Alynana Media Cambodia
Icon Collap
clinic narit

សម្តេចតេជោ ហ៊ុន សែន៖ បរិយាកាសវិនិយោគនៅកម្ពុជាមានភាពអ៊ូអរ ដោយសារកត្តា៥យ៉ាង

Admin Alynana | Apr 25, 2022
សម្តេចតេជោ ហ៊ុន សែន៖ បរិយាកាសវិនិយោគនៅកម្ពុជាមានភាពអ៊ូអរ ដោយសារកត្តា៥យ៉ាង
Clinic narith

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា បរិយាកាសវិនិយោគនៅកម្ពុជាមានភាពអ៊ូអរយ៉ាងប្រសើរ នាពេលបច្ចុប្បន្ននេះ ដោយសារតែកត្តា៥យ៉ាង។

ការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចអនុញ្ញាតឲ្យ ប្រតិភូក្រុមហ៊ុនចិនចំនួន៣ ដឹកនាំដោយ អ្នកឧកញ៉ា ចេន ហ្ស៉ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ។

នៅក្នុងជំនួបនេះ លោក ចេន ហ្ស៉ី និងថ្នាក់ដឹកនាំក្រុមហ៊ុនទាំង៣ បានថ្លែងអំរណគុណសម្តេច ដែលអនុញ្ញាតពឲ្យពួកគេចូលជួបសម្តែងការគួរសម និងស្វែងយល់អំពីបរិយាកាសវិនិយោគនៅកម្ពុជាផង។ លោក ចេន ហ្ស៉ី បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន អំពីអាជីវកម្មរបស់ក្រុមហ៊ុនទាំង៣ខាងលើ ដែលជារួមមានឧស្សាហកម្ម រ៉ែ អចលនវត្ថុ ពាណិជ្ចកម្មសំណង់ ឡូជីស្ទីក ពាណិជ្ជកម្មមូលបត្រ។ លោកបានសុំស្វែងយល់អំពីបរិយាកាសវិនិយោគនៅកម្ពុជា។

ជាកិច្ចឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍លោក ចេន ហ្ស៉ី និងតំណាងក្រុមហ៊ុនទាំង៣។ សម្តេចបានបញ្ជាក់ថា បរិយាកាសវិនិយោគនៅកម្ពុជា មានភាពអ៊ូរអរប្រសើរ ដោយមូលហេតុ៖

១៖ កម្ពុជាមានសុខសន្តិភាព ស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការវិនិយោគ
២៖ កម្ពុជាមានច្បាប់វិនិយោគ ដែលផ្តល់ភាពងាយស្រួល វិនិយោគ
៣៖ កម្ពុជាមានក្បាលម៉ាស៊ីនគ្រប់គ្រងច្រកចេញចូលតែមួយសម្រាប់ជួយសម្រួលសម្រេចការវិនិយោគ
៤៖ កម្ពុជាមិនតម្រូវឱ្យអ្នកវិនិយោគ ប្រើតែប្រាក់រៀលសម្រាប់បើកប្រាក់ខែដល់បុគ្គលិកទេ កម្ពុជាអនុញ្ញាតឱ្យប្រើប្រាស់ប្រាក់ដទៃទៀតដូចជាប្រាក់ដុល្លារជាដើម ដើម្បីបើកប្រាក់ខែឱ្យបុគ្គលិកផង និងធ្វើពាណិជ្ជកម្មនៅកម្ពុជាផង
៥៖ កម្ពុជាកម្លាំងពលកម្មវ័យក្មេងច្រើន

ចុងក្រោយសម្តេចក៏បានណែនាំដល់ លោក ចេន ហ្ស៉ី និងប្រតិភូ ស្វែងយល់បន្ថែមទៀតជាមួយ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អំពីច្បាប់ និងឱកាស វិនិយោគបន្ថែមទៀត៕