នៅមាត់សមុទ្រនៃរដ្ឋធានីរបស់ប្រទេសជប៉ុន ៖ ថ្មីៗនេះ កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានទម្លាក់តម្រុយអំពីការផ្លាស់ប្ដូរយុទ្ធសាស្ត្ររបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
កាលពីខែមីនា នាវាចម្បាំងនៃកងទ័ពជើងទឹកអាមេរិក និងកងកម្លាំងស្វ័យការពារដែនសមុទ្របានធ្វើសមយុទ្ធបាញ់គ្រាប់ Torpedo (គ្រាប់ពន្លិចនាវាមុជទឹក) នៅក្នុងឈូងសមុទ្រតូក្យូជាលើកដំបូង។ នៅលើអាកាសឧទ្ធម្ភាគចក្រ MH-60R បានធ្វើការហាត់សមបាញ់គ្រាប់ Torpedo នៅក្នុងដែនទឹកជប៉ុនតាមក្បួនវាយប្រហារលើនាវាមុជទឹក។ ការសមយុទ្ធបែបនេះមុនៗ គឺធ្វើឡើងនៅដែនទឹកនៃរដ្ឋកាលីហ័្វរនីញ៉ារបស់សហរដ្ឋអាមេរិក ហើយមិនដែលកើតឡើងនៅដែនទឹកជប៉ុនទេ។
ការសមយុទ្ធនេះ ក៏បានធ្វើឡើងខណៈពេលដែលកងទ័ពជើងទឹកអាមេរិកស្ងាត់ៗកំពុងធ្វើការផ្លាស់ប្ដូរសមាសធាតុនាវាចម្បាំងរបស់ខ្លួនដែលដាក់ពង្រាយនៅប្រទេសជប៉ុន ដោយនាំយកនាវាថ្មីៗទំនើបៗ និងមានសមត្ថភាពកាន់តែច្រើន ឱ្យខិតមកជិតច្រកសមុទ្រតៃវ៉ាន់។ នេះគឺឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរអាទិភាពនៃបេសកកម្មសកលរបស់ពួកគេ។
ចាប់តាំងពីកណ្ដាលឆ្នាំមុនមក នាវាចម្បាំងប្រភេទ Arleigh Burke ចំនួន ៥ គ្រឿង បានធ្វើដំណើរទៅដល់មូលដ្ឋានជើងទឹកយូកូស៊ូកា ដែលជាមូលដ្ឋានកងទ័ពជើងទឹកធំបំផុតរបស់អាមេរិកនៅទឹកដីបរទេស។ នាវាទាំង ៥ នេះ ជំនួសនាវាចាស់ៗដូចជា USS John S. McCain និង USS Curtis Wilbur ដែលដាក់ពង្រាយជាប្រចាំនៅជប៉ុនអស់រយៈពេល ២៥ ឆ្នាំចុងក្រោយនេះ។
ខណៈពេលដែលនាវាចាស់ទាំងនេះ គឺមានសមត្ថភាពផ្ដោតលើការបាញ់ទម្លាក់មីស៊ីលអន្តរទ្វីប (ICBM) ជាពិសេសបាញ់មកពីកូរ៉េខាងជើង នាវាថ្មីៗដែលទៅជំនួសពួកគេ គឺមានសមត្ថភាពពហុមុខងារ។ ពួកគេអាចចូលរួមក្នុងការការពារដែនអាកាសពីយន្តហោះចម្បាំង តាមដាន និងពន្លិចនាវាមុជទឹក និងការពារខ្លួនឯងពីមីស៊ីលប្រឆាំងនាវា ខណៈពេលដែលនៅរក្សាសមត្ថភាពបាញ់ទម្លាក់មីស៊ីល ICBM។
នាវាចម្បាំងថ្មីចំនួន ៤ គ្រឿង គឺជាជំនាន់ Flight IIA ដែលមានបំពាក់កន្លែងស្តុក និងចុះចតឧទ្ធម្ភាគចក្រ MH-60R ដែលជាប្រភេទឧទ្ធម្ភាគចក្រចូលរួមការសមយុទ្ធខាងលើនេះ។ ឧទ្ធម្ភាគចក្រប្រភេទនេះអាចបំពាក់ដោយ ប្រព័ន្ធរ៉ាដា ប៉ោលតាមដាននាវាមុជទឹក គ្រាប់ Torpedo មីស៊ីលប្រឆាំងនាវា ធ្វើឱ្យវាមានសមត្ថភាពស្វែងរកតាមដាន និងបាញ់ប្រហារនាវាស្ទើរតែគ្រប់ប្រភេទ។ គេចាត់ទុកវាថា ជាអាវុធចម្បងរបស់កងទ័ពជើងទឹកអាមេរិកក្នុងសង្គ្រាមប្រឆាំងនាវាមុជទឹក ហើយត្រូវបានគេរំពឹងផ្នែកដ៏សំខាន់មួយនៃប្រតិបត្តិការប្រឆាំងប្រទេសចិន និងរុស្ស៊ី។
