ភ្នំពេញ៖ កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ាន សម្រាប់មីយ៉ាន់ម៉ា បានពិភាក្សាលើប្រធានបទសំខាន់ៗចំនួន០៣ រួមមាន៖ ១.ក្របខ័ណ្ឌការរៀបចំការផ្តល់ជំនួយមនុស្សធម៌អាស៊ាន ២.ការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងប្រតិបត្តិការនៃការផ្តល់ជំនួយមនុស្សធម៌ និង៣.ក្របខ័ណ្ឌសម្រាប់ការគ្រប់គ្រងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមីយ៉ាន់ម៉ា។
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រេសិតពិសេសនៃប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា និងឯកឧត្តម លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ក្នុងតួនាទីជាអ្នកសម្របសម្រួលជំនួយមនុស្សធម៌អាស៊ាន បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ាន សម្រាប់មីយ៉ាន់ម៉ា តាមទម្រង់ផ្ទាល់នៅរាជធានីភ្នំពេញ និងតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២។
កិច្ចប្រជុំពិគ្រោះយោបល់នេះ ត្រូវបានផ្តួចផ្តើមឡើងដោយកម្ពុជា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ២០២២ ដោយមានកិច្ចសហប្រតិបត្តិការជាមួយអគ្គលេខាធិការអាស៊ាន ដែលនេះជាផ្នែកមួយនៃការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកស្រី ចយស៍ មស៊ូយ៉ា ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ និងជាអ្នកសម្របសម្រួលរងផ្នែកជំនួយសង្គ្រោះបន្ទាន់ ព្រមទាំងតំណាងជាន់ខ្ពស់មកពីបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ រួមទាំងក្រុមការងារមីយ៉ាន់ម៉ាទទួលបន្ទុកមនុស្សធម៌ ទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិ ដៃគូខាងក្រៅរបស់អាស៊ាន និងអង្គការអន្តរជាតិពាក់ព័ន្ធនានានៅមីយ៉ាន់ម៉ា។
អង្គប្រជុំបានពិភាក្សាលើប្រធានបទសំខាន់ៗចំនួន ០៣ រួមមាន ១) ក្របខ័ណ្ឌការរៀបចំការផ្តល់ជំនួយមនុស្សធម៌អាស៊ាន ២)ការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងប្រតិបត្តិការនៃការផ្តល់ជំនួយមនុស្សធម៌ និង ៣)ក្របខ័ណ្ឌសម្រាប់ការគ្រប់គ្រងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមីយ៉ាន់ម៉ា។
ពាក់ព័ន្ធនឹងក្របខ័ណ្ឌការរៀបចំការផ្តល់ជំនួយមនុស្សធម៌អាស៊ាន អង្គប្រជុំបានឯកភាពថា មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (មជ្ឈមណ្ឌល AHA) ដោយមានការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយក្រុមការងារមីយ៉ាន់ម៉ាទទួលបន្ទុកជំនួយមនុស្សធម៌ នឹងធ្វើការកំណត់ទីតាំងនៃរដ្ឋ និងតំបន់នានាសម្រាប់ការអនុវត្តក្របខ័ណ្ឌនេះ។ រដ្ឋនិងតំបន់ទាំងនោះ រួមមាន កាយ៉ា កាយីន ម៉េកវ៉េ សឺហ្គាយ និងប៉ាហ្គូ។ លើសពីនេះ ដោយមានការយល់ព្រមពីក្រុមការងារមីយ៉ាន់ម៉ាទទួលបន្ទុកជំនួយមនុស្សធម៌ មជ្ឈមណ្ឌល AHA នឹងជួយសម្រួលដល់ការស្នើសុំដើម្បីបានចូលទៅកាន់តំបន់ដែលជំនួយមនុស្សធម៌គួរទៅដល់ តាមរយៈក្របខ័ណ្ឌនេះ ហើយក៏នឹងស្នើនូវបញ្ជីដៃគូអនុវត្តនានា។ ក្រុមការងារមីយ៉ាន់ម៉ាទទួលបន្ទុកជំនួយមនុស្សធម៌ក៏នឹងធ្វើការជាមួយគណៈកម្មាធិការសាមគ្គីភាព និងកសាងសន្តិភាព ដើម្បីធានាថាជំនួយមនុស្សធម៌នឹងត្រូវបានបញ្ជូនទៅសហគមន៍នានានៅមីយ៉ាន់ម៉ា ដែលក្នុងនោះរួមមានតំបន់របស់អង្គការប្រដាប់អាវុធជនជាតិភាគតិចផងដែរ។ ផែនការលម្អិតបន្ថែមទៀតដើម្បីអនុវត្តក្របខ័ណ្ឌនេះ នឹងត្រូវរៀបចំដោយមជ្ឈមណ្ឌល AHA និងក្រុមការងារមីយ៉ាន់ម៉ាទទួលបន្ទុកជំនួយមនុស្សធម៌។
ពាក់ព័ន្ធនឹងតម្រូវការក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកប្រតិបត្តិការផ្តល់ជំនួយមនុស្សធម៌ ក្រុមការងារមីយ៉ាន់ម៉ាទទួលបន្ទុកជំនួយមនុស្សធម៌បានឯកភាពខិតខំឱ្យអស់ពីសមត្ថភាពពន្លឿនការផ្តល់ជំនួយមនុស្សធម៌ ហើយជំរុញឱ្យមជ្ឈមណ្ឌល AHA និងដៃគូអនុវត្តនានា ផ្តល់ឯកសារចាំបាច់ជាមុន។ ពិសេសជាងនេះ ក្រុមការងារមីយ៉ាន់ម៉ាទទួលបន្ទុកជំនួយមនុស្សធម៌ក៏បានធានាអះអាងជាថ្មីថា សុវត្ថិភាព និងសន្តិសុខរបស់សមាជិកក្រុមការងារឆ្លើយតប និងវាយតម្លៃគ្រោះមហន្តរាយអាស៊ាន (ASEAN-ERAT) បុគ្គលិករបស់មជ្ឈមណ្ឌល AHA និងក្រុមត្រួតពិនិត្យអាស៊ាន គឺជាអាទិភាពចម្បងរបស់ខ្លួន ព្រមទាំងបានសន្យាផ្តល់នូវកិច្ចសហប្រតិបត្តិការ និងការគាំទ្រដល់ក្រុមត្រួតពិនិត្យអាស៊ាន ដើម្បីអាចបំពេញនូវតួនាទីរបស់ខ្លួន ស្របតាមឯកសារប្រតិបត្តិដែលបានអនុម័តនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៤។ ជាងនេះទៀត កិច្ចប្រជុំក៏បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ក្រុមការងារមីយ៉ាន់ម៉ាទទួលបន្ទុកជំនួយមនុស្សធម៌ក្នុងការអនុញ្ញាតឱ្យមជ្ឈមណ្ឌល AHA ធ្វើការវាយតម្លៃតម្រូវការរួម និងអនុវត្តដំណាក់កាលទី២ នៅក្នុងតំបន់ដែលពិបាកទៅដល់។
ចំពោះក្របខ័ណ្ឌគ្រប់គ្រងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមីយ៉ាន់ម៉ាដែលបានស្នើឡើង កិច្ចប្រជុំ បានកត់សម្គាល់ថា ក្របខ័ណ្ឌនេះនឹងផ្តល់ឱកាសសម្រាប់ដៃគូដើម្បីរួមគ្នាផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលត្រូវការ ប្រកបដោយសុវត្ថិភាពនិងទាន់ពេលវេលា។ លើសពីនេះ មជ្ឈមណ្ឌល AHA និងក្រសួងសុខាភិបាលមីយ៉ាន់ម៉ាបានព្រមព្រៀងគ្នាអនុវត្តក្របខ័ណ្ឌចាក់វ៉ាក់សាំងរួមគ្នារវាងក្រសួងសុខាភិបាលមីយ៉ាន់ម៉ានិងដៃគូ នៅតំបន់ដែលពិបាកទៅដល់។ នៅក្រោមក្របខ័ណ្ឌនេះ ក្រុមការងារប្រតិបត្តិដែលមាន៥០ភាគរយមកពីក្រសួងសុខាភិបាលមីយ៉ាន់ម៉ា និង ៥០ភាគរយទៀតមកពីដៃគូប្រតិបត្តិ នឹងត្រូវបញ្ជូនទៅផ្តល់វ៉ាក់សាំងនៅសហគមន៍ដែលត្រូវការចាំបាច់។ មជ្ឈមណ្ឌលAHA ក្រោមកិច្ចពិគ្រោះយោបល់ជាមួយក្រសួងសុខាភិបាលមីយ៉ាន់ម៉ា