សៀមរាប៖ ឧទ្យានអង្គរដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជាបានទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ៣៣,២០៥ នាក់ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២២ នេះ ពោលកើនឡើង ៦២២ ភាគរយ បើធៀបនឹងឆ្នាំមុន ។
សេចក្តីថ្លែងការណ៍របស់សហគ្រាសក្រុមហ៊ុនអង្គរ (Angkor Company Enterprise) បាននិយាយថា ឧទ្យាននេះទទួលបានប្រាក់ចំណូលសរុបចំនួន ១.៣៥ លានដុល្លារពីការលក់សំបុត្រ ក្នុងអំឡុងខែមករា ដល់ខែមេសា ឆ្នាំ២០២២ គឺកើនឡើង ៦២២ ភាគរយ បើធៀបនឹងឆ្នាំមុន ។
សម្រាប់តែខែមេសាមួយ ប្រាសាទអង្គរវត្តទទួលបានភ្ញៀវទេសចរបរទេសចំនួន ១៣,៣៦៥ នាក់ និងរកចំណូលបាន ៥៣៧,០០០ ដុល្លារពីការលក់សំបុត្រ ។
ទន្ទឹមនោះ មន្ត្រីទេសចរណ៍បាននិយាយថា ការងើបឡើងវិញនៃភ្ញៀវទេសចរនេះ គឺជាលទ្ធផលពីការបើកប្រទេសឡើងវិញដើម្បីទទួលអ្នកដំណើរមកកាន់កម្ពុជាសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ ១៩ ពេញដូស ក៏ដូចជាមិនតម្រូវឲ្យធ្វើចត្តាឡីស័ក ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ មក ។
ចំណែកអ្នកនាំពាក្យក្រសួងទេសចរណ៍កម្ពុជាបាននិយាយថា “បច្ចុប្បន្នប្រាសាទអង្គរវត្តទទួលបានភ្ញៀវទេសចរបរទេសប្រហែល ៤០០ នាក់ក្នុងមួយថ្ងៃ ពោលកើនឡើងពី ៧០ នាក់ក្នុងមួយថ្ងៃ នៅអំឡុងពេលកំពុងផ្ទុះឆ្លងរាតត្បាតនៃជំងឺកូវីដ ១៩ កាលពីពីរឆ្នាំមុន” ៕