Alynana Media Cambodia
Icon Collap
clinic narit

តើអ្វី​ទៅ​ជា​បដិវត្តន៍​ពណ៌? តើបដិវត្តន៍​ពណ៌កើតឡើងដោយសារកត្តាអ្វីខ្លះ?

Admin Alynana | May 02, 2022
តើអ្វី​ទៅ​ជា​បដិវត្តន៍​ពណ៌? តើបដិវត្តន៍​ពណ៌កើតឡើងដោយសារកត្តាអ្វីខ្លះ?
Clinic narith

ចំណេះដឹងទូទៅ៖ ពាក្យ​ពីរ​ម៉ាត់​ដែល​ធ្វើឲ្យ​មេទ័ព សមរភូមិ​ដេក​មិន​លក់ បក់​មិន​ល្ហើយ​គឺ​ចលនា​មហាជន​ និង​បដិវត្តន៍​ពណ៌។ វា​មិនមែន​ជា​រឿង​ថ្មី ​ឬ ​ចម្លែក​សម្រាប់​ពិភពលោក​ទេ​ប៉ុន្តែ​អាច​ជា​រឿង​ក្តៅ​សម្រាប់​បរិបទ​នយោបាយ​របស់ប្រទេសនីមួយៗ។

អ្វី​ទៅ​ជា​បដិវត្តន៍​ពណ៌? វា​ជា​ពាក្យ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយសារ​ព័ត៌មាន​ក្នុង​ពិភពលោក​ដើម្បី​ពិពណ៌នា​អំពី​ចលនា​មហាជន​ផ្សេងៗ​ដែល​កើតឡើង​ក្នុង​សង្គម​មួយ​ចំនួន​ដូចជា​នៅក្នុង​អតីត​សហភាព​សូវៀត​និង​បាល់​កង់​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ ២០០០។

តាម​ការ​ស្រាវជ្រាវ​បដិវត្តន៍​ពណ៌​បាន​កើតឡើង​បី​ចរន្ត (Three Waves)។

ចរន្ត​ទី ១. គឺ​កើតឡើង​នៅក្នុង​ចុង​ទសវត្សរ៍​ទី ៨០ និង​ដើម​ទសវត្សរ៍​ទី ៩០ ជាក់​ស្តែង​គឺ​បដិវត្តន៍​ពណ៌​លឿង (Yellow Revolution) ឬ​បដិវត្តន៍​ហ្វីលីពីន​នៅ​ប្រទេស​ហ្វីលីពីន​នៅ​ឆ្នាំ ១៩៨៦។ វា​ជា​ចរន្ត​បដិវត្តន៍​ពណ៌​ទី ១ ក្នុង​អាស៊ី​អំឡុង​ពេល​ដំណាក់កាល​ចុងក្រោយ​នៃ​ការ​រលត់​ទៅ​នៃ​សង្គ្រាម​ត្រជាក់ និង​ការ​ដួលរលំ​សហភាព​សូវៀត។ ដោយ​ប្រជាជន​ហ្វីលីពីន​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ឥត​ស្រាកស្រាន្ត​ប្រឆាំង​នឹង​ការ​កាន់​អំណាច​យូរ​ឆ្នាំ​របស់​ហ្វេឌីណង់ម៉ាកូស​អស់​រយៈពេល​ជាង ២០ ឆ្នាំ។ បន្ទាប់​មក​គឺ​នៅ​ភូមា​គឺ​បដិវត្តន៍​ពណ៌​ដោយ​ក្រុម​និស្សិត​ជំនាន់​ឆ្នាំ ៨៨ ប្រឆាំង​រដ្ឋាភិបាល​យោធា​ដោយ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​ការ​បះបោរ ៨៨៨៨ (8888 Uprising) ដោយសារ​តែ​វា​កើតឡើង​នៅ​ថ្ងៃ​ទី ៨ ខែ​សីហា ឆ្នាំ ១៩៨៨ ជា​ការ​ងើប​ឡើង​នៃ​កម្លាំង​ប្រជាជន​គាំទ្រ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​ភូមា។ មួយ​ទៀត​គឺ​បាតុកម្ម​គាំទ្រ​ប្រជាធិបតេយ្យ​នៅ​ទីធ្លា​ច្រក​ទ្វារ​ទៅ​កាន់​សន្តិភាព​ឋានសួគ៌ (Tiananmen Square) នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​បញ្ចប់​ទៅ​នៅ​ថ្ងៃ​ទី ៤ ខែ​មិថុនា​ឆ្នាំ ១៩៨៩ ជា​ចរន្ត​បដិវត្តន៍​ប្រឆាំង​នឹង​លទ្ធិ​កុម្មុយនីស្ត។ ចរន្ត​ទី ១ កើត​នៅ​អាស៊ីអាគ្នេយ៍។