នឹងកំណត់ និងផ្ទៀងផ្ទាត់តំបន់និងទីតាំង ដែលត្រូវការវ៉ាក់សាំងកូវីដ-១៩ ក៏ដូចជាកំណត់ដៃគូប្រតិបត្តិនានា ដើម្បីគាំទ្រដល់ការគ្រប់គ្រងវ៉ាក់សាំងនៅមីយ៉ាន់ម៉ា។ កិច្ចប្រជុំក៏បានស្វាគមន៍ការប្ដេជ្ញាចិត្ដរបស់ក្រសួង សុខាភិបាលមីយ៉ាន់ម៉ា ក្នុងការលើកលែងពន្ធ និងសម្របសម្រួលការនាំចូលវ៉ាក់សាំងទៅក្នុងមីយ៉ាន់ម៉ា។ ក្រុមការងារមីយ៉ាន់ម៉ាបានអះអាងជាថ្មីជូនអង្គប្រជុំថានឹងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីធានាថា ជំនួយមនុស្សធម៌និងវ៉ាក់សាំងដែលផ្ដល់ពីអាស៊ាន និងដៃគូផ្សេងទៀត នឹងបានទៅដល់សហគមន៍នៅមីយ៉ាន់ម៉ា រួមទាំងតំបន់របស់អង្គការប្រដាប់អាវុធជនជាតិភាគតិច ដែលតំបន់ទាំងនេះក៏មានជំរុំជនបាត់បង់ទីលំនៅក្នុងស្រុក និងសហគមន៍រងផលប៉ះពាល់ផងដែរ ហើយការធ្វើដូចនេះនឹងប្រាកដថាគ្មាននរណាម្នាក់និងគ្មានទីតាំងណាមួយត្រូវបានគេទុកចោលនោះឡើយ។ ក្រុមការងារមីយ៉ាន់ម៉ា ក៏បានបញ្ជាក់សារជាថ្មីថានឹងបន្ដធ្វើការជាមួយមជ្ឈមណ្ឌល AHA នៅរដ្ឋរ៉ាខាញ ដើម្បីអនុវត្ដអនុសាសន៍ការវាយតម្លៃតម្រូវការបឋម និងជំនួយមនុស្សធម៌អាស៊ានដំណាក់កាលទីពីរនៅមីយ៉ាន់ម៉ា។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន បានគូសបញ្ជាក់ពីភាពចាំបាច់នៃការធានាឱ្យបានថា កម្មវិធីមនុស្សធម៌នៅមីយ៉ាន់ម៉ាមានឥទ្ធិពលយូរអង្វែង ក្នុងការដោះស្រាយការព្រួយបារម្ភអំពីបញ្ហាមនុស្សធម៌ ដែលសហគមន៍រងផលប៉ះពាល់បាននិងកំពុងជួបប្រទះ។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី ក៏បានលើកទឹកចិត្ដឱ្យមានការធ្វើលទ្ធកម្ម ដឹកជញ្ជូន និងចែកចាយសម្ភារៈជំនួយមនុស្សធម៌ រួមទាំងវ៉ាក់សាំងកូវីដ-១៩ ទៅមីយ៉ាន់ម៉ា ឱ្យបានទាន់ពេលវេលា ប្រសិទ្ធភាព សុវត្ថិភាព និងគ្មានការរើសអើង។ ឯកឧត្ដមបានសង្កត់ធ្ងន់ថា ការចូលទៅដល់ទីកន្លែង សុវត្ថិភាព និងសន្ដិសុខរបស់ភាគីប្រតិបត្តិ រួមទាំងក្រុមត្រួតពិនិត្យអាស៊ានផងដែរនោះ ត្រូវតែបានទទួលការធានា។
កិច្ចប្រជុំក៏បានស្វាគមន៍នូវការប្តេជ្ញាចិត្តកម្រិតខ្ពស់ដែលត្រូវការជាចាំបាច់ពីអាស៊ាន និងអង្គការសហប្រជាជាតិ ក្នុងការឆ្លើយតបរួមគ្នាចំពោះស្ថានភាពមនុស្សធម៌នៅមីយ៉ាន់ម៉ា ហើយក៏បានគាំទ្រកិច្ចប្រឹងប្រែងពង្រីកដៃគូរបស់មជ្ឈមណ្ឌល AHA សម្រាប់គម្រោងជំនួយមនុស្សធម៌រយៈពេលវែង។ កិច្ចប្រជុំបានកោតសរសើរកម្ពុជាដែលបានកំណត់កិច្ចប្រឹងប្រែងជំនួយមនុស្សធម៌នៅមីយ៉ាន់ម៉ា ជារបៀបវារៈរបស់កម្ពុជា អំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ានក្នុងឆ្នាំនេះ។ កិច្ចប្រជុំទន្ទឹងរង់ចាំវឌ្ឍនភាពបន្ថែមទៀតចំពោះក្របខ័ណ្ឌជំនួយមនុស្សធម៌អាស៊ាននៅមីយ៉ាន់ម៉ា ដោយផ្អែកលើស្មារតី “អាស៊ានតែមួយ ការឆ្លើយតបតែមួយ” ដែលនឹងបំពេញបន្ថែមលើការអនុវត្ដការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច៕