បន្ទាយមានជ័យៈ នគរបាលខេត្តបន្ទាយមានជ័យបានឃាត់ខ្លួនពលរដ្ឋខ្មែរជិត ១០០ នាក់ ដែលបម្រុងឆ្លងដែនដោយខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ ខណៈអាជ្ញាធរសូមឱ្យពលករស្របច្បាប់ដែលវិលទៅធ្វើការនៅប្រទេសថៃវិញ ត្រូវចូលទៅតាមច្រកព្រំដែនអន្តរជាតិ ដោយមានការបំពេញបែបបទត្រឹមត្រូវ។ អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ពាក់ព័ន្ធកិច្ចការព្រំដែននេះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោក សិទ្ធិ ឡោះ បានដាក់ចេញនូវបទបញ្ជាទប់ស្កាត់រាល់បទល្មើសឆ្លងដែនខុសច្បាប់ ដូចជាបទល្មើសសេដ្ឋកិច្ច បទល្មើសគ្រឿងញៀន និងប្រជាពលរដ្ឋលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់។
ជាក់ស្តែង នៅវេលាម៉ាង ១៦ និង ០០ នាទី ថ្ងៃទី ២៣ ខែមេសា លោក សួង សៅ មេបញ្ជាការ វរសេនាតូចការពារព្រំដែនគោកលេខ ៨១៥ អមដំណើរដោយលោក មាស ម៉េងហួង មេបញ្ជាការរង វរសេនាតូចការពារព្រំដែនគោកលេខ ៨១៥ បានដឹកនាំកម្លាំងប៉ុស្តិ៍ការពារព្រំដែនចំបក់សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបឹងបេងនៃអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ និងកម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃបានធ្វើការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ ដែលបម្រុងលួចឆ្លងដែនទៅប្រទេសថៃដោយខុសច្បាប់បានចំនួន ៩៥ នាក់ ត្រង់ចំណុចមាត់អូរព្រំដែនស្ថិតក្នុងភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ។
លោក សួង សៅ បន្តថា ពលករដែលបម្រុងលួចឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ចំនួន ៩៥ នាក់នោះ មាន ស្រី ៣៩ នាក់ និងកុមារ ១១ នាក់ មកពីខេត្តចំនួន ១០។ ក្នុងនោះខេត្តបន្ទាយមានជ័យ ២១ នាក់ សៀមរាប ២៩ នាក់ បាត់ដំបង ១៣ នាក់ ឧត្តរមានជ័យ ៥ នាក់ កំពង់ធំ ២ នាក់ កំពត ៨ នាក់ ព្រៃវែង ១០ នាក់ តាកែវ ៣ នាក់ ស្វាយរៀង ៣ នាក់ និងខេត្តត្បូងឃ្មុំ ១ នាក់។
លោកបន្តថា ក្រោយការឃាត់ខ្លួនសួរនាំ និងធ្វើកិច្ចសន្យារួច សមត្ថកិច្ចបានប្រគល់ពួកគាត់ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់វិធានការបន្តតាមនីតិវិធី ។
លោក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃបញ្ជាក់ថា ពលរដ្ឋទាំងនោះត្រូវបានសមត្ថកិច្ចធ្វើការអប់រំ និងឱ្យធ្វើកិច្ចសន្យាហើយអនុញ្ញាតឱ្យពួកគាត់ វិលត្រឡប់ទៅរកការងារធ្វើនៅឯស្រុកកំណើតវិញ។
ទាក់ទងនឹងបញ្ហាពលរដ្ឋឆ្លងដែននេះកម្លាំងស្នងការនគរបាលខេត្តបន្ទាយមានជ័យកំពុងស្រាវជ្រាវរកមុខសញ្ញាមេខ្សល់ដែលពាក់ព័ន្ធនាំមនុស្សឆ្លងដែនខុសច្បាប់ ដើម្បីចាប់ខ្លួនយកទៅផ្តន្ទាទោស ។
អភិបាលរងខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលយើងបានខិតខំធ្វើការសម្របសម្រួលជាមួយក្រសួងការងារថៃ ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរចូលតាមច្រកអន្តរជាតិ ដើម្បីបញ្ជាក់លិខិតឆ្លងដែនដែលទទួលស្គាល់ដោយកម្ពុជា-ថៃជាផ្លូវការ។
លោកថា៖ «ព្រោះយើងមិនអនុញ្ញាតឱ្យគាត់ចេញចូលតាមច្រករបៀង (ខុសច្បាប់) ដែលមិនមែនជាច្រកផ្លូវការទេ ព្រោះតាមច្រកអន្តរជាតិ មានការបំពេញបែបបទត្រឹមត្រូវតាមផ្លូវច្បាប់ គាត់អាចចេញចូលបានសម្រាប់បងប្អូនពលករ ប៉ុន្តែមិនមែនសម្រាប់ទេសចរទេ»។
លោកថា តាមគោលការណ៍ខេត្តមិនអនុញ្ញាតឱ្យចេញចូលតាមច្រករបៀងនោះទេ ខណៈកម្លាំងសមត្ថកិច្ចនៅបន្តរឹតបន្តឹងតាមខ្សែបន្ទាត់ព្រំដែនដដែល និងស្រាវជ្រាវរកមេខ្យល់ផងដែរ។
ពលករមួយរូបរស់នៅខេត្តបន្ទាយមានជ័យ ដែលទើបត្រឡប់ពីប្រទេសថៃមុនពេលចូលឆ្នាំខ្មែរ បានប្រាប់ភ្នំពេញប៉ុស្តិ៍ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា លោកមិនមានឯកសារគ្រប់គ្រាន់សម្រាប់ឆ្លងកាត់ព្រំដែនតាមច្រកដែលស្របច្បាប់ទៅថៃវិញនោះទេ ដូច្នេះមានតែរង់ចាំរដ្ឋាភិបាលទាំង ២ បើកច្រកព្រំដែនទាំងស្រុងឡើងវិញសិន។ លោកនិយាយថា៖ «ឥឡូវខ្ញុំធ្វើការឱ្យគេដកដំឡូង និងធ្វើស្រែសិន ព្រោះបើទៅវិញគេត្រូវការលិខិតឆ្លងដែន និងឯកសារផ្សេងៗ ហើយបើខ្ញុំត្រឡប់ទៅវិញមានតែតាមច្រករបៀងហើយឱ្យអ្នកនាំផ្លូវ ៨ ០០០ បាត អ៊ីចឹងខ្ញុំសម្រេចចិត្តនៅខ្មែរសិន»។
ចំណែក ស្នងការនគរបាលខេត្តបាត់ដំបងលោក សាត គឹមសាន បានចេញបញ្ជាដាក់កម្លាំងជាប្រចាំ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃដើម្បីត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ-ចូលខុសច្បាប់ តាមខ្សែបន្ទាត់ព្រំដែន។ ជាក់ស្តែងនៅថ្ងៃទី ២៤ ខែមេសា កម្លាំងខេត្តបាត់ដំបងបានត្រៀមកម្លាំងចេញល្បាត រួមមាន កម្លាំងប៉ុស្តិ៍អូរអន្លក់ ចំនួន ៨ នាក់ កម្លាំងប៉ុស្តិ៍បឹងអាជាង ចំនួន ២ នាក់ និងបានសហការជាមួយកងកម្លាំងវរ:ចំណុះឱ្យកម្លាំងកងពលតូចថ្មើរជើងលេខ ៥២ កម្លាំងកងពលលេខ ៥៣ និងកម្លាំងផ្នែកសឹករងស្រុកបានចុះល្បាតត្រួតពិនិត្យនៅតាមព្រំដែន ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ និងក្តាប់សភាពការណ៍តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលជាលទ្ធផលពិនិត្យឃើញថា ពុំមានសកម្មភាពអ្វីគួរឱ្យកត់សម្គាល់ឡើយ។ យ៉ាងណាមិញលោក សាត គឹមសាន ប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកមិនទាន់ទទួលបានរបាយការណ៍សរុបពីភាគីពាក់ព័ន្ធនៅឡើយទេ។
ពាក់ព័ន្ធនឹងបញ្ហាពលករនេះដែរ យ៉ាងហោចណាស់មានពលករខ្មែរចំនួន ២ នាក់ស្លាប់ និងរបួសធ្ងន់-ស្រាលចំនួន ១២ នាក់ ខណៈរថយន្តដឹកពលករខ្មែរ ជួបគ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្រះកែវ កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២២៕