ចរន្ត​ទី ២. គឺ​ចាប់ផ្តើម​ក្នុង​ទសវត្សរ៍​ឆ្នាំ ២០០០ ដូចជា​បដិវត្តន៍ ប៊ុលដូស័រ (Bulldozer Revolution) ក្នុង​អតីត​យូហ្គោស្លាវី​ឆ្នាំ ២០០០, បដិវត្តន៍​ផ្កា​កុលាប​នៅ​ចចជៀ (Rose Revolution) ឆ្នាំ ២០០៣,បដិវត្តន៍​ពណ៌​ទឹកក្រូច (Orange Revolution) នៅ​អ៊ុយក្រែន​ឆ្នាំ ២០០៤, បដិវត្តន៍​ឯករាជ្យ (Cedar Revolution) នៅ​ឡេបាណន់​ក្នុង​ឆ្នាំ ២០០៥, បដិវត្តន៍​ពណ៌​ខៀវ (Blue Revolution) នៅ​កូវ៉ែត​ឆ្នាំ ២០០៥។ ចរន្ត​ទី ២ នេះ​គឺជា​បាតុកម្ម​មហាជន​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​បន្ទាប់ពី​ជម្លោះ​នៃ​ការ​បោះឆ្នោត​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​ឬ​ទម្លាក់​មេដឹកនាំ​ចេញ​ពី​អំណាច​ជាដើម។ ចរន្ត​ទី ២ កើតឡើង​ក្នុង​តំបន់​អឺរ៉ុប។

ចរន្ត​ទី ៣ គឺ​បដិវត្តន៍​ពណ៌​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​អារ៉ាប់​ស្ព្រីង (Arab Spring) ដែល​ជា​ចរន្ត​បដិវត្តន៍​ដើម្បី​សេរីភាព​របៀប​ជា​បាតុកម្ម​កុបកម្ម​ហើយ​នឹង​សង្គ្រាម​ស៊ីវិល​នៅក្នុង​ពិភព​អារ៉ាប់​ដោយ​ចាប់ផ្តើម​ថ្ងៃ​ទី ១៧ ខែ​ធ្នូ ឆ្នាំ ២០១០ នៅ​ទុយនីស៊ី (Tunesia Revoltion) រីក​រាលដាល​ទៅក្នុង​សម្ព័ន្ធ​អារ៉ាប់​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​និង​អាហ្វ្រិក​ខាង​ជើង​ដែល​ភាគច្រើន​កើតឡើង​ដោយ​ក្រុម​សិស្ស​ និស្សិត​យុវជន​ប្រើប្រាស់​បណ្តាញ​ព័ត៌មាន​សង្គម (Social Media) ធ្វើ​ជា​ឧបករណ៍​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ធ្វើ​បដិវត្តន៍។ ចរន្ត​ទី ៣ កើតឡើង​នៅ​មជ្ឈិមបូព៌ា។

ចរន្ត​បដិវត្តន៍​ពណ៌​ទី ៣ នេះ​បាន​កើតឡើង​ក្នុង​រដ្ឋ​មួយ​ចំនួន​ដូចជា​ទុយនីស៊ី អេហ្ស៊ីប លីប៊ី យេម៉ែន បារ៉ែន ស៊ីរី អាល់ហ្សេរី អ៊ីរ៉ាក់ ហ្ស៊កដង់ កូវ៉ែត ម៉ារ៉ុក ស៊ូដង់ ម៉ូរីស អូម៉ង់ អារ៉ាប៊ីសាអ៊ូឌីត ជីប៊ូទី សាហារ៉ា​ខាង​លិច ប៉ាឡេស្ទីន​ និង​ម៉ាលី​ជាដើម។ ចរន្ត​ទី ៣ នេះ​ក៏​ជះឥទ្ធិពល​មក​ដល់​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​ផង​ដែរ​ដូចជា​ចលនា​និស្សិត​ផ្កា​ព្រះអាទិត្យ (Sunflower Student Movement) ពី​ថ្ងៃ​ទី ១៨ ខែ​កុម្ភៈ​ដល់​ថ្ងៃ​ទី ១០ ខែ​មេសា ឆ្នាំ ២០១៤ ដោយ​ក្រុម​និស្សិត​ចូល​ទៅ​គ្រប់គ្រង​សភា​តៃវ៉ាន់ និង​ចលនា​ឆត្រ​ឬ​បដិវត្តន៍​ឆត្រ (Umbrella Movement/ Revolution) នៅ​ហុងកុង​នៅ​ខែ​កញ្ញា​ឆ្នាំ ២០១៤ ប្រើប្រាស់​គោលការណ៍​មិន​សហការ​របស់​មហាជន​ស៊ីវិល​ជាមួយ​រដ្ឋាភិបាល​ហុងកុង។

