
កងរាជអាវុធហត្ថ៖ នឹងអនុវត្តច្បាប់ចំពោះបុគ្គលម្នាក់ ដែលបានស្លៀកពាក់ឯកសណ្ឋានក្លែង និងការប្រើប្រាស់ឯកសារក្លែង ជាកម្លាំងកងរាជអាវុធហត្ថ។ ក្នុងសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី ៣១ ខែមេសា ឆ្នាំ ២០២២នេះ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសរសេរថា កងរាជអាវុធហត្ថបានឃើញ ក្នុងបណ្ដាញព័ត៌មានសង្គមហ្វេសប៊ុកគណនីឈ្មោះ «Da Ra» បានផ្សព្វផ្សាយរូបភាព និងការបញ្ចេញមតិមួយចំនួន។ ក្នុងនោះ ក៏ឃើញបុគ្គលនេះ បានស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថផងដែរ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា ក្រោយពីទទួលបាននូវព័ត៌មាននេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឲ្យជំនាញពាក់ព័ន្ធ ធ្វើការស្រាវជ្រាវរកអត្តសញ្ញាណបុគ្គលនោះ ដើម្បីបញ្ជាក់ការពិត។
ក្រោយពីធ្វើការស្រាវជ្រាវ និងបានស្តាប់ចម្លើយបុគ្គលឈ្មោះ ប៉ុក ដារ៉ា ជំនាញបានបញ្ជាក់ថា បុគ្គលនេះ មិនមាននៅក្នុងបញ្ជីគ្រប់គ្រងចំនួនទ័ព របស់កងរាជអាវុធហត្ថទេ។ ចំណែកឯអត្តសញ្ញាណប័ណ្ណនាយទាហាន នៃកងយោធពលខេមរភូមិន្ទលេខ ៩ស១១ធ ៨៧៣៧ ដែលមានឈ្មោះ ប៉ុក ដារ៉ា ឋានន្តរសក្តិអនុសេនីយ៍ឯក អត្តលេខ ១៧៨៧៣៣ ចុះថ្ងៃទី ៥ ខែ ០៨ ឆ្នាំ ២០២០ គឺជាឯកសារក្លែងក្លាយ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ទៀតថា អំពើរបស់បុគ្គលឈ្មោះ ប៉ុក ដារ៉ា បានប្រព្រឹត្តបទល្មើសដូចមានចែងក្នុងមាត្រា ៦១២ “បទប្រើប្រាស់ដោយខុសច្បាប់ នូវសម្លៀកបំពាក់ជាអាទិ៍ សម្រាប់អាជ្ញាធរសាធារណៈ” និងមាត្រា៦៣០ “បទប្រើប្រាស់ឯកសារសាធារណៈក្លែង” នៃក្រមព្រហ្មទណ្ឌ។ ក្នុងនោះ កងរាជអាវុធហត្ថ នឹងអនុវត្តច្បាប់ចំពោះបុគ្គល ដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ៕