ភ្នំពេញ៖ រាជរដ្ឋាភិបាល ជំរុញការតភ្ជាប់ខ្សែបណ្តាញចរន្តប្រើប្រាស់អគ្គិសនី ឱ្យដល់ផ្ទះប្រជាពលរដ្ឋឱ្យ ១០០ភាគ រយ ដើម្បីបំពេញឱ្យបានតាមតម្រូវការប្រើប្រាស់អគ្គិសនីជូនប្រជាពលរដ្ឋ ខណៈបច្ចុប្បន្នការងារនេះសម្រេចបានប្រមាណ៩៧,៥៣ ភាគរយ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសារលិខិតជូនរួមជាតិអបអរសាទក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បានគូសបញ្ជាក់ថា ចំពោះវិស័យថាមពលអគ្គិសនីវិញ នៅឆ្នាំ២០២១ កន្លងទៅ បរិមាណថាមពលនៃប្រភពផ្គត់ផ្គង់អគ្គិសនីក្នុងស្រុកផ្ទាល់របស់កម្ពុជា សម្រេចបានជាង៩ ៧០៩ លានគីឡូវ៉ាត់ម៉ោង បើធៀបនឹងឆ្នាំមុនដែលមានជាង៨ ៦១៤លានគីឡូវ៉ាត់ម៉ោង កើនឡើង៧,៨៦%។
សម្តេចតេជោ បានបន្តថា ការតភ្ជាប់ខ្សែបណ្តាញចរន្តឱ្យដល់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ថាមពលអគ្គិសនីតាមខ្នងផ្ទះរហូតដល់ឆ្នាំ២០២១ នេះ គេហដ្ឋានប្រជាពលរដ្ឋសុទ្ធសាធបានកើនដល់ប្រមាណជាង៣លាន១សែនខ្នងផ្ទះ ត្រូវជាប្រមាណ ៨៦,៤៣% នៃចំនួនសរុបប្រមាណជាង៣លាន៦សែនខ្នងផ្ទះនិងគ្របដណ្តប់ដល់ភូមិប្រមាណ៩៧,៥៣% នៃភូមិសរុប១៤ ១៦៨ភូមិ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។
យោងតាមរបាយការណ៍របស់អាជ្ញាធរអគ្គិសនី បានឱ្យដឹងថា ការវិនិយោគលើបណ្ដាញមានប្រវែង ៤១ ៤៨៨ គីឡូ ម៉ែត្រ ក្នុងនោះ ការវិនិយោគដោយអគ្គិសនីកម្ពុជាមាន ២០ ១៥០គីឡូម៉ែត្រ និងការវិនិយោគដោយឯកជនមាន ២១ ៣៣៨គីឡូម៉ែត្រ ។
គិតត្រឹមចុងឆ្នាំ២០២១ ព្រំដែននៃអាជ្ញាបណ្ណដែលផ្តល់ដោយឱ្យអ្នកកាន់អាជ្ញាបណ្ណចែកចាយធ្វើការវិនិយោគ និងការអភិវឌ្ឍបណ្តាញចែកចាយអគ្គិសនីទាំងរដ្ឋ និងវិស័យឯកជនមានចំនួន ១៤ ១៥១ភូមិ ស្មើនឹង ៩៩.៨៨ភាគរយ នៃចំនួនភូមិសរុបទូទាំងប្រទេស។
របាយការណ៍ដដែលបានបង្ហាញដែរថា ក្នុងចំណោមភូមិដែលផ្តល់ឱ្យអ្នកកាន់អាជ្ញាបណ្ណទាំង ១៤ ១៥១ភូមិនេះ មានចំនួន ១៣ ៨១៨ភូមិ ស្មើនឹង ៩៧.៥៣% បានសាងសង់ខ្សែបណ្តាញរួច និងចំនួន ៣៥០ភូមិ ស្មើនឹង ២.៤៧% នៃចំនួនភូមិសរុបទូទាំងប្រទេសពុំទាន់មានខ្សែបណ្តាញទៅដល់ ។ សម្រាប់ភូមិដែលបានសាងសង់ខ្សែបណ្តាញរួចទាំង ១៣ ៨១៨ភូមិ មានចំនួន ១៣ ៧០៥ភូមិ ទទួលប្រភពផ្គត់ផ្គង់ពីប្រព័ន្ធបណ្តាញជាតិ មានចំនួន ១១១ភូមិ ទទួលប្រភពពីប្រទេសជិតខាង និងមានចំនួន ២ភូមិ ទទួលប្រភពពីម៉ាស៊ីនវៃសែលតូចៗ៕