ជា​ការ​សង្កេត​ទូទៅ​ភាគច្រើន​បដិវត្តន៍​ពណ៌​នៅក្នុង​សម្ព័ន្ធ​អារ៉ាប់​នៃ​តំបន់​មជ្ឈិមបូព៌ា​និង​អាហ្វ្រិក​ខាង​លិច​បាន​ជោគជ័យ​ដោយ​អាច​ទាមទារ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​ការ​ផ្លាស់ប្តូរ​មេដឹកនាំ​ឬ​ការ​ទម្លាក់​មេដឹកនាំ​ចេញ​ពី​អំណាច​តែ​ម្តង​ក៏​ប៉ុន្តែ​បន្ទាប់ពី​ការ​ជោគជ័យ​មួយ​ភ្លែត​នេះ​ទៅ​ប្រទេស​ភាគច្រើន​ដែល​ឆ្លងកាត់​បដិវត្តន៍​ពណ៌​នេះ​បែរ​ជា​ធ្លាក់​ចូល​ទៅ​ក្នុង​អន្ទាក់​នៃ​ចលាចល​សង្គម​សង្គ្រាម​ស៊ីវិល​និង​ការ​ងើប​ឡើង​នៃ​ក្រុម​ភេរវកម្ម​ជាដើម​ដោយសារ​ទី ១.មេដឹកនាំ​ចាស់​មិន​ព្រម​ចាញ់​ហើយ​ប្រើ​ក្រុម​ឧត្តម​សេនីយ៍​ឲ្យ​តស៊ូ​ប្រដាប់​អាវុធ​ខ្លះ​ទៀត​គឺ​បដិសេធ​មិន​ចូលរួម​ការ​បោះឆ្នោត​នាំឲ្យ​អំណាច​រដ្ឋាភិបាល​ធ្លាក់​ចុះ​ក៏​ផ្ទុះ​ក្រុម​ភេរវកម្ម​ឡើង។

ឧទាហរណ៍​ថា​ថ្វី​ដ្បិត​តែ​សាដាមហ៊ូសេន​នៃ​អ៊ីរ៉ាក់​ជា​មេដឹកនាំ​ផ្តាច់ការ​តែ​អាច​គ្រប់គ្រង​ស្ថានការណ៍​រដ្ឋ​ទាំង​មូល​បាន​ប៉ុន្តែ​នៅពេល​សាដាម​ស្លាប់​បាត់​បែរ​ជា​ក្បាល​ម៉ាស៊ីន​រដ្ឋ​ខ្វះ​អ្នក​ដឹកនាំ​ដែល​អាច​ក្តោបក្តាប់​ទឹកដី​បាន។ គ្រប់​អ្នក​ស្រឡាញ់​សេរីភាព​ត្រូវ​ថ្លឹង​រវាង​ឃ្លា​ពីរ​គឺ​យក​ប្រទេស​មួយ​ដែល​គ្មាន​មេដឹកនាំ​ផ្តាច់ការ​ម្នាក់? ឬ​យក​ប្រទេស​មួយ​ដែល​គ្មាន​ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ? ដូរ​ច្បាស់​ជា​ដូរ​តែ​សន្សឹមៗ​កុំ​បំបោល​ក្រែង​មិន​ដល់​ដូច​ប្រាថ្នា។