នៅក្នុងសមយុទ្ធឈូងសមុទ្រតូក្យូឧទ្ធម្ភាគចក្រ MH-60R បានចេញពីមូលដ្ឋានដីគោកក្នុងជប៉ុន ប៉ុន្តែការមានមូលដ្ឋាននៅលើនាវាចម្បាំងប្រភេទនេះនឹងផ្ដល់សមត្ថភាពហោះកាន់តែឆ្ងាយ។
ក្នុងចំណោមនាវាថ្មីនៅយូកូស៊ូកានាវា USS Howard USS Dewey USS Ralph Johnson និង USS Rafael Peralta គឺជានាវាជំនាន់ Flight IIA។ នាវាទាំងនេះមានកន្លែងស្តុក និងចុះចតឧទ្ធម្ភាគចក្រចំនួន ២ រួមមានកន្លែងឃ្លាំងឧបករណ៍ រោងជាង ឃ្លាំងអាវុធ និងកន្លែងស្នាក់នៅបន្ថែមសម្រាប់ក្រុមឧទ្ធម្ភាគចក្រ។
នាវា USS Higgins គឺនាវាថ្មីតែមួយគត់ដែលមិនអាចផ្ទុកឧទ្ធម្ភាគចក្របាន ប៉ុន្តែមានប្រដាប់ប្រព័ន្ធការពារដែនអាកាស Baseline 9 Aegis ដែលអាចមានសមត្ថភាពបាញ់ទម្លាក់មីស៊ីលអន្តរទ្វីបកាន់តែលឿន។
សរុបមកអាមេរិកបានបញ្ជូននាវាចម្បាំងចំនួន ១៣ គ្រឿង ទៅកាន់មូលដ្ឋានយូកូស៊ូកា ដែលរួមមាននាវាដឹកយន្តហោះ USS Ronald Reagan។ ចេញពីយូកូស៊ូកា នាវាទាំងនេះត្រូវការពេលត្រឹមតែ ១ ថ្ងៃកន្លះប៉ុណ្ណោះ ដើម្បីធ្វើដំណើរទៅកាន់ច្រកសមុទ្រតៃវ៉ាន់។ នេះគឺឆាប់ជាងការធ្វើដំណើរពីកោះហ្គាំ (១,៩ ថ្ងៃ) ហាវ៉ៃ (៥,៩ ថ្ងៃ) និងមូលដ្ឋានឆ្នេរខាងលិចសហរដ្ឋអាមេរិក (ជាង ១ សប្ដាហ៍)។
ក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងជប៉ុន-អាមេរិក ការបង្កើនវត្តមាននៃកងទ័ពជើងទឹកអាមេរិក គឺតែងតែប្រឈមនឹងការកើនឡើងភាពតានតឹង។ ជាឧទាហរណ៍នៅពេលដែលនាវាដឹកយន្តហោះ USS George Washington បានធ្វើដំណើរទៅដល់យូកូស៊ូកាក្នុងនាមជានាវាដើរដោយថាមពលនុយក្លេអ៊ែរដំបូងដែលបានដាក់ពង្រាយទៅទីនោះ នាវានេះត្រូវបានស្វាគមន៍ដោយក្រុមបាតុករជប៉ុនជាច្រើននាក់។
ប៉ុន្តែដោយសារភាពតានតឹងថ្មីនេះជាមួយប្រទេសក្នុងតំបន់បានធ្វើឱ្យមានការប្រែប្រួលមតិសាធារណជនជប៉ុន។ ការស្ទង់មតិដោយកាសែត Nikkei Asia បានបង្ហាញថា អ្នកឆ្លើយសំណួរជាង ៧៤ ភាគរយ បង្ហាញការគាំទ្រចំពោះការចូលរួមរបស់ជប៉ុនក្នុងការជួយដោះស្រាយបញ្ហាកោះតៃវ៉ាន់ ខណៈពេលដែលត្រឹមតែ ១៣ ភាគរយប៉ុណ្ណោះបានបង្ហាញការប្រឆាំង៕