ភ្នំពេញៈ ក្រុមហ៊ុនធំៗរបស់អាមេរិកមួយចំនួនមកពីវិស័យថាមពល និងប្រេងកាត រថយន្ត ហិរញ្ញវត្ថុ បច្ចេកវិទ្យា និងសុខាភិបាលបានបង្ហាញនូវការចាប់អារម្មណ៍ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្នុងវិស័យទាំងនេះ ដើម្បីចាប់យកឱកាសរីកចម្រើន ស្របទីផ្សារកម្ពុជាមានតម្រូវការខ្ពស់។
គណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិកអាស៊ាន (US-ABC) ដឹកនាំដោយឯកអគ្គរដ្ឋទូត Michael W. Michalak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (US-ABC) អមដំណើរពីលោក Jack Myint នាយកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ប្រចាំកម្ពុជា មីយ៉ាន់ម៉ា និងឡាវ លោក Benjamin V. Wohlauer អនុប្រធានបេសកកម្មនៃស្ថានទូតអាមេរិកប្រចាំកម្ពុជា និងគណៈប្រតិភូរបស់ក្រុមហ៊ុន Amazon ក្រុមហ៊ុន Chevron ក្រុមហ៊ុន Conoco Phillips ក្រុមហ៊ុន ExxonMobil ក្រុមហ៊ុន Ford ក្រុមហ៊ុន Meta ក្រុមហ៊ុន Visa ក្រុមហ៊ុន Pernod Ricard និងក្រុមហ៊ុន RMA Group បានជួបប្រជុំជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយមានការអមជាមួយរដ្ឋមន្ត្រី និងមន្ត្រីក្នុងវិស័យពាក់ព័ន្ធជាច្រើននៅវិមានសន្តិភាពនៅព្រឹកថ្ងៃព្រហស្បតិ៍ទី ៥ ខែឧសភា។
លោក Michael Michalak បានថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ដែលបានជួយគាំទ្រក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ហើយបានសម្តែងនូវការគាំទ្រ និងអបអរសាទរចំពោះការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា។
លោក Michael Michalak ថ្លែងថា៖ «ភាពដឹកនាំរបស់សម្ដេចតេជោបានដើរតួនាទីបានយ៉ាងល្អសម្រាប់តំបន់ ជាពិសេសសម្រាប់បញ្ហានៅមីយ៉ាន់ម៉ា»។
លោកបានវាយតម្លៃខ្ពស់ចំពោះការចាត់វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ នៅកម្ពុជាដែលទទួលបានជោគជ័យឈានដល់ការបើកឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា និងអនុញ្ញាតឱ្យមានជំនួបដោយផ្ទាល់នាពេលនេះ។
ក្នុងជំនួបនេះ លោក Michael Michalak បានដឹកនាំក្រុមហ៊ុនចំនួន ១៣ ហើយបានបែងចែកចេញជា ៣ ក្រុម និងបានលើកមកពិភាក្សាលើបញ្ហាថាមពល ការបង្កើតរោងចក្រដំឡើងរថយន្តនៅខេត្តពោធិ៍សាត់ ការជំរុញសេដ្ឋកិច្ចឌីជីថល និងវិស័យសុខាភិបាល។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអរគុណដល់សហរដ្ឋអាមេរិកដែលបានផ្ដល់វ៉ាក់សាំងកូវីដ ១៩ John son &John son និង Pfizer ដល់កម្ពុជា។
លោកបានថ្លែងបញ្ជាក់ទៀតថា អំពីស្ថានភាពថាមពលរបស់កម្ពុជាដែលក្នុងនោះកម្ពុជាកំពុងប្រើប្រាស់អគ្គិសនី ផលិតដោយវារីអគ្គិសនីសរុបទាំងអស់មាន ៦៤,៣៩ ភាគរយ ថាមពលព្រះអាទិត្យ ៤,១% និងជីវឧស្ម័នចំនួន ០,២៨ ភាគរយ។
លោកបានស្វាគមន៍ ចំពោះការដំឡើងរោងចក្រដំឡើងរថយន្តនៅខេត្តពោធិ៍សាត់ ហើយបានលើកទឹកចិត្តឱ្យក្រុមហ៊ុនទាំងអស់បន្តវិនិយោគ និងស្វែងរកសក្តានុពលផ្សេងៗទៀត ដើម្បីវិនិយោគនៅកម្ពុជាក្នុងអនាគត។
លោក លឹម ហេង បានថ្លែងថា ជំនួបនេះគឺជាសញ្ញាមួយដ៏ល្អរបស់កម្ពុជាក្នុងការទាក់ទាញការវិនិយោគពីអាមេរិក ស្របពេលដែលជម្លោះពាណិជ្ជកម្មអាមេរិក-ចិន និងការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលជាកាលានុវត្តភាពដ៏ល្អសម្រាប់ក្រុមហ៊ុនអាមេរិក ដើម្បីពង្រីកអាជីវកម្ម និងវត្តមានកាន់តែច្រើនមកកាន់កម្ពុជា។
លោកបានថ្លែងយ៉ាងដូច្នេះថា៖ «យើងពិតជាចង់ឃើញវត្តមានក្រុមហ៊ុនអាមេរិកកាន់តែច្រើនមកកម្ពុជា ជាពិសេសក្នុងវិស័យកសិឧស្សាហកម្ម ព្រោះយើងមានវត្ថុធាតុដើមជាច្រើន និងធនធានរ៉ែជាច្រើន និងវិស័យថាមពល និងអេឡិចត្រូនិក ស្របពេលដែលយើងក៏ទទួលបានការអនុគ្រោះពន្ធទៅសហរដ្ឋអាមេរិក (GSP) ដែលក្រុមហ៊ុនអាមេរិកគួរពិចារណាក្នុងការបណ្តាក់ទុន»។
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិកក្នុងរយៈពេល ២ ខែដំបូងឆ្នាំ ២០២២ មានទឹកប្រាក់សរុបជាង ១,៧ ពាន់លានដុល្លារ កើនជិត ៥០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។
សម្រាប់ទឹកប្រាក់ដែលកម្ពុជានាំចេញទៅអាមេរិកក្នុងរយៈពេលខាងលើ គឺមានចំនួន ១ ៧១៧ លានដុល្លារ កើនឡើង ៥៣,៣៤ ភាគរយពីចំនួន ១ ១២០ លានដុល្លារ និងការនាំទំនិញពីអាមេរិកមកកម្ពុជាមានទឹកប្រាក់ ៦៣,៣ លានដុល្លារ ធ្លាក់ចុះ -៥,៨ ភាគរយពីចំនួន ៦៧,២ លានដុល្លារ។
ក្នុងឆ្នាំ ២០២១ ពាណិជ្ជកម្មទ្វេភាគីមានទឹកប្រាក់សរុប ៩ ១៥៩ លានដុល្លារកើនឡើង ៣២,៦១ ភាគរយធៀបឆ្នាំ ២០២០ ដែលមានចំនួន ៦៩០៦,៣ លានដុល្លារ។ តាមការិយាល័យពាណិជ្ជកម្មអាមេរិក៕