ផុត​ពូជ និង​បទ​សម្អាត​ប្រាក់​។

បើតាម​ដីកា​បទល្មើស​នេះ​ប្រព្រឹត្ត​នៅផ្ទះ​លេខ​ ៣៨ ភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ពី​ចុងឆ្នាំ​ ២០១៩ ដល់​ថ្ងៃទី​ ១៦ មីនា ឆ្នាំ​ ២០២២ បទល្មើស​ដែលមាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​មាត្រា​ ៩៦ មាត្រា​ ១៩,៩៨ នៃ​ច្បាប់​ស្តីពី​ព្រៃឈើ និង​មាត្រា ​២៩ ​ថ្មី នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម មាត្រា​ ៣ មាត្រា​ ២៩ និង​មាត្រា ៣០ ​នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​។

 

ដីកា​បញ្ជាក់ថា​៖ «​បង្កក​ទ្រព្យសម្បត្តិ​របស់​ជន​ត្រូវ​ចោទ​ឈ្មោះ​ ឡា សេងងួន ភេទ​ប្រុស អាយុ​ ៤២ ​ឆ្នាំ​។ មន្ត្រី​មាន​សមត្ថកិច្ច​ដែល​ទទួល ភារកិច្ច​អនុវត្ត​ដីកា​នេះ​ត្រូវធ្វើ​របាយការណ៍​អំពី​ការចុះអនុវត្ត​ភារកិច្ច​នេះ​ជូន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​ចំណាត់ការ​តាម​នីតិវិធី​ច្បាប់​»​។

នៅ​ថ្ងៃទី​ ៧ មេសា ភ្នំពេញ​ប៉ុស្តិ៍ បាន​ព្យាយាម​ទូរស័ព្ទ​ទៅ​លោក​ គាំ សីហា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ភ្នំពេញ​ជាច្រើនលើក​តែ​ទូរស័ព្ទ​របស់លោក​គ្មាន​អ្នកទទួល​។

នៅ​ថ្ងៃទី​ ៧ មេសា ឆ្នាំ​ ២០២២ សហគមន៍ រុក្ខវ័ន​ បាន​ប្រារព្ធ​យុទ្ធនាការ​អន្ទាក់​សូន្យ នៅ​ខេត្តស្ទឹងត្រែង​។ ព្រះសង្ឃ​ព្រះនាម ថូ ធូរស់ ព្រះចៅអធិការ​វត្ត​ប្រាសាទ​រាជា​សំរោង សង្កាត់​-​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ និង​ជា​ព្រះប្រធាន​សង្ឃ​សហគមន៍​រុក្ខវ័ន មាន​ថេរដីកា ក្នុង​យុទ្ធនាការ​នោះ​ថា មនុស្ស​គ្រប់រូប​មាន​តួនាទី​ក្នុង​ការការពារ និង​ស្តារឡើងវិញ​នូវ​សត្វព្រៃ និង​ធនធាន​ធម្មជាតិ រួមទាំង​ព្រះសង្ឃ​ពុទ្ធសាសនា​ផងដែរ​។

ព្រះអង្គ​បញ្ជាក់ថា​៖ «​យើង​ទទួលស្គាល់ថា តួនាទី​ និង​សកម្មភាព​របស់​យើង​មានការ​ជះឥទ្ធិពល​លើ​ឥរិយាបថ និង​ជំនឿ​អំពី​ការទទួលទាន​សាច់​ [​សត្វ​]​ ព្រៃ និង​ផលិតផល​សត្វព្រៃ​»​។

បើតាម​យុទ្ធនាការ​អន្ទាក់​សូន្យ​នេះ ក្នុង​ឆ្នាំ ២០២០ មាន​សត្វ​ទន្សោង​ស្លាប់​ ៦ ​ក្បាល សត្វ​ប្រើស​ស្លាប់​ ១២​ ក្បាល​។ ក្នុង​ឆ្នាំ​ ២០២១ មាន​សត្វ​ទន្សោង​ស្លាប់​ ៣ ​ក្បាល​ និង​សត្វ​ប្រើស​ស្លាប់​ ៦​ ក្បាល​។ ក្នុង​ឆ្នាំ​ ២០២២​ មាន​សត្វ​ទន្សោង​ស្លាប់​ ១ ​ក្បាល និង​ត្រូវបាន​ប្រទះឃើញ​គ្រោងឆ្អឹង​សត្វ​ទន្សោង​ ១ ​ក្បាល គ្រោង​ឆ្អឹង​សត្វ​ប្រើស ​១​ ក្បាល និង​គ្រោងឆ្អឹង​សត្វ​ឈ្លូស​ ១​ ក្បាល​៕
topic-23.-municipal-court-freezes-asset-of-wildlife-animal-seller-after-jailing-him-at-dangkor-district-on-april-06-2022-by-cnc-1