រុស្ស៊ី៖ ទង់ជាតិពណ៌ក្រហមរបស់អតីតសូវៀត និងខ្សែបូយោធាឆ្នូតលឿងទំ និងខ្មៅត្រូវបានដាក់តាំងបង្ហាញនៅក្នុងទីក្រុង និងទីប្រជុំជននានារបស់រុស្ស៊ី។ ចំណែកតំបន់ជិតខាងជាច្រើនកំពុងរៀបចំការប្រគំតន្ត្រីថ្ងៃឈប់សម្រាក។
ក្រុមអតីតយុទ្ធជនកំពុងនាំយកកម្រងផ្កាទៅដាក់នៅវិមានអនុស្សាវរីយនានា រំឭកដល់សង្គ្រាមស្នេហាជាតិដ៏អស្ចារ្យដូចដែលសង្គ្រាមលោកលើកទី២ ត្រូវបានគេស្គាល់នៅក្នុងប្រទេសនេះ។ ពេលក្រឡេកមើលដំបូង ការរៀបចំសម្រាប់ការប្រារព្ធទិវាជ័យជម្នះនៅថ្ងៃចន្ទនេះ ជាការរំឭកដល់ការបរាជ័យរបស់ពួកណាស៊ីអាល្លឺម៉ង់ក្នុងឆ្នាំ១៩៤៥ ហាក់ដូចជាមិនធ្លាប់មានពីមុនមក។ ប៉ុន្តែអារម្មណ៍ឆ្នាំនេះខុសគ្នាស្រឡះពីឆ្នាំមុន ឆ្នាំនេះព្រោះទាហានរុស្ស៊ីកំពុងវាយប្រយុទ្ធកាប់សម្លាប់គ្នាជាថ្មីទៀតហើយ។ មកទល់នឹងពេលនេះ ការប្រយុទ្ធដែលបានឈានចូលដល់សប្តាហ៍ទី១១ ហើយនោះកំពុងបន្តនៅក្នុងប្រទេសជិតខាងអ៊ុយក្រែន ប្រឆាំងនឹងអ្វីដែលរដ្ឋាភិបាលបានហៅថាជាយុទ្ធនាការប្រឆាំងនឹងពួកណាស៊ី។
អារម្មណ៍ពោរពេញដោយមោទនភាព និងអារម្មណ៍ស្នេហាជាតិ ជាធម្មតាត្រូវបានផ្សារភ្ជាប់ទៅនឹងថ្ងៃឈប់សម្រាកដ៏សំខាន់បំផុតរបស់រុស្ស៊ី ដែលត្រូវបានប្រារព្ធដោយក្បួនព្យុហយាត្រាកងទ័ពដ៏ធំ និងគ្រឿងសព្វាវុធយោធាកាត់តាមទីលានចតុរង្គក្រហម កំពុងលាយឡំជាមួយអារម្មណ៍ភ័យខ្លាច និងអារម្មណ៍អន្ទះសា ចំពោះអ្វីដែលកំពុងកើតឡើងសម្រាប់ទិវាជ័យជម្នះនៅឆ្នាំនេះ៕