
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានចេញសេចក្តីណែនាំដល់គ្រប់ក្រសួងរដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ឱ្យរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៦៩ យាងចូល ៧០ ព្រះវស្សានៅថ្ងៃទី ១៤ ខែឧសភាឆ្នាំ ២០២២ ឱ្យស្របតាមព្រះរាជប្បវេណីពីបុរាណ។
តាមសេចក្តីណែនាំរបស់ លោក គង់ សំអុល ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដែលភ្នំពេញប៉ុស្តិ៍ទទួលបាននៅថ្ងៃទី ២៥ ខែមេសា ឱ្យដឹងថាជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល រួមជាមួយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត ព្រមទាំងប្រជារាស្ត្រទូទាំងប្រទេស តែងរៀបចំប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី។
សេចក្តីណែនាំនេះបន្តថា ការរៀបចំប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មនេះ ធ្វើឡើងស្របតាមព្រះរាជប្បវេណីពីបុរាណ ដោយចាត់ទុកព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គឺជាអាយុវឌ្ឍនមង្គលមួយដ៏ប្រសើរថ្លៃថ្លា ដែលប្រារព្ធឡើងដើម្បីសម្តែងនូវកតញ្ញុតាធម៌ ចំពោះព្រះមហាករុណាទិគុណរបស់ព្រះមហាក្សត្រ ដើម្បីថ្វាយព្រះពរសព្ទសាធុការ និងថ្វាយព្រះរាជកុសល ចំពោះព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីបានគង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិ និងជាម្លប់ដ៏ត្រជាក់ត្រជំរបស់ប្រជារាស្ត្រយូរអង្វែងតរៀងទៅ។
លោក គង់ សំអុល បានណែនាំថា គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន និងស្ថាប័នត្រូវរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយមានតុបតែងលម្អដោយភ្លើងពណ៌ ពាក្យស្លោកថ្វាយព្រះពរ សារលិខិតថ្វាយព្រះពរ និងលើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក អបអរសាទរ ជាដើម។
លោក ឈិន កេតនា អនុប្រធានអចិន្រៃ្តយ៍នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ ប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃទី ២៥ ខែមេសាថា លោកមិនមានអ្វីបន្ថែមពីសេចក្តីណែនាំនេះទេ ពោលគឺសូមឱ្យគ្រប់ក្រសួងស្ថាប័នរបស់រដ្ឋទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវចូលរួមអនុវត្តរៀបចំបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ នរោត្តម សីហមុនី តាមសេចក្តីណែនាំនេះឱ្យស្របតាមប្រវេណីជាតិ។
លោក ផុស សុវណ្ណ អ្នកនាំពាក្យក្រសួងព័ត៌មានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២៥ ខែមេសាថា ទាក់ទងទៅនឹងការរៀបចំ បុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រជារៀងរាល់ឆ្នាំ ក្រសួងព័ត៌មានតែងតែទាក់ទងទៅស្ថាប័នព័ត៌មានរបស់រដ្ឋមានវិទ្យុជាតិ សារព័ត៌មាន AKP និងទូរទស្សន៍ជាតិ ធ្វើការផ្សព្វផ្សាយនូវជីវប្រវត្តិ និងសកម្មភាពនានារបស់ព្រះករុណា នរោត្តម សីហមុនី ដើម្បីរំឭកស្នាព្រះហស្ត រួមជាមួយនឹងសមិទ្ធផលដែលព្រះអង្គបានចូលរួមបំពេញជាច្រើននាពេលកន្លងមក។
លោកថ្លែងថា៖ «យើងរំឭកនូវអ្វីដែលជាបូជនីយកិច្ចរបស់ព្រះអង្គ ចំពោះប្រទេសជាតិមាតុភូមិ។ ជាមួយគ្នានេះ យើងក៏បានណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយឯកជនទាំងអស់ឱ្យចូលរួមផ្សព្វផ្សាយនូវគ្រប់សកម្មភាពរបស់ព្រះអង្គ។ ក្រៅពីនេះ យើងក៏មានការផ្សព្វផ្សាយ សារថ្វាយព្រះពរពីឥស្សរជនជាន់ខ្ពស់កម្ពុជាមួយចំនួនថែមទៀត»។
បើតាម លោក ផុស សុវណ្ណ ក្រសួងព័ត៌មាននឹងណែនាំឱ្យមានការផ្សព្វផ្សាយនូវឯកសារពាក់ព័ន្ធផ្សេងទៀត ដែលក្រសួងព្រះបរមរាជវាំងបានផ្តល់មកឱ្យក្រសួង ព្រោះជារៀងរាល់ឆ្នាំក្រសួងតែងតែទទួលបានូវឯកសារមួយចំនួន សម្រាប់ផ្តល់ជូនទៅប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងឯកជន ដើម្បីចូលរួមផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយនៅទូទាំងប្រទេស៕