ចំណែក​បដិវត្តន៍​នៅ​អាស៊ី-ប៉ាស៊ីហ្វិក​វិញ​ជាទូទៅ​មិន​បាន​ជោគជ័យ​ទេ។ នៅ​កម្ពុជា​វិញ​រដ្ឋាភិបាល​ក៏​ភ័យ​ព្រួយ​នឹង​បដិវត្តន៍​ពណ៌​ដែរ។ រដ្ឋ​ចាត់​ទុកថា​បាតុកម្ម​របស់​មហាជន​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ ២០១៣ ហើយ​និង​រឿង​ថ្មីៗ​នេះ​ទាក់ទង​នឹង​ការ​ចុះ​ទៅ​មើល​ព្រំដែន​ថា​ជា​ចេតនា​អាក្រក់​ដើម្បី​ចង់​បំផុស​ឲ្យ​មាន​បដិវត្តន៍​ពណ៌​ផ្តួលរំលំ​រដ្ឋាភិបាល​ភ្នំពេញ។ ថ្វីដ្បិត​តែ​គ្រប់​បដិវត្តន៍​ពណ៌​សុទ្ធតែ​កើតឡើង​ពី​បាតុកម្ម​មហាជន​ប៉ុន្តែ​មិនមែន​បាន​ន័យ​ថា​គ្រប់​បាតុកម្ម​មហាជន​គឺ​សុទ្ធតែ​នាំ​ទៅ​ដល់​បដិវត្តន៍​ពណ៌​នោះ​ទេ។ ម្យ៉ាង​ទៀត​បើ​ទោះ​ជា​បដិវត្តន៍​ពណ៌​កើត​មាន​នៅ​កម្ពុជា​ក៏​មិន​ជោគជ័យ​ដែរ។ ដោយសារ​ហេតុផល​ចំនួន​ប្រាំ៖

ទី ១. បដិវត្តន៍​ពណ៌​នៅ​តំបន់​មជ្ឈិមបូព៌ា​និង​អាហ្វ្រិក​ខាង​លិច​បាន​ជោគជ័យ​គឺ​ព្រោះ​តែ​ក្នុង​តំបន់​នោះ​មិន​មាន​ប្រទេស​ណា​មួយ​ជា​មហាអំណាច​ដែល​មាន​ទាំង​អំណាច​យោធា​និង​សេដ្ឋកិច្ច​គ្របដណ្តប់​ទៅ​លើ​ប្រទេស​ដទៃ​ឡើយ​ដូចនេះ​ទើប​ធ្វើឲ្យ​ប្រទេស​លោក​ខាង​លិច​មាន​អាមេរិកាំង​ជាដើម​អាច​លូក​ដៃ​ចូល​ជួយ​ក្រុម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ឲ្យ​ទទួល​បាន​ជោគជ័យ​ដោយ​ការ​ជួយ​នេះ​រាប់​ចាប់​តាំងពី​ការ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​គំនាប​ការទូត​និង​ការ​ជួយ​អាវុធ​ច្បាំង​ជាដើម​ជាក់​ស្តែង​នៅ​ប្រទេស​ស៊ីរី។ ប៉ុន្តែ​នៅ​អាស៊ី​គឺ​មាន​ចិន​ មាន​ជប៉ុន​មាន​ឥណ្ឌា​នឹង​មាន​ប្រយោជន៍​របស់​រុស្ស៊ី​ដ៏ច្រើន​ក្នុង​តំបន់​ជាពិសេស​ចិន​តែ​ម្តង។

ហេតុ​នេះ​បើ​គ្មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​មហាអំណាច​ខាង​លិច​បដិវត្តន៍​ពណ៌​ណា​ក៏ដោយ​មិន​ងាយ​នឹង​ទទួល​បាន​ជោគជ័យ​ឡើយ​ព្រោះ​គ្មាន​ការ​គាំទ្រ​ផ្នែក​ការទូត សេដ្ឋកិច្ច​ និង​អាវុធ។ ប្រទេស​លោក​ខាង​លិច​ណា​មួយ​ចង់​លូកដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​បណ្តា​រដ្ឋ​ក្នុង​អាស៊ី-ប៉ាស៊ីហ្វិក​ត្រូវ​មើល​ទឹកមុខ​ចិន​សិន។

ទី ២. នៅ​អាស៊ី​ប៉ាស៊ីហ្វិក និង​អាស៊ីអាគ្នេយ៍​ប្រទេស​ជាច្រើន​រួម​ទាំង​កម្ពុជា​ផង​ទើប​តែ​ឆ្លង​កាត់​សង្គ្រាម​មនោគមន៍​វិជ្ជា​សង្គ្រាម​ត្រជាក់ សង្គ្រាម​ស៊ីវិល​ដូចនេះ​ជា​ការ​ស្រាវជ្រាវ​គឺ​បណ្តា​ប្រទេស​ដែល​ធ្លាប់​ឆ្លង​កាត់​សង្គ្រាម​ថ្មីៗ​ក្នុង​រង្វង់​ពី ១០ ទៅ ២០ ឆ្នាំ​គឺ​បណ្តា​ប្រទេស​ទាំងនោះ​មិន​ងាយ​កើត​មាន​សង្គ្រាម​ទេ​ព្រោះ​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​នោះ​ស្អប់​សង្គ្រាម។

ថ្វី​ដ្បិត​តែ​កម្ពុជា​មាន​មនុស្ស​វ័យ​ក្មេង​អាយុ​ក្រោម​ ៣០ ឆ្នាំ​រហូត​ដល់ ៧០​ភាគរយ​នៃ​ប្រជាពលរដ្ឋ​សរុប​ក៏​ពិតមែន​តែ​យុវជន​មាន​គំនិត​បែកបាក់​មាន​ក្រុម​ផ្សេងៗ​គ្នា​មាន​និន្នាការ​នយោបាយ​ផ្សេងៗ​គ្នា​មិនមែន​ការ​រួបរួម​គ្នា​ឯកភាព​គ្នា​ក្នុង​ចំណោម​ក្រុម​យុវជន​ឡើយ។

ចំណែក​ការ​សិក្សា​គឺ​បើក​ទូលាយ​មិន​មាន​មនោគមន៍​វិជ្ជា​ជ្រុល​និយម​ដូច្នេះ​មិន​អាច​ទៅ​ប្រមូល​ផ្តុំ​គ្នា​ជា​កម្លាំង​ធំ​ដើម្បី​ធ្វើ​បដិវត្តន៍​ពណ៌​បាន​ឡើយ​បើ​ទោះ​ជា​មាន​ការ​ជួយ​ពី​គណបក្ស​ណា​ក៏ដោយ។

ទី ៣. ប្រទេស​ក្នុង​អាស៊ីអាគ្នេយ៍​ភាគច្រើន​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​អភិវឌ្ឍន៍​លឿន​កំណើត​សេដ្ឋកិច្ច​ខ្លាំង​ឧទាហរណ៍​ដូចជា​កម្ពុជា​កំណើត ៧-៨ ភាគរយ​ក្នុង​មួយ​ឆ្នាំៗ​គឺ​ពលរដ្ឋ​ភាគច្រើន​កំពុង​គិត​ពី​ការ​ប្រឹង​រក​មាន​រក​បាន​មិន​សូវ​ខ្វាយខ្វល់​ពី​រឿង​នយោបាយ​ទេ។ ស៊ី​ឆ្អែត​លែង​ឃ្លាន។ ដេក​លក់​លែង​ខ្លាច។ ថ្វីដ្បិត​មាន​អំពើ​ពុករលួយ​អយុត្តិធម៌​សង្គម​នៅ​មាន​ច្រើន​តែ​ផលវិជ្ជមាន​នៃ​ការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​នៅ​តែ​សំខាន់​ជាង​នយោបាយ។

ចំណែក​នៅ​មជ្ឈិមបូព៌ា​និង​អាហ្វ្រិក​ខាង​លិច​គឺ​នៅ​ក្រីក្រ​ជាង​អាស៊ីប៉ាស៊ីហ្វិក​ដោយសារ​តែ​សង្គ្រាម​ស៊ីវិល​សង្គ្រាម​សាសនា​និង​ការ​ឈ្លានពាន​ពី​លោក​ខាង​លិច​ធ្វើឲ្យ​តំបន់​ទាំង​មូល​បាត់​ស្ថិរភាព​នយោបាយ​ទាំង​ស្រុង​វិនិយោគ​ទុន​ខ្លាច​មិន​ហ៊ាន​ចូល​ទៅ​ដាក់​ទុន​រកស៊ី​សូម្បី​តែ​ក្រុមហ៊ុន​ប្រេង។ ពេល​ដែល​ភាពក្រីក្រ​ចូល​តាម​មាត់​ទ្វារ​សីលធម៌​មនុស្ស​ក៏​លោត​ចេញ​តាម​បង្អួច។ អសន្តិសុខ​នាំ​ឲ្យ​ប្រទេស​ក្រ។ ប្រទេស​ក្រ​នាំឲ្យ​ពលរដ្ឋ​ឃ្លាន​ហើយ​ល្ងង់។ ល្ងង់​និង​ឃ្លាន​ងាយ​ធ្វើឲ្យ​មនុស្ស​កើត​គំនិត​ដាច់​ខាត​យក​ជីវិត​ធ្វើ​ដើម​ទុន​ប្រឆាំង​ដាច់​ខាត​ការ​ជួញ​សង្គ្រាម។

