ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីកម្លាំងជំនាញគ្រាប់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់ (CMAC) របស់កម្ពុជាកាលពីថ្ងៃព្រហស្បតិ៍បានធ្វើការបោសសម្អាតគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ AN-M66 ឬ AN-M34 នៅពេលស្ដារកាយល្បាប់បាតទន្លេ នៅទន្លេបួនមុខ ក្បែរសណ្ឋាគារសុខាភ្នំពេញ និងទល់មុខព្រះបរមរាជវាំង ។
គ្រាប់បែក AN-M66 ឬ AN-M34 គឺជាប្រភេទគ្រាប់បែកមានឥទ្ធិពល និងថាមពលបង្កគ្រោះថ្នាក់ខ្ពស់បំផុតមួយដែលផលិតនៅសហរដ្ឋអាមេរិក ហើយវាត្រូវបានប្រើក្នុងអំឡុងសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹក និងទ័ពអាកាសអាមេរិក (USAAC) ។
វាមានប្រវែង ២២៩ សង់ទីម៉ែត្រ, អង្កត់ផ្ចិត ៥៩ សង់ទីម៉ែត្រ, ទម្ងន់ ៩២៩.៤៣ គីឡូក្រាម និងមានជាតិផ្ទុះប្រមាណ ៤៨២.១៨ គីឡូក្រាម ហើយវាមានសំបកពណ៌ដូចប្រេងអូលីវជាមួយនឹងឆ្នូតពណ៌លឿងនៅក្បាល និងកន្ទុយគ្រាប់ ។
គួរបញ្ជាក់ថា គ្រាប់បែកប្រភេទ AN-M66 ឬ AN-M34 បានទម្លាក់មកលើប្រទេសកម្ពុជាចំនួន ១១ គ្រាប់ក្នុងចំណោមគ្រាប់រាប់លានគ្រាប់ផ្សេងទៀត ហើយវាមានសមត្ថភាពបំផ្លាញក្នុងបរិមាណ ៣០ ទៅ ៦០ ភាគរយ ៕