ភ្នំពេញៈ រាជរដ្ឋាភិបាលបានកំណត់យកខេត្តគោលដៅចំនួន ៣ ដើម្បីអភិវឌ្ឍសួនកសិឧស្សាហកម្មនៅកម្ពុជា (Agri-Food Industrial Park) ដោយធ្វើយ៉ាងណាឱ្យសួននេះមានលក្ខណពិសេសដូចតំបន់សេដ្ឋកិច្ចពិសេសដែរ ដើម្បីជំរុញការផលិត និងកែច្នៃផលិតកសិកម្មនៅកម្ពុជា។
គណៈកម្មការសម្របសម្រួលលើការសិក្សាអភិវឌ្ឍសួនកសិឧស្សាហកម្មនៅកម្ពុជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ថាប័នរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ សមាគម និងក្រុមហ៊ុនឯកជនពាក់ព័ន្ធនឹងវិស័យកសិកម្ម និងឧស្សាហកម្ម បានបើកកិច្ចប្រជុំលើកទី៣ក្នុងថ្ងៃទី ២៨ ខែមេសា ដើម្បីពិភាក្សាគ្នាលើការអភិវឌ្ឍសួនកសិឧស្សាហកម្មនៅកម្ពុជា ដោយក្នុងនោះបានជ្រើសរើសទីតាំងចំនួន ៣ ខេត្ត សម្រាប់រៀបចំបង្កើតសួនកសិឧស្សាហកម្ម រួមមាន ខេត្តបាត់ដំបង,កំពង់ស្ពឺ និងកំពង់ធំ។ ក្រៅពីនេះភាគីពាក់ព័ន្ធក៏បានពិភាក្សាបន្ថែមទៅលើរបកគំហើញគន្លឹះៗនៃការសិក្សាលើខ្សែចង្វាក់តម្លៃ ការសិក្សាកំណត់ផែនទីបទប្បញ្ញត្តិផ្សេងៗ ការពិភាក្សាពីសួនកសិឧស្សាហកម្ម និងបញ្ហាប្រឈមក្នុងការអភិវឌ្ឍវិស័យសួនកសិឧស្សាហកម្មនៅកម្ពុជា។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា សួនកសិឧស្សាហកម្មនេះ គឺជាការផ្តួចផ្តើមគំនិតដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ក្រសួងសេដ្ឋកិច្ច និងអង្គការ CAVAC មកពីអូស្ត្រាលី ដើម្បីជួយដល់ការពង្រីកទីផ្សារសម្រាប់ផលិតផលកសិកម្មកម្ពុជា។
លោកបន្ថែមថា សួនបែបនេះត្រូវតែមានលក្ខណពិសេសដូចតំបន់សេដ្ឋកិច្ចពិសេស ឬលើសនេះ ដើម្បីលើកទឹកចិត្តឱ្យវិស័យឯកជនចូលរួមវិនិយោគ ជាពិសេសការបង្កើតរោងចក្រសហគ្រាសក្នុងតំបន់នេះ ដើម្បីកែច្នៃផលិតផលកសិកម្មសំដៅជំរុញការនាំចេញផលិតផលដែលមានតម្លៃបន្ថែម ក៏ដូចជាបង្កើតការងារ និងជួយរកទីផ្សារឱ្យប្រជាកសិករផងដែរ។
លោកនិយាយថា៖ «នេះជាកិច្ចប្រជុំលើកទី ៣ ហើយ ប៉ុន្តែការសម្រេចយ៉ាងណាយើងនឹងដាក់ឆ្លងថ្នាក់ជាតិ ដើម្បីសម្រេចជាគោលការណ៍សិន ទើបយើងអាចបង្កើតជាក្របខ័ណ្ឌគោលនយោបាយ ឬយន្តការណាមួយ ដើម្បីលើកទឹកចិត្តវិស័យឯកជនឱ្យចូលរួម ដើម្បីដំណើរការការងារនេះ។ ជារឿងចាំបាច់ដែលវិស័យឯកជនត្រូវតែចូលរួមលើការងារនេះ ដោយនឹងមានការពិភាក្សាបន្តទៀត លើការស្វែងរកឥណទានពីធនាគាររដ្ឋ ឬធនាគារពាណិជ្ជ ធ្វើដៃគូ»។
លោក ចាន់ សុផល នាយកនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងអ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជាបានឱ្យដឹងថា ការវិនិយោគលើសួនកសិឧស្សាហកម្មនេះត្រូវចំណាយដើមទុនច្រើន ដែលខាងវិស័យឯកជនត្រូវការសិក្សាឱ្យបានច្បាស់មុននឹងវិនិយោគ។ លោក បន្តថា ខាងមជ្ឈមណ្ឌលសិក្សាគោលនយោបាយកំពុងសិក្សាយ៉ាងល្អិតល្អន់ពីតម្រូវការរបស់សហគ្រាសនីមួយៗ ជុំវិញការសាងសង់សហគ្រាសកែច្នៃកសិផលក្នុងសួនកសិឧស្សាហកម្មនេះចៀសវាងការសាងសង់ហើយមិនមានប្រតិបត្តិការ។
លោកបញ្ជាក់ថា៖ «បើមានការកសាងសួនកសិឧស្សាហកម្ម ដែលមានគុណភាពល្អត្រូវតែមានការគាំទ្រពីរដ្ឋាភិបាល ពិសេសលើហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ត្រូវតែមានតម្លៃទាប។ ដូចនេះ ទាល់តែមានអ្វីពិសេសទើបអាចទាក់ទាញគេបាន»។
តាមរបាយការណ៍ពីក្រសួងកសិកម្ម ការនាំចេញកសិផលទៅក្រៅប្រទេសក្នុងរយៈពេល ៤ ខែ ឆ្នាំ ២០២២ មានចំនួន ៤ ០៤០ ៧០៣,៦៩ តោន កើន ៥,៦០ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ក្នុងនោះការនាំចេញអង្ករ ស្រូវ ដំឡូងមីស្រស់ ចំណិតដំឡូងមីក្រៀម ម្សៅដំឡូងមី និងផលិតផលមួយចំនួនទៀតបានកើនឡើងគួរឱ្យកត់សម្គាល់៕