ទី ៤. នៅ​មជ្ឈិម​បូព៌ា​និង​អាហ្វ្រិក​ខាង​លិច​ភាគច្រើន​បំផុត​គឺ​គោរព​សាសនា​អ៊ិស្លាម​បែប​និកាយ​ជ្រុល​និយម (Radicalism/ Fundamentalism) កើត​ជា​ការ​ឈ្លោះ​គ្នា​រវាង​សាសនា​និង​សាសនា​ឧទាហរណ៍​រវាង​អ៊ិស្លាម​ និង​គ្រិស្ត​សាសនា។ ដោយ​ក្រុម​ជនមូស្លីម​ស្អប់​ការ​ឈ្លានពាន​ស្អប់​មនុស្ស​លោក​ខាង​លិច​ស្អប់​សាសនា​គ្រិស្ត​តែ​ម្តង។ ក្រៅពី​នេះ​គេ​ច្បាំង​គ្នា​រវាង​និកាយ​សាសនា​មួយ​និង​និកាយ​សាសនា​មួយ​ទៀត​ឧទាហរណ៍​ថា​និកាយសូនី​ និង​និកាយ​ស៊ីអ៊ីត​ជាដើម។ ប៉ុន្តែ​ក្នុង​អាស៊ីប៉ាស៊ីហ្វិក​និយាយ​ជា​រួម​និង​អាស៊ីអាគ្នេយ៍​និយាយ​ដោយ​ឡែក​គឺ​មាន​សាសនា​ចម្រុះ​ទាំង​គ្រិស្ត​ទាំង​អ៊ិស្លាម​ ទាំង​ព្រះពុទ្ធ​ និង​សាសនា​ដទៃ​ទៀត​រស់នៅ​សុខសាន្ត​ជាមួយ​គ្នា​ជាទូទៅ​លើកលែង​ករណី​ជម្លោះ​សាសនា​នៅ​ភូមា​រវាង​ព្រះពុទ្ធ​និង​អ៊ិស្លាម។ លើស​ពី​នេះ​ហាក់​ដូច​មិន​ឃើញ​មាន​សាសនា​ណា​មួយ​ឬ​និកាយ​ក្នុង​សាសនា​ណា​មួយ​សូម្បីតែ​ក្នុង​អ៊ិស្លាម​សាសនា​ដោយ​បង្រៀន​នូវ​មនោគមន៍​វិជ្ជា​សាសនា​បែប​ជ្រុល​និយម​នោះ​ឡើយ។ ដូចនេះ​មនុស្ស​នៅ​អាស៊ីអាគ្នេយ៍​មិន​មាន​អត្តចរិត​ដាច់ខាត​ទេ។

ទី ៥. អាស៊ីអាគ្នេយ៍​គ្របដណ្តប់​ដោយ​តម្លៃ​អាស៊ី (Asian Way/ Asian Value) បើ​នៅ​ចិន​គឺ​គំនិត​ខុងជឺ​និយម​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​ចូល​ក្នុង​ផ្នត់​គំនិត​និង​អត្តចរិត​មនុស្ស​នៅ​អាស៊ីអាគ្នេយ៍។ គំនិត​ខុងជឺ​គឺ​ជា​ប្រព័ន្ធ​គំនិត​ដែល​មនុស្ស​​ឲ្យ​តម្លៃ​លើ​គ្រួសារ​​លើ​ឪពុក​ម្តាយ​លើ​រៀមច្បង​លើ​​រដ្ឋ​ធំ​ជាង​បុគ្គល​នីមួយៗ​នៅក្នុង​សង្គម។ ហេតុនេះ​ហើយ​ការ​​ទទួល​បាន​ត្រឹមតែ​សិទ្ធិ​បោះឆ្នោត​គឺ​ហាក់​ដូចជា​មាន​តម្លៃ​ធំធេង​ពេក​ទៅ​ហើយ​​សម្រាប់​គំនិត​ស្តីពី​ប្រជាធិបតេយ្យ​របស់​ជនជាតិ​តំបន់​អាស៊ីអាគ្នេយ៍​​នេះ៕