Alynana Media Cambodia
Icon Collap
clinic narit

វិស័យធ្វើដំណើរ និងទេសចរណ៍ពិភពលោក នឹងស្ទុះងើបឡើងវិញនៅឆ្នាំ២០២៣

Admin Alynana | Apr 22, 2022
វិស័យធ្វើដំណើរ និងទេសចរណ៍ពិភពលោក នឹងស្ទុះងើបឡើងវិញនៅឆ្នាំ២០២៣
Clinic narith

(ម៉ានីល)៖ ក្រុមប្រឹក្សាធ្វើដំណើរនិងទេសចរណ៍ពិភពលោក (WTTC) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា វិស័យធ្វើដំណើរនិងទេសចរណ៍ពិភពលោកត្រូវបានព្យាករថានឹងវិលត្រលប់ទៅរកកម្រិតមុនពេលមានការរាតត្បាតជំងឺកូវីដ-១៩ នៅឆ្នាំ២០២៣ ហើយនឹងកើនឡើងក្នុងអត្រាមួយដែលនឹងលើសពីកំណើនផលិតផលក្នុងស្រុកសរុប (GDP) ពិភពលោក ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្នុងរបាយការណ៍មួយដែលបានចេញផ្សាយក្នុងអំឡុងសន្និសីទនៅទីក្រុងម៉ានីលរបស់ខ្លួន ក្រុមប្រឹក្សា WTTC រំពឹងថា ឧស្សាហកម្មធ្វើដំណើរនិងទេសចរណ៍នឹងមានអត្រាកំណើនជាមធ្យមប្រចាំឆ្នាំ ៥,៨% ពីឆ្នាំ២០២២ ដល់ឆ្នាំ២០៣២ ធៀបនឹងអត្រាកំណើន ២,៧% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងបង្កើតការងារថ្មីបានចំនួន ១២៦ លានកន្លែង។

ក្នុងឆ្នាំ២០១៩ វិស័យទេសចរណ៍មានចំនួនមួយភាគដប់នៃផលិតផលក្នុងស្រុកសរុប និងការងារសកល ប៉ុន្តែជំងឺរាតត្បាតបានបំផ្លាញឧស្សាហកម្មដែលមានទឹកប្រាក់ ៩,៦ប៊ីលានដុល្លារនេះ ដោយកាត់បន្ថយតម្លៃទិន្នផលរបស់ឧស្សាហកម្មនេះពាក់កណ្តាល និងធ្វើឱ្យមនុស្ស ៦២ លាននាក់គ្មានការងារធ្វើ។

ដោយអំពាវនាវឱ្យរដ្ឋាភិបាលទាំងអស់បើកព្រំដែនឡើងវិញ លោកស្រី Julia Simpson ប្រធាន WTTC ថ្លែងថា៖ «ការស្ទុះងើបឡើងវិញនឹងក្លាយជាពន្លឺងដែលនឹងចែងចាំងឡើងវិញយ៉ាងខ្លាំងក្លា។ កត្តានេះអាស្រ័យទៅលើការបើកទ្វារឡើងវិញរបស់ប្រទេសចិន»។

គោលនយោបាយ «កូវីដសូន្យ» របស់ប្រទេសចិន និងការបិទខ្ទប់នានា បានរំខានដល់ពាណិជ្ជកម្មពិភពលោក និងការធ្វើដំណើរក្នុងស្រុក និងអន្តរជាតិ។

ផលិតផលក្នុងស្រុកសរុប (GDP) របស់ឧស្សាហកម្មធ្វើដំណើរ និងទេសចរណ៍ ត្រូវបានគេមើលឃើញថាកើនឡើងដល់ទៅ ៨,៣៥ប៊ីពាន់លានដុល្លារនៅឆ្នាំនេះ និង ៩,៦ប៊ីពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ដែលជាការវិលត្រឡប់ទៅកាន់កម្រិតមុនការរាតត្បាតជំងឺកូវីដ-១៩។

ក្រុមប្រឹក្សា WTTC បានឱ្យដឹងទៀតថា ការងារទេសចរណ៍ត្រូវបានគេព្យាករថានឹងងើបឡើងវិញដល់ ៣០០លានកន្លែងនៅឆ្នាំនេះ និង ៣២៤លានកន្លែងក្នុងឆ្នាំ២០២៣ ពោលគឺជិតស្មើនឹង៣៣៣ លានកន្លែងដែលធ្លាប់ទទួលបាននៅឆ្នាំ២០១៩។

ក្រុមប្រឹក្សា WTTC បានបន្តថា នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក GDP របស់ឧស្សាហកម្មបដិសណ្ឋារកិច្ចទំនងជានឹងកើនឡើងដល់ ៣,៤ទ្រីលានដុល្លារក្នុងឆ្នាំ២០២៣ ដែលលើសពី ៣,៣ទ្រី លានដុល្លារដែលទទួលបានក្នុងឆ្នាំ២០១